ជាតិ
សេដ្ឋកិច្ច
លោក ណៅ ធួក៖ ហេតុអ្វីអ្នកគៃបំបាត់ប្រេងពីអ្នកទិញ អត់មានផាកពិន័យ ឬផ្តន្ទាទោស?
× លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដែងការងឿងឆ្ងល់ទាក់ទងនឹងចំណាត់ការរបស់មន្ត្រីកាំកុងត្រូលលើអ្នកដែលគៃបំបាត់ប្រេងពីអ្នកទិញ។
តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក ណៅ ធួក បានសរសេរថា៖ «ព្រឹកមិញនេះ ថ្ងៃទី១៤ ខែវិច្ឆិកា ២០១៨ ខ្ញុំបានឮទូរទស្សន៍អប្សារាផ្សាយថា មន្ត្រីកាំកុងត្រូលបានរកឃើញស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនបានគៃបំបាត់ប្រេងពីអ្នកទិញពី ៣ ទៅ ១០ភាគរយ! តែគួរឱ្យឆ្ងល់! អត់មានផាកពិន័យ ឬផ្តន្ទាទោសបន្តិចសោះ! គ្រាន់តែធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្ត!»។
រដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ បានចោទបន្ថែមថា៖ «ចុះប្រេងដែលលួចរាប់ឆ្នាំមកហើយអស់រាប់ពាន់រាប់ម៉ឺនលីត្រ តើគិតយ៉ាងណា? ហេតុអ្វីចោរលួចកង់ ម៉ូតូ ដែលមានតម្លៃតែបន្តិចបន្តួចសោះ ហេតុអ្វីត្រូវជាប់គុក? ឯចោរដែលលួចប្រេងអស់វាល់ម៉ឺនរាប់សែនដុល្លា គ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់?»។
ការលើកឡើងរបស់លោក ណៅ ធួក មានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គម ដោយពួកគេចង់ឃើញចំណាត់ការតឹងរ៉ឹង លើអ្នកដែលចូលចិត្តគៃបន្លំអតិថិជិន ពោលគឺមិនមែនត្រឹមតែប្រេងឥន្ធនៈនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com