កីឡាជាតិ
ជាតិ
ចាន់ រតនា ថា​នឹង​បង្ហាញ​ស្នៀត​ថ្មី​លើស​ង្វៀន ONE: Destiny of Champions នៅ​ម៉ាឡេស៊ី​
15, Nov 2018 , 10:59 pm        
រូបភាព
ដោយ៖ Matias Andres
 
​ចាន់ រតនា ទើបបាន​ចុះកិច្ចសន្យា​ផ្លូវការ​ជាថ្មី​ម្តង​ទៀតហើយ ក្រោយពី​ទន្ទឹង​ចាំ​ជា​យូ​មកហើយ​សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ដែល​ប្រ​ព្រិ​ត្តិ​ទៅ​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។​

 
​ជើង​ខ្លាំង​ខាង​គុន​ខ្មែរ​ល្បីល្បាញ​រូបនេះ នឹងត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​កំពុង​រះ​របស់​ឥណ្ឌូណេស៊ី Abro Fernandes នៅ​កីឡដ្ឋាន Axiata Arena ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ 
 
​តាមពិតទៅ​ជំនួប​រវាង​អ្នក​ទាំងពីរ​នេះ​ត្រូវ​វាយ​តាំងពី​ថ្ងៃទី​៩ វិច្ឆិកា នៅ​សិង្ហ​បុរី​ក្នុង​ព្រឹត្តិការណ៍ ONE: HEART OF THE LION ប៉ុន្តែ​ដោយ​ភាគី​ខាង​ឥណ្ឌូណេស៊ី​មាន​របួស​ពេល​ហ្វឹកហាត់ ទើប​ធ្វើ​ឲ្យ​ការប្រកួត​ត្រូវ​ពន្យា​ពេល​វិញ​។​
 
​គ្រូបង្វឹក​គុន​ខ្មែរ​របស់​ក្លិប​សិល្បៈ វ័យ​៣២​ឆ្នាំ​បាន​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​នៅ​ក្លិប Selapak ចាប់តាំងពី​ទទួលដំណឹង​ថ្មីៗ​ថា​ខ្លួន​នឹង​ធ្វើជា​តំណាង​កម្ពុជា​ម្តងទៀត​លើស​ង្វៀន​ធំជាងគេ​នា​ទ្វីបអាស៊ី ONE Championship​។ 
 
​រតនា បាន​ប្រាប់​អ្នកយក​ពត៌មាន​នៅ​ក្លិប​កីឡារ​របស់ខ្លួន​ថា​៖ «​ខ្ញុំ​បាន​ត្រៀម​ស្មារតី​សម្រាប់​ការប្រកួត​នេះ​រួចហើយ ត្រៀម​តាំងពី​ត្រូវ​វាយ​នៅ​ថ្ងៃទី​៩​ម្ល៉េះ ហើយ​មកដល់​ឥឡូវ​ខ្ញុំ​បន់​ឲ្យ​តែ​ឆាប់​ដល់​ថ្ងៃ​ប្រកួត​ទេ​»​។ 
 
«​ខ្ញុំ​ចង់បង្ហាញ​អ្វីដែល​ថ្មី​ទៅ ONE Championship ឲ្យ​គេ​ចាប់អារម្មណ៍​ខ្ញុំ​ច្រើន​ជាងនេះទៀត​»​។​
 
​អ្នក​ប្រដាល់​ជើងចាស់ ចាន់ រតនា  មិនបាន​ចូល​ប្រកួត​ប្រដាល់​ចម្រុះ​តាំងពី​ឆ្នាំ ២០១៧​មក​ម្លេះ ប៉ុន្តែ​បាន​ហ្វឹកហាត់​ជាប្រចាំ​ក្នុងប្រទេស​និង​នៅក្រៅ​ប្រទេស ដូចជា​ភូមា​ជាដើម​ជាមួយ​កូនសិស្ស​របស់​គឺ​គឺ Phoe Thaw និង​ជាមួយ​អ្នកលេង​សាច់ដុំ Emmanuel Onyedikachi (OWS) ផងដែរ​។ 
 
