ជាតិ
សង្គមជាតិ
បុណ្យអុំទូក៖គណៈកម្មការរៀបចំបុណ្យជាតិ ត្រៀមកាណូត៣គ្រឿង ទុកសង្គ្រោះករណីលិចទូក
× ភ្នំពេញ៖ ការលិចទូកកើតឡើងជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យអុំទូក។ ដើម្បីជៀសវាងកុំឲ្យមានអ្នកបាត់បង់ជីវិត ដោយសារលិចទូកក្នុងពេលប្រណាំង ប្រធានគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យជាតិ លោក ប៊ូ ជុំសេរី បានរៀបចំកាណូត៣គ្រឿង រួចជាស្រេច សម្រាប់សង្គ្រោះ បើមានករណីលិចទូក ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យអុំទូក។
កាណូត៣គ្រឿងនេះ ត្រូវបានកងកម្លាំងកងទ័ពជើងទឹកដាក់ចតនៅត្រើយខាងកើតផង និងត្រើយខាងលិចផងនៃទន្លេចតុមុខ ដើម្បីត្រៀមជួយសង្គ្រោះអ្នកប្រណាំងទូក«ង»ឲ្យទាន់ពេលវេលា ក្នុងករណីលិចទូក ក្នុងអំឡុងពេលអុំទូក។ ក្រៅតែពីកាណូត៣គ្រឿងនេះ ក្រសួងសុខាភិបាល និងនគរបាល ក៏បានត្រៀមកាណូតរៀងៗខ្លួន សម្រាប់ជួយសង្គ្រោះកីឡាករអុំទូកផងដែរ។
នេះបើតាមលោក ប៊ូ ជុំសេរី ដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះ៖«មិនមែនមានតែកាណូត៣គ្រឿងនោះទេ ខាងពេទ្យ និងខាងប៉ូលិស ក៏មានកាណូតរបស់គេរៀងៗខ្លួន សម្រាប់ជួយសង្គ្រោះដែរ»។
លោក ប៊ូ ជុំសេរី ទទួលស្គាល់ថា ករណីលិចទូក តែងកើតឡើងរៀងរាល់ឆ្នាំ ដូច្នេះហើយបានជា គណៈកម្មការទូក តែងជ្រើសរើសអ្នកដែលចេះហែលទឹក មកអុំទូក។ យ៉ាងណាក៏ដោយ លោក ជុំសេរី អះអាងថាករណីលិចទូកកន្លងមក មិនបានបង្កឲ្យមានអ្នកបាត់បង់ជីវិតនោះទេ លើកលែងតែអ្នកអុំនោះ ជួបគ្រោះថ្នាក់ដោយសារចូលក្រោមកំពុងផែ និងសាឡុងជាដើម។
សូមរម្លឹកថា កាលពីឆ្នាំ២០១៧កន្លងទៅ មានទូកចំនួន៣ លិចទូកក្នុងពេលប្រណាំង តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ដោយសារមានក្រុមអ្នកជួយសង្គ្រោះទាន់ពេលវេលា។
សូមជម្រាបផងដែរថា ឆ្នាំនេះមានទូក«ង» ដែលចូលរួមប្រណាំងប្រមាណជិត៣០០ទូក ខណៈកាលពីឆ្នាំ២០១៧ មានតែ២៧០ទូកចូលរួមប៉ុណ្ណោះ៕
Tag:
អុំទូក
កាណូត
ប៊ូ ជុំសេរី
© រក្សាសិទ្ធិដោយ thmeythmey.com