ជាតិ
កម្ពុជា នឹងពិចារណា! បើអាមេរិកចង់សុំពិនិត្យតំបន់ ដែលសង្ស័យមានមូលដ្ឋានទ័ពចិន
× ភ្នំពេញ៖ កម្ពុជានៅតែប្រកាសថា គ្មានមូលដ្ឋានទ័ពចិន នៅក្នុងប្រទេសកម្ពុជា ដូចការចុះផ្សាយរបស់កាសែត ASIA Time និងការសង្ស័យរបស់អាមេរិកឡើយ។ ហើយបើអាមេរិក មិនជឿជាក់លើកម្ពុជានោះ អាមេរិកអាចដាក់លិខិតស្នើសុំពិនិត្យទីតាំងដែលខ្លួនសង្ស័យថា មានមូលដ្ឋានទ័ពចិនបាន។
បញ្ហាមូលដ្ឋានទ័ពចិននៅកម្ពុជា នៅតែស្ថិតក្នុងមន្ទិលសង្ស័យរបស់អាមេរិក បើទោះរដ្ឋាភិបាលកម្ពុជា បដិសេដថា ជាព័ត៌មានមិនពិតក្តី។ ដើម្បីបង្ហាញពីភាពស្អាតស្អំខ្លួន កម្ពុជាក៏មិនហាមអាមេរិក ដែលមានបំណងចង់ពិនិត្យមើលទីតាំងសង្ស័យមានមូលដ្ឋានកងទ័ពចិនដែរ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា កម្ពុជានឹងពិចារណាលើសំណើណាមួយរបស់អាមេរិក បើសិនជាអាមេរិកស្នើមករដ្ឋាភិបាលកម្ពុជាត្រឹមត្រូវ ក្នុងការសុំត្រួតពិនិត្យទីតាំងនោះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឈុំ សុជាតិ បានបញ្ជាក់ដូច្នេះថា៖«ក្នុងករណីដែលគេ(អាមេរិក) សុំ(ពិនិត្យ)ត្រូវឲ្យមានក្រដាសស្នាមត្រឹមត្រូវមក យើងនឹងពិចារណាមើលតាមហ្នឹង។ ប៉ុន្តែខ្ញុំជឿថា អាមេរិកមិនសុំ(ពិនិត្យ)ទេរឿងហ្នឹង ព្រោះអាមេរិក គេផ្កាយរណប (Satellite) ដែលអាចមើលដល់ក្រោមដីទៀត ហើយគេមើលពីបញ្ចកោណមក គេឃើញអស់ហើយ គេមិនចាំបាច់ចុះទៅមើលផ្ទាល់ បើសិនជាគេចង់ទទួលស្គាល់ការពិត»។
សំឡេងអ្នកនាំពាក្យក្រសួងការពារជាតិ៖
រឿងរ៉ាវនៃមូលដ្ឋានទ័ពជើងទឹកចិន ផ្ទុះចេញពីការចុះផ្សាយរបស់សារព័ត៌មាន Asia Time ដែលបានសរសេរថា លទ្ធភាពនៃការបង្កើតមូលដ្ឋានទ័ពជើងទឹករបស់ចិន អាចធ្វើទៅបានតាមរយៈការសាងសង់កំពង់ផែទឹកជ្រៅមួយនៅខេត្តកោះកុង ដែលវានឹងមានទំហំធំគ្រប់គ្រាន់ សម្រាប់ឲ្យកប៉ាល់ និងនាវាចម្បាំងចិនចូលចតបាន។ បើតាម Asia Time ទីតាំងដែលអាចបង្កើតមូលដ្ឋានទ័ពជើងទឹកចិននេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនចិន China's Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ទំហំជាង ៤ម៉ឺន ៥ពាន់ហិកតា រយៈពេល ៩៩ឆ្នាំ ពីរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលត្រូវបានគេស្គាល់ថា គម្រោងអភិវឌ្ឍឆ្នេរកម្សាន្តតារាសាគរ។ គម្រោងអភិវឌ្ឍន៍នេះ មានទុនវិនិយោគ ៣,៨ ពាន់លានដុល្លារអាមេរិក។ នេះជាការចុះផ្សាយក្នុងអត្ថបទ Asia Time ដែលបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាលនៃសង្គ្រាមត្រជាក់ ។
ដោយសារតែការចុះផ្សាយនេះ ទើបអាមេរិកមានការសង្ស័យ និងមានក្តីកង្វល់មកលើទំនាក់ទំនងកម្ពុជា និងចិន។ ដើម្បីជម្រះមន្ទិលសង្ស័យអាមេរិក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរលិខិតទៅអនុប្រធានាធបតីអាមេរិក លោក មៃ ផេន ថា រដ្ឋធម្មនុញ្ញកម្ពុជា ពុំអនុញ្ញាតឲ្យកងទ័ពបរទេស ទាំងកងទ័ពជើងគោគ ជើងទឹក ឬជើងអាកាស មកតាំងមូលដ្ឋានលើកទឹកដីកម្ពុជាឡើយ។ សម្ដេច ហ៊ុន សែន ក៏ផ្ដាំបរទេសទាំងអស់ កុំយកកម្ពុជា ធ្វើជាទីលានសាកល្បងមនោគមវិជ្ជា និងអាវុធផងដែរ៕
Tag:
ឈុំ សុជាតិ
កងទ័ព
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com