ជាតិ
CMAC មាន​សមាសភាព​ក្រុមប្រឹក្សាភិបាល​៨​រូប និង​ទីប្រឹក្សា​អម​៦​រូប​
22, Nov 2018 , 8:59 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ខឹម សោភ័ណ លោក អ៊ុក គឹមលេខ លោក ហេង រតនា លោក ហ៊ុន ម៉ានិត
ពីឆ្វេងទៅស្តាំ៖ លោក ខឹម សោភ័ណ លោក អ៊ុក គឹមលេខ លោក ហេង រតនា លោក ហ៊ុន ម៉ានិត
ដោយ: រួបរួម
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​មួយ​ដើម្បី​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​សមាសភាព​ក្រុមប្រឹក្សាភិបាល និង​ទីប្រឹក្សា​អម​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ហៅ​កាត់​ថា ស៊ីម៉ាក់​/CMAC) ចំនួន​១៤​រូប​។​

 
​យោងតាម​ព្រះរាជក្រឹត្យ នាយ​ឧ​ត្ត​ម​សេនីយ៍ ខឹម សោភ័ណ មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផ្ទេរសិទ្ធិ ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។ នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ុក គឹម​លេខ ជា​អនុប្រធាន និង​លោក ឡើង សុជា អនុប្រធាន​អចិន្ត្រៃយ៍​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​
 
​លោក ហេង រតនា ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាភិបាល ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ ក្រៅពីនេះ មាន​សមាជិក​៤​រូប​ទៀត គឺ​លោក ឈៀង យ៉ាណា​រ៉ា លោក សរ សុវណ្ណ លោក ហ៊ុន ម៉ានិត (​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​) និង​លោក បោង ប៊ុ​ន្នី (​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​)​។​
 
​រីឯ​ទីប្រឹក្សា​អម​ក្រុមប្រឹក្សាភិបាល មាន​សមាសភាព​៦​រូប ក្នុងនោះ​មាន លោក ឆេង សារឿន លោក អ៊ុំ ភូមិ​រ៉ូ (​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​) លោក អ៊ិន សារូ (​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​) លោក ឯក បូ​លីន (​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​) លោក នៀម ជូ​ឡេង (​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​) និង​លោក ព្រហ្ម សួន​ប្រសិទ្ធិ (​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​)​។​
 
​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ហៅ​កាត់​ថា ស៊ីម៉ាក់​) គឺជា​ស្ថាប័ន​បោសសំអាត​មីន​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​(​ហៅ​កាត់​ថា ​អ៊ុនតាក់​) ចាប់តាំងពី​ឆ្នាំ​១៩៩២ មកម្ល៉េះ​។ 
 
​គោលបំណង​ក្នុងការ​បង្កើត​ស្ថាប័ន​ស៊ីម៉ាក់​នេះ​ឡើង គឺ​ដើម្បី​ជួយ​អោយមាន​សុវត្ថិភាព​ដល់​ការ​ទៅ​តាំង​ទីលំនៅ​ថ្មី នៃ​គ្រួសារ​ជន​មាតុភូមិនិវត្តន៍​ទាំងអស់ ដែល​បាន​វិលត្រឡប់​មកពី​បណ្តា​ជំរុំ​ជនភៀសខ្លួន​នៅតាម​ព្រំដែន​កម្ពុជា​ថៃ​។​ពួកគេ​ទាំងអស់នោះ គឺ​ត្រូវការ​ដីធ្លី​ជាបន្ទាន់​សំរាប់​សាងសង់​លំនៅដ្ឋាន និង​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត 
​ដែល​ដីធ្លី​ទាំ​នោះ ភាគច្រើន​គឺ​ត្រូវបាន​គ្របដណ្តប់​ទៅដោយ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដោយសារ​សង្គ្រាមស៊ីវិល​។​
 
​ដោយសារតែ​បេសកកម្ម​ការងារ​ប្រកបដោយ​មនុស្សធម៌ និង​ចាំបាច់​បែបនេះហើយ ទើបបានជា​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ឡាយព្រះហស្ថលេខា លើ​ព្រះរាជក្រឹត្យ​មួយ ចុះ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០០១ ប្រែក្លាយ​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា អោយទៅជា​ស្ថាប័ន​ជាតិ​មួយ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​៕
 

Tag:
 មីន​
  ស៊ីម៉ាក់​
© រក្សាសិទ្ធិដោយ thmeythmey.com