ជាតិ
លោក W. Patrick Murphy ប្ដេជ្ញា​ជំរុញ​ឱ្យ​កម្ពុជា​ពង្រីក​លំហ​សេរីភាព​សារព័ត៌មាន​
06, Dec 2018 , 7:59 pm        
រូបភាព
រូបឯកសារ៖ លោក​ W. Patrick Murphy បច្ចុប្បន្ន​គឺ​ជា​ឧបការី​រង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ (រូបថតដោយ U.S. Embassy of Phnom Penh)
រូបឯកសារ៖ លោក​ W. Patrick Murphy បច្ចុប្បន្ន​គឺ​ជា​ឧបការី​រង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ (រូបថតដោយ U.S. Embassy of Phnom Penh)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ បេក្ខជន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​គឺ​លោក W. Patrick Murphy បាន​សម្ដែង​ការប្ដេជ្ញាចិត្ត​នៅ​ចំពោះមុខ​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក កាលពី​ថ្ងៃ​អង្គា​រថា លោក​នឹង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ពង្រីក​លំហ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ក្នុងប្រទេស​នោះ​។​

 
​ការប្ដេជ្ញាចិត្ត​នេះ ធ្វើឡើង​