​លោក Lorenzo Lanzafame ដែលជា​គ្រូបង្វឹក​ផ្ទាល់ កំពុង​ជួយ​រៀប​ស្នៀត​ត្រៀម​បន្ថែម​ទៅលើ​សមត្ថភាព និង ភាពខ្លាំង​ក្លា​របស់ រតនា ថែមទៀត​។​
 
Lanzafame និយាយ​ដោយមាន​ទំនុកចិត្ត​ថា​៖ «​ខ្ញុំ​ប្រាកដ​ណាស់​ថា​វា​នឹង​កក្រើក​សង្វៀន​មិន​ខាន ហើយ​ខ្ញុំ​ភ្នាល់​ថា​ទឹក​ទី​១ នឹង​ជា​ទឹក​ចុងក្រោយ​»​។​
 
​ចាប់តាំងពី​ប្រលូក​ក្នុង​វិស័យ​ក្បាច់គុន​ខ្មែរ​មក រតនា បង្ហាញ​ពី​ជំនឿ និង​មោទនភាព​របស់​ក្បាច់គុន​ខ្មែរ ដែលមាន​ប្រវត្តិ​ដ៏​យូ​លង់​តាំងពី​សម័យអង្គរ​មក​ម្លេះ​។ គាត់​ជឿជាក់ថា ចូល​វាយ​ក្នុង​ទ្រុង​ជាមួយ Fernandes នៅ​ខែធ្នូ នេះ​នឹង​ក្លាយជា​កំណត់ត្រា​មួយទៀត​ក្នុង​ប្រវត្តិសាស្ត្រ​។​
 
​យ៉ាងណាមិញ​គូប្រកួត​ជនជាតិ​ឥណ្ឌូណេស៊ី​លើក​នេះ នឹងមិន​ងាយស្រួល​ផ្តួល​ប៉ុន្មាន​ទេ គេ​មាន​ប្រវត្តិ​វៃ​ក្នុង​សង្វៀន ONE ឈ្នះ​បាន ៧​លើក​ជាប់ៗ​គ្នា​។ 
 
​រតនា ចង់បង្ហាញ​ពិភពលោក​ពី​ការរីកចម្រើន​ខ្លាំង​របស់គាត់​បន្ទាប់ពី​ការប្រកួត​ចុងក្រោយ​ជាង​មួយ​ឆ្នាំមុន​មក ហើយ​ការដើរ​ចូលក្នុង​ទ្រុង​លើក​នេះ នឹងមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​មិត្ត​រួម​ជាតិ និង​អ្នកគាំទ្រ​យ៉ាង​កុះករ​ផងដែរ​។​
 
​ចាន់ រតនា និយាយប្រាប់​ពី​អារម្មណ៍​ខ្លួន​៖ «​ពួកគាត់​ចង់​ឲ្យ​ខ្ញុំ​ឈ្នះ​រាល់​ការប្រកួត​។ វា​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ហើយ​ដែល​ធ្វើឱ្យ​ខ្ញុំ​តស៊ូ​វាយ​ឈ្នះ​គ្រប់​ការប្រកួត​ដែរ​។ ខ្ញុំ​ប្រកួត​មិន​សម្រាប់តែ​ខ្លួនឯង​ទេ ប៉ុន្តែ​ខ្ញុំ​ប្រកួត​សម្រាប់​អ្នកគាំទ្រ​របស់ខ្ញុំ​ទាំងអស់​ផងដែរ​។ តាមពិត​ខ្ញុំ​សប្បាយចិត្ត​ជាង ពេល​ឃើញ​អ្នកគាំទ្រ​ខ្ញុំ​សប្បាយចិត្ត​»​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com