ជាតិ
អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចង់ឃើញ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក រីក​ស្គុះស្គាយ​តទៅ​មុខ​
18, Nov 2018 , 3:34 pm        
រូបភាព
ប្រភព៖ហ្វេសប៊ុកក្រសួងការបរទេស
ប្រភព៖ហ្វេសប៊ុកក្រសួងការបរទេស
ដោយ:
​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួបពិភាក្សា​ជាមួយ​លោក Sullivan អនុរដ្ឋមន្ត្រី​ការបទេស​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​សិង្ហ​បុរី​។

 
​លោក ប្រាក់ សុខុន បាន​លើកឡើងថា ទោះបីជា​ប្រទេស​ទាំងពីរ មាន​ទស្សនៈ​ខុសគ្នា​ទាំង​ការយល់​ដឹងក្ដី ប៉ុន្តែ​យើង​គប្បី​ខិតខំ​បន្ត​សហប្រតិបត្តិការ​លើ​វិស័យ​ទាំងឡាយណា​ដែល​មិន​ភ្ជាប់​នឹង​ឧបសគ្គ​នយោបាយ ដោយ​ស្វែងរក​វិធី​បំ​ព្រួយ​នៃ​ភាពខុសគ្នា​នេះ​។ 
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន កម្ពុជា​នៅតែ​បន្ត​ទំនាក់ទំនង​ល្អជា​និច្ច​ជាមួយ​រដ្ឋាភិបាល​អាមេរិក ទោះបីជា​អាមេរិក​មិនទាន់​លើកលែង​រិត​ត្បិត​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ខ្មែរ​មួយចំនួន​ក្តី​។ ជាមួយគ្នានេះ កម្ពុជា​បាន​ច​ម្រេច​ឱ្យ​ចាប់ផ្ដើម​កម្មវិធី​ស្វែងរក​អ​ដ្ធិ​ធាតុ​ទាហាន​បាត់​ខ្លួន​អាមេរិក ក្នុង​សង្គ្រាម​នៅ​កម្ពុជា​។ ជាមួយគ្នានេះដែរ កម្ពុជា​បន្ត​សហការ ទទួល​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ​ពី​អាមេរិក ដោយ​សុខចិត្ត​ទទួល​ទាំង​ពលរដ្ឋ​ដែល​បាន​ទៅ​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៤​ផងដែរ​។​
 
​នា​ជំនួប​ដែរ លោក Sullivan បាន​ស្វាគមន៍​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការចាប់ផ្ដើម​ឡើងវិញ​នូវ​កម្មវិធី​ស្វែងរក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាមេរិក​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា ក្នុងការ​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី ដែលជា​អាទិភាព​មួយ​របស់​អាមេរិក ដែល​ក្នុងនោះ​មានដូចជា ការអនុគ្រោះ​ពន្ធ GSP និង​ការជួយ​ដល់​សកម្មភាព​មីន ជាដើម​។ លោក Sullivan បាន​លើកឡើងថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ​មាន​សក្តានុពល​ដ៏​ធំធេង ហើយ​ចង់ឃើញ​ទំនាក់ទំនង​នេះ រីក​ស្គុះស្គាយ​ទៅមុខ​។​
 
​អនុរដ្ឋមន្ត្រី​ការបរទេស​រូបនេះ ក៏បាន​ចោទសួរ​បញ្ជាក់​ទៅ លោក ប្រាក់ សុខុន ថា​តើ​ជាការ​ពិត​ទេ​ដែរ​ថា នឹងមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​? លោក ថា​ប្រសិន​ជាមាន​បែបនេះ​កើតឡើង​ពិតមែន​នោះ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី ហើយក៏​ជា​ក្ដីកង្វល់​ធំ​បំផុត​នៅពេលនេះ​ដែល​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដែល​បានលើកឡើង​។​
 
​ចំពោះ បញ្ហា​ទាក់ទង​នឹង​ព័ត៌មាន​ស្ដីពី​ការរៀបចំ​មូលដ្ឋាន​ជើង​ទឹក​នៅ​តំន់​ឆ្នេរសមុទ្រ​កម្ពុជា លោក ប្រាក់ សុខុន បាន​ឆ្លើយតប​ទៅ លោក Sullivan ដូច្នេះ​ថា ទាំងនេះ​ជា​ពាក្យ​ចចាមអារ៉ាម ដែល​កើតចេញពី​ការកើនឡើង​នៃ​ទំហំ​វិនិយោគ​របស់​ចិន នៅ​តំបន់​នោះ​ប៉ុណ្ណោះ​។ 
 
​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់ថា​៖ «​រដ្ឋធម្មនុញ្ញ​កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ ទឹកដី​របស់ខ្លួន និង​មិន​អនុ​ញ្ញា​ឱ្យមាន​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​បរ​ទេ​ឡើយ​។ លើកលែងតែ​ក្នុង​ក្របខណ្ឌ UN ដូចជា​ការបញ្ជូន​កង​ទ័ព​យើង​ទៅ​ចូលរួម​បេសកម្ម​រក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​(UN)​។ រាជរដ្ឋាភិបាល​កម្ពុជា​មិន​រំលោភ​រដ្ឋធម្មនុញ្ញ​ឡើយ​»៕

Tag:
 ប្រាក់ សុខុន​
  Sullivan
  កម្ពុជា​-​អាមេរិក​
  ផលប្រយោជន៍
© រក្សាសិទ្ធិដោយ thmeythmey.com