អន្តរជាតិ
ស៊ូ​ជី ទិញ​ដី​ជាង​៣០​ហិកតា ដើម្បី​បើក​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​អ្នក​គ្មាន​លទ្ធភាព​បញ្ចប់​ការសិក្សា​
24, Nov 2018 , 10:24 am        
រូបភាព
ដោយ:
​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ថ្មីៗ​នេះ​បាន​ទិញ​ដី​ពី​គណៈកម្មាធិការ​អភិវឌ្ឍ​ណៃ​ពិដោរ​ទំហំ​ជាង ៣០ ហិកតា ។ ការទិញ​ដី​ច្រើន​ហិកតា​របស់​ប្រមុខ​ដឹកនាំ​មី​យ៉ាន់​ម៉ា​ជាក់ស្តែង​រូបនេះ ស្ថិតក្នុង​គម្រោង​នៃ​ការពង្រឹង​មូលនិធិ​របស់លោក​ស្រី ក៏ដូចជា​ដើម្បី​ត្រៀម​បង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​អ្នក​ដែល​ពុំបាន​បញ្ចប់​ការសិក្សា​ផ្លូវការ​។​



​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy នៅ​ដើមខែ​វិច្ឆិកា​កន្លងទៅ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បំពេញបែបបទ​ដោយ​ប្រើប្រាស់​ឈ្មោះ​លោកស្រី​ផ្ទាល់​ក្នុង​ការទិញ​ជាង​៣០​ហិកតា ក្នុងតម្លៃ​ជាង​៤០​ម៉ឺន​ដុល្លារ ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​មូលនិធិ​របស់លោក​ស្រី ដែលមាន​ឈ្មោះថា « Khin Kyi Foundation» និង​ដើម្បី​ត្រៀម​បើក​សាលា​បណ្តុះបណ្តាល​ជំនាញ​ការងារ និង​តំបន់​ព្រៃ​អភិរក្ស​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល មន្ត្រីជាន់ខ្ពស់​របស់​ប​ក្ស​កាន់អំណាច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បាន​អះអាងថា ដី​នេះ គឺជា​ដី​ដែល​ទិញ​ស្របច្បាប់ មិនមែនជា​ដី​ដែល​រាប់​អូស​ពី​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ឯកជន ដូច​មានការ​លេចលឺ​ណាមួយ​ឡើយ​។ តំបន់​ដី​ដែល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ទិញ​នេះ ក៏​បើកចំហ​សម្រាប់​ក្រុមហ៊ុន​ឯកជន អង្គការ ឬ​សាធារណជន ដែល​ចាប់អារម្មណ៍​ចង់​ទិញ​ដូចគ្នា​ដែរ​។ 
 
​ជុំវិញ​ផែនការ នៃ​ការបង្កើត​សាលា​បណ្តុះបណ្តាល​ជីវៈ និង​តំបន់​ព្រៃ​អភិរក្ស ក្រោម​មូលនិធិ Khin Kyi Foundation នេះដែរ ត្រូវបាន​មន្ត្រី​ស្និទ្ធ​នឹង​លោកស្រី ស៊ូ​ជី បង្ហើប​ថា មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ដ្បិត ផែនការ​នេះ ទាមទារ​ការគាំទ្រ និង​រៀបចំ​ច្រើន​ពាក់ព័ន្ធ​ការងារ​ជំនាញ ដែល​ជួយ​ទាំង​បរិស្ថាន​ផង និង​ផ្តល់​ជា​ចំណូល​ដល់​ប្រជាជន​ផង​។​
 
​គួរ​ជម្រាប​ផងដែរ Khin Kyi គឺជា​ម្តាយ​របស់​លោកស្រី លោកស្រី ស៊ូ​ជី ( Suu Kyi)​។ មូលនិធិ Khin Kyi Foundation ត្រូវបាន​បង្កើតឡើង​ដោយ​លោកស្រី ស៊ូ​ជី តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​។ មូលនិធិ​នេះដែរ ត្រូវបាន​លោកស្រី ស៊ូ​ជី ផ្តួចផ្តើមឡើង​ក្រោម​គោលបំណង​ជាការ​តបស្នង​គុណ និង​រម្លឹក​ដល់​ម្តាយ​របស់​លោកស្រី​។ 
 
​មូលនិធិ ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ​នេះដែរ មាន​បេសកកម្ម​មនុស្សធម៌​ក្នុងការ​លើកកម្ពស់​សុខ​ភាព អប់រំ និង​ស្តង់ដារ​រស់នៅ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ពិសេស​នោះ ប្រជាជន ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល និង​តំបន់​មានការ​អភិវឌ្ឍ​តិចតួច​បំផុត​៕  
 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com