ជាតិ
សេដ្ឋកិច្ច
​ខេត្តកំពត​បង្ហាញ​ពី​ឱកាស​វិនិយោគ​ថ្មី​ជាមួយ​រមណី​ដ្ឋា​ន​បែប​ធម្មជាតិ​
24, Nov 2018 , 10:59 pm        
រូបភាព
​បច្ចុប្បន្ន​កំណើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា កំពុងមាន​ភាព​រីកចម្រើន​យ៉ាងខ្លាំង​ក្លា ក្នុងនោះ​និន្នាការ​នៃ​វិស័យ​លំនៅដ្ឋាន បាន​កំពុង​ផ្លាស់ប្តូរ​គួរអោយកត់សម្គាល់ ពោល​ទាំង​តម្រូវការ និង​ស្តង់ដារ​នៃ​ការរស់នៅ ដែលមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។​



​វិស័យ​ទេសចរណ៍​កម្ពុជា គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​ដែល​បាន​ជួយ​ជំរុញ ដល់​កំណើន​វិស័យ​អចលនទ្រព្យ​។ នៅពេល​ចំនួន​អ្នកទេសចរ​កើនឡើង ការវិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច ក៏​កើនឡើង​ដែរ​។ បច្ចុប្បន្ន អ្នក​អភិវឌ្ឍន៍​កំពុង​សំឡឹងមើល​ពី​តំបន់ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា ជុំវិញ​វិស័យ​លំនៅដ្ឋាន​លំហែកាយ និង​រមណីយដ្ឋាន​បែប​ធម្មជាតិ​។​


 
​ខេត្ត​នីមួយៗ មាន​សក្តានុពល​ពិសេស​ដាច់ដោយឡែក​ពីគ្នា ដែល​ផ្តល់ឱកាស​ផ្សេងៗ​គ្នា​សម្រាប់​អ្នក​អភិវឌ្ឍន៍​។ បច្ចុប្បន្ន ខេត្តសៀមរាប​ហាក់​បាន​ក្លាយជា​ខេត្ត​ដែលមាន​ការអភិវឌ្ឍ​លំនៅដ្ឋាន​បែប​ធម្មជាតិ​ឈានមុខ​គេ​។ ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន គឺ​មកពី​សៀម​រាម មាន​ប្រាសាទអង្គរវត្ត ដែល​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ទាក់ទាញ​បំផុត នៅ​ទូទាំង​ពិភពលោក​។ ក្រៅពីនេះ លំនៅដ្ឋាន​លំហែកាយ​បែប​ធម្មជាតិ ក៏​ឃើញថា​មាន​កំណើន​ឡើង នៅក្នុង​ខេត្ត​មួយចំនួនទៀត​ដូចជា ខេត្ត​ព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌល​គី​រី និង​កំពង់ស្ពឺ​ជាដើម​។​


 
​លោក តេង រិទ្ធី ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន R'Investment Group បាន​និយាយថា កម្ពុ​ជាមាន​អំណោយផល​ស្រាប់ សម្រាប់​ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​លំនៅដ្ឋាន​លំហែកាយ​បែប​ធម្មជាតិ​។

លោក​បាន​អះអាងថា វិនិយោគិន​គ្រាន់តែ​ត្រូវ​ស្វែងរក​ទីតាំង​ដែល​សមស្រប បន្ទាប់មក​អភិវឌ្ឍ​ឲ្យ​ត្រូវ​នឹង​គោលបំណង ដើម្បី​បង្កើតជា​តំបន់​លំហែកាយ​ប្រកបដោយ​និរន្តរភាព​។ លោក​បាន​ប្រៀបធៀប​កម្ពុជា ទៅនឹង​សិង្ហ​បុរី​។ លោក​ថា​នៅ​សិង្ហ​បុរី អ្នក​អភិវឌ្ឍន៍​ត្រូវ​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ ដើម្បី​បង្កើតជា​តំបន់​ធម្មជាតិ ដូចជា​ដាំ​ដើមឈើ ជីក​បឹង ចិញ្ចឹម​ត្រី​ជាដើម មុននឹង​កែច្នៃ​តំបន់​ណាមួយ ជា​តំបន់​លំហែកាយ​លក្ខ​ណៈធ​ម្ម​ជាតិ​។​
 
