អន្តរជាតិ
ស៊ូ​ជី​៖ មានតែ​ការលើកតម្កើង​វប្បធម៌​សន្តិភាព​ទេ ដែល​អាចជួយ​បញ្ចប់​ជម្លោះ​ក្នុង​សហគមន៍​ចម្រុះ​ជាតិ​សាសន៍​
06, Dec 2018 , 7:59 am        
រូបភាព
ដោយ:
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បានបង្ហាញ​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​លោកស្រី ក្នុង​ការងារ​ផ្សះផ្សា​ជាតិ ខណៈដែល​សហគមន៍​អន្តរជាតិ បន្ត​រិះគន់​ខ្លាំង​ពី​ភាព​ខ្សោយ​ក្នុងការ​ដឹកនាំ​របស់រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​។ សម្រាប់​លោកស្រី មានតែ​ការលើកកម្ពស់​ស្មារតី​សន្តិភាព​នោះទេ ដែលជា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​ក្នុង​សហគមន៍​ដែលមាន​ជាតិ​សាសន៍​ចម្រុះ​។

 
​នា​វេទិកា​អន្តរជាតិ​មួយ​ក្នុង​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ​របស់​នេ​ប៉ាល់​នៅ​ថ្ងៃទី​១ ធ្នូ លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជួយ​លើកកម្ពស់ « វប្បធម៌​សន្តិភាព » ដើម្បី​បញ្ចប់​ជម្លោះ​រវាង​សហគមន៍​នីមួយៗ​។ ប៉ុន្តែ​លោកស្រី មិន​និយាយ​ពី​បញ្ហា​ដ៏​រសើប​ទាក់ទិន​ការ​ទុក្ខ​បុក​ម្នេញ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា​នោះទេ​។ 
 
​តាម​ភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី​ទីប្រឹក្សា​រដ្ឋ បាន​បកស្រាយ ឬ​សគល់​នៃ​ជម្លោះ បាន​ក្លាយជា​ជំងឺ​សង្គម​មួយ​ទៅហើយ ដែល​នេះ ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចៀសវាង​ឥរិយាបថ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់​ទៅៗ​។ លោកស្រី បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​រដ្ឋ​និង​រដ្ឋ​ដើម្បី​ស្វែងរក​សន្តិភាព និង​វិបុលភាព​រួមគ្នា​។​
 
« មានតែ​ការលើកតម្កើង​វប្បធម៌​សន្តិភាព​នៅក្នុង​ពិភពលោក ដែលមាន​ការពឹង​ពាក់​គ្នា​ទៅវិញទៅមក​នោះទេ ដែលជា​មធ្យោបាយ​ដើម្បី​បង្កើត​ឲ្យ​មាន​សុខដុម​រម​នីយកម្មរ​វាង​ប្រទេស និង​សង្គម ដែលមាន​ជាតិ​សាសន៍​ចម្រុះ​គ្នាច្រើន​នោះ​។​» លោកស្រី​ទីប្រឹក្សា​រដ្ឋ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ ។ 
 
​សម្រាប់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ការចូលរួម​វេទិកា​អន្តរជាតិ​នានា គឺជា​សម្ពាធ​មួយ​របស់​លោកស្រី ក្នុងនាម​ជា​តំណាង​មេដឹកនាំ​របស់​ប្រទេស​។ នោះ ក៏​ព្រោះតែ​លោកស្រី តែងតែ​ប្រឈម​ទាំង​សំណួរ និង​ការបន្ទោស​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស ជាពិសេស​នោះ​រឿង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​លោកស្រី តែង​ចៀសវាង សូម្បីតែ​ពន្លេច​ឈ្មោះ​។​
 
​ការណ៍​ដែល​លោកស្រី ស៊ូ​ជី ទទូច​ឲ្យ​រដ្ឋ​ពាក់ព័ន្ធ​បណ្តុះ​វប្បធម៌​សន្តិភាព​បែ​នេះ ក៏​ព្រោះតែ​គិត​ចាប់ពី​វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ផ្ទុះឡើង​ពី​ចុង​ឆ្នាំមុន​មក រដ្ឋាភិបាល​លោកស្រី ទទួលបាន​ការទទួល​បន្ទោស​ច្រើនជាង​ការផ្តល់​អនុសាសន៍​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com