ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាឲ្យប្រធានព័ត៌មានខេត្ត ចុះស្រង់តម្លៃបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារ ក្រោយរងការរិះគន់ រូបពីហ្វេសប៊ុករដ្ឋបាលខេត្ត
× ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យមន្ត្រី៣រូប ចុះស្រង់តម្លៃបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារ ក្រោយពីមានការរិះគន់រឿងតម្លៃនៃការជួលបន្ទប់ស្នាក់នៅ។ នេះបើតាមលិខិតបង្កាប់របស់រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃទី២៨វិច្ឆិកា។
លោក ឱ សារឿន ប្រធានក្រុមគេហទំព័រខេត្តព្រះសីហនុ និងជាប្រធានមន្ទីរព័ត៌មានខេត្ត គឺជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងស្រង់តម្លៃទីតាំងទាំងនោះ ដោយអមជាមួយលោក ឆោម វិទូអនុប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ និងលោក គឹម សម្បិត្តិ មន្រី្តក្រុមគេហទំព័រខេត្តព្រះសីហនុ ជាសមាជិក។ ក្រុមការងារនេះ ត្រូវចុះត្រូវស្ថិតិ និងតម្លៃបន្ទប់របស់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងហ្គាឡូ នៅខេត្តរបស់ខ្លួនជាចាំបាច់ ដោយអនុវត្តន៍រហូតដល់ថ្ងៃទី៣១ ធ្នូ ២០១៨ ។
លិខិតដដែល ក៏បានប្រាប់ឲ្យរដ្ឋបាលក្រុង និងស្រុកទាំងបី ក្នុងខេត្ត គាំទ្រ និងសហការរាល់ការបំពេញការងារទាំងឡាយ ដើម្បីឲ្យដំណើរការងាររបស់មន្រី្តខាងលើប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះសមាជិកនៃក្រុមការងារចម្រុះ ត្រូវចូលរួមបំពេញការងារ និងចូលរួមក្នុងកិច្ចប្រជុំ តាមការកោះហៅ របស់ប្រធានក្រុម។ ហើយក្រុមការងារត្រូ រាយការណ៍ ពីលទ្ធផលការងារ ទៅឲ្យអភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងប្រកាស។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។
មូលហេតុដែលអាជ្ញាធរខេត្ត បញ្ជាឲ្យមានការចុះត្រួតពិនិត្យ និងស្រង់តម្លៃបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនេះ ធ្វើឡើងបន្ទាប់ពីមានការរអ៊ូរទាំ និងរិះគន់ពីសំណាក់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តនៅទីនោះ ហើយមិនអាចរកកន្លែងស្នាក់នៅបាន ពោលគឺតម្លៃបន្ទប់ខ្ពស់លើសពីសព្វដង។ សូម្បីតែតារាសម្ដែង និងតារាកំប្លែង ក៏មានការរអ៊ូរទាំលើករណីតម្លៃបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com