​លោក រិទ្ធី ផ្ទាល់ ក៏មាន​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​សម្រាប់​លំហែកាយ​នៅ​ភ្នំពេញ សៀមរាប និង​ខេត្តកំពត​ដែរ​។ លោក​លើកឡើងថា បច្ចុប្បន្ន​យើង​កំពុង​សិក្សា​ពី​សក្តានុពល​នៃ​ទីតាំង​របស់​ខេត្ត​នីមួយៗ សម្រាប់​គម្រោង​លំហែកាយ​ថ្មី​នេះ​។​
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​លំនៅដ្ឋាន​លំហែកាយ​លក្ខណៈ​ធម្មជាតិ​ជិត​១០០​កន្លែង ដូចជា​រមណីយដ្ឋាន​លំហែកាយ​កោះ​សង្សារ​,​រមណីយដ្ឋាន  Royal Sand Resort នៅ​កោះរ៉ុង​,​រមណីយដ្ឋាន កោះអណ្តែត​,​រមណីយដ្ឋាន​ភូមិ​បៃតង នៅ​សៀមរាប​, រមណីយដ្ឋាន ថ្ងៃ​បាំង​ឆ័​ត្រ នៅ​កែប និង​រមណីយដ្ឋាន  Salty River​។  
 
​ទាក់ទង​នឹង​តំបន់​ធម្មជាតិ និង​ធនធានធម្មជាតិ​របស់​កម្ពុជា​វិញ កម្ពុ​ជាមាន​អ្វីៗ​ស្ទើរ​គ្រប់យ៉ាង រាប់​តាំងពី​តំបន់ឆ្នេរ ព្រៃឈើ ភ្នំ ទឹកជ្រោះ ស្ទឹង បឹង និង​ទន្លេ​ជាដើម​។​
 
​បើ​ពិនិត្យ​ដោយ​លម្អិត ពី​សក្ដានុពល​នៃ​ខេត្តកំពត លោក សុខ គែន ស្ថាបនិក​របស់ Kampot Property ខេត្ដ​កំពត បានឱ្យដឹងថា ខេត្តកំពត កំពុងមាន​កំណើន​លឿន សម្រាប់​រមណីយដ្ឋាន​បែប​ធម្មជាតិ ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​។​
 
​លោក គែន បាន​បញ្ជាក់ថា តំបន់​នៅតាម​បណ្តោយ​ដងព្រែក​កំពត មាន​សក្តានុពល​ច្រើន​សម្រាប់​ការវិនិយោគ​រមណីយដ្ឋាន​បែប​ធម្មជាតិ​។ ទោះបីជា​យ៉ាងណាក៏ដោយ ដី​នៅ​ជុំវិញ​ក្រុង​កំពត ក្នុង​រង្វង់​៣០​គីឡូម៉ែត្រ ត្រូវបាន​គេ​មើលឃើញថា មាន​សក្តានុពល​ប្លែកៗ​គ្នា ទៅតាម​លក្ខណៈ​ធម្មជាតិ​របស់​ទីតាំង​នីមួយៗ​។​
 
​កំពត​មាន ភ្នំ ទឹកស្ទឹង ព្រៃឈើ និង​សមុទ្រ ហើយ​លោក គែន បាន​អះអាងថា នៅ​កែប មាន​សក្តានុពល​ជាច្រើន ដែល​មិនទាន់មាន​ការអភិវឌ្ឍ​នៅឡើយ​។ លោក បញ្ជាក់ថា កំពត​មាន​តំបន់​លាក់ខ្លួន និង​តំបន់​ថ្មីៗ​ជាច្រើន ដែល​មិនទាន់មាន​គេ​ស្គាល់​នៅឡើយ​។ លោក សុខ គែន​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿថា នៅតែមាន​ឱកាស ដោយសារតែ​ភាគច្រើន​នៃ​រមណីយដ្ឋាន​ធម្មជាតិ​នៅក្នុង​ខេត្ត​នេះ មាន​ត្រឹមតែ​ខ្នាតតូច ទៅ​ខ្នាត​មធ្យម​ប៉ុណ្ណោះ​។ លោក​ក៏បាន​ន្ថែ​ម​ទៀតថា ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ជនជាតិ​អឺរ៉ុប ដែល​ចូលមក​កាន់​ខេត្តកំពត កំពុង​កើនឡើង​យ៉ាងច្រើន​»​។​
 
​ទាក់ទង​នឹង​តម្លៃ​វិញ លោក គែន បាន​បញ្ជាក់ថា ជាទូទៅ​រមណីយដ្ឋាន នៅ​កំពត​កំពុង​ដាក់​ជួល ក្នុងតម្លៃ​ចន្លោះ​ពី​១៥​ដុល្លារ ទៅ​៣០​ដុល្លារ​ក្នុង​មួយ​យប់​។​
 
​បន្ថែម​លើ​ចំណុច​នេះ លោក រិទ្ធី បានលើកឡើង​ដែរ​ថា រមណីយដ្ឋាន​បែប​ធម្មជាតិ​លក្ខណៈ​ប្រណិត​នៅក្នុង​ប្រទេស អាចមាន​តម្លៃ​រហូតដល់​៣,០០០​ដុល្លារ ក្នុង​មួយ​យប់​។ លើសពីនេះ​ទៀត សម្រាប់​ការវិនិយោគ​ក្នុង​វិស័យនេះ លោក រិទ្ធី  បាន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍ ប្រើប្រាស់​ភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​នាំយក​គំនិត​ថ្មី និង​ប្លែក​គេ ដើម្បី​ទទួលបាន​ភាពជោគជ័យ​។ លោក​បាន​អះអាងថា អ្វីដែល​ត្រូវ​យកចិត្តទុកដាក់ ត្រូវ​គិត​ចាប់ពី​ការ​រចនា និង​ការសាងសង់ រហូតដល់​ម្ហូបអាហារ ភេសជ្ជៈ និង​សុវត្ថិភាព​សម្រាប់​អ្នក​មក​ស្នាក់នៅ​។​
 
​លោក ណុះ ម៉ាត់​សារី អ្នកតំណាង​របស់​រម​ណី​យ​ដ្ឋា​ន  Bamboo Bungalow នៅក្នុង​ខេត្តកំពត​បាន​និយាយថា រមណីយដ្ឋាន​របស់លោក បាន​ប្រើប្រាស់​ការ​រចនា​បែប​ទំនើប ដោយ​ប្រើ​ឫស្សី និង​ស្បូវ និង​មាន​បម្រើ​សេវាកម្ម​បរិយាកាស​បែប​ទំនើប ជាមួយ​ភាពល្អ​ឥតខ្ចោះ​។ លើ​ល​ពីនេះ Bamboo Bungalow បាន​ចាប់យក​នូវ​បរិយាកាស​ធម្មជាតិ​ពិតៗ នៃ​ដង​ទន្លេ​ដ៏​ស្រស់ស្អាត​។​
 
​លោក ម៉ាត់​សារី បញ្ជាក់ថា​៖ «​យើង​មិន​ត្រឹមតែ​ផ្តល់​សេវា​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ​ផងដែរ​»​។ ម៉ាត់​សារី​រំពឹងថា ខេត្ត​នេះ នឹងមាន​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ជាង​មុន ដោយសារ​ការកើនឡើង​នៃ​ភ្ញៀវទេសចរ​។ លោក​បាន​និយាយថា ខេត្ត​ដែល​មិនសូវមាន​អ្នក​ចាប់អារម្មណ៍ នឹង​អាច​ក្លាយជា​កន្លែង​មាន​មនុស្ស​ច្រើន និង​មាន​ការងារ​ធ្វើ​ច្រើន​ពិសេស​ផ្នែក​បដិសណ្ឋារកិច្ច​។ លោក ម៉ាត់​សារី បាន​និយាយថា​៖«​កំពត​នឹង​កាន់តែ​មានឈ្មោះ​ល្បី ទាំង​នៅក្នុង​ស្រុក និង​អន្តរជាតិ​»៕

Tag:
 កំពត​
 ​ទេសចរណ៍​
 ​វិនិយោគ​
 ​អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com