អន្តរជាតិ
វៀតណាម រម្លឹក​ចិន​និង​ហ្វីលីពីន​៖ «​ការរុករក​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួមគ្នា​ត្រូវ​ស្របច្បាប់​អន្តរជាតិ​»
24, Nov 2018 , 8:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ មិនសូវ​ពេញចិត្ត​ប៉ុន្មាន​ឡើយ​ពេល​មិត្ត​អាស៊ាន​របស់ខ្លួន​គឺ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ចាប់ផ្តើម​ចាប់ដៃ​ក្រុង​ប៉េកាំង​រុករក​ប្រេង​និង​ធនធាន​រួមគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ភាគី​ទាំងបី​មាន​វិវាទ​ជាមួយ​នោះ​។ ក្រុង​ហាណូយ​ថា​ខ្លួន​មិន​យល់​ទាស់​អ្វី​ទេ​ប៉ុន្តែ​បាន​ដាស់តឿន​ឲ្យ​ភាគី​ទាំងពីរ​ធ្វើតាម​ច្បាប់​អន្តរជាតិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​



​អ្នកនាំពាក្យ​រង​នៃ​ក្រសួង​បរទេស​វៀតណាម លោកស្រី Nguyễn Phương Trà នៅ​ថ្ងៃ​២២ ខែវិច្ឆិកា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​វៀតណាម​ទៅ​កិច្ចសហប្រតិបត្តិការ​រ​វាង​ហ្វីលីពីន និង​ចិន​ក្នុងការ​រុករក​ប្រេង​និង​ឧស្ម័ន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News​។ 
 
​សន្និសីទ​នេះ​ធ្វើ បន្ទាប់ពី​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ហ្វីលីពីន​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ចិន​ដំបូង​គេ ដែលមាន​វត្ត​មាននៅ​ទីនោះ​ក្នុង​រយៈ​១៣​ឆ្នាំ​។ ទស្សនកិច្ច​នេះ​បញ្ចប់ទៅ​ជាមួយនឹង​កិច្ចព្រមព្រៀង​ផ្លែផ្កា​ជាង​៣០ ដែល​រាប់បញ្ចូល​ទាំង​កិច្ចព្រមព្រៀង​ក្នុងការ​អភិវឌ្ឍ​រុករក​ប្រេង និង​ឧស្ម័ន​រួមគ្នា​ជាមួយនឹង​ហ្វីលីពីន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​
 
« ក្នុងនាម​ជា​រដ្ឋ ដែលមាន​ការទទួលខុសត្រូវ​ក្នុង​សហគមន៍​អន្តរជាតិ និង​ជា​ប្រទេស​ជាប់​សមុទ្រ​ចិន​ខាងត្បូង វៀតណាម ពិតជា​ផ្តល់​តម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ រាប់បញ្ចូល​ទាំង​សកម្មភាព​នានា​តាម​ដែនសមុទ្រ ជាមួយនឹង​ការគោរព​អធិបតេយ្យ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រទេស​នីមួយ​ដោយយោង​តាមច្បាប់​អន្តរជាតិ ដើម្បី​ធានា​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ក្នុង​តំបន់ និង​មិត្តភាព​រវាង​រដ្ឋ​និង​រដ្ឋ​»​។ នេះ​គឺ​សេចក្តីថ្លែងការណ៍​របស់​លោកស្រី Phương Trà​។​
 
​ជាមួយនឹង​ការលើកឡើង​ពី​ច្បាប់​អន្តរជាតិ​ដើម្បី​ជាការ​ក្រើនរម្លឹក​ដល់​ភាគី​ទាំងពីរ លោកស្រី​អនុប្រធាន​អ្នកនាំពាក្យ​ក្រសួង​បរទេស​វៀតណាម​ដដែល​នោះ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​ចុងក្រោយ​របស់​ចិន ដែល​ទើបតែ​ដំឡើង​សម្ភារ​យោធា​នៅ​កោះ​មួយ ដែលជា​ផ្នែក​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល នៃ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​
 
​លោកស្រី បាន​អះអាងថា សកម្មភាព​ចិន​បែបនេះ បាន​បំពាន​អធិបតេយ្យ​របស់​វៀតណាម​យ៉ាងធ្ងន់ធ្ងរ ហើយ​ថែម​បាន​ប៉ះពាល់​ដល់​ស្មារតី នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ ដែល​បានធ្វើ​រួមគ្នា​ដើម្បី​រក្សា​សន្តិភាព​ក្នុង​តំបន់​នោះ​។ មិន​ខុសពី​ពេលនោះ​នោះ មន្ត្រីជាន់ខ្ពស់​រូបនេះ ក៏បាន​ថ្លែង​ពី​ជំហរ​វៀតណាម ដែល​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​របស់​ចិន ហើយ​ទាមទារ​ឲ្យ​ចិន បញ្ឈប់​ជាបន្ទាន់ និង​មិនត្រូវ​បំពាន​រឿង​បែបនេះ​ដដែល​តទៅទៀត​។ 
 
​គួររម្លឹកថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​ភាគី​ពាក់ព័ន្ធ​ដូចជា​រដ្ឋ​អាស៊ាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីឡីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ មុនពេល​មេដឹកនាំ​ហ្វីលីពីន​បច្ចុប្បន្ន​កាន់តំណែង វៀតណាម និង​ហ្វីលីពីន តែងតែ​ប្រកៀក​ស្មា​គ្នាត​ទល់នឹង​ចិន ពោលគឺ ហ្វីលីពីន មិន​បើកចំហរ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រុករក​ធន​ធា​តិ​ធម្មជាតិ​ផ្សេងៗ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​៕

Tag:
 ចិន​
  វៀតណាម​
  ហ្វីលីពីន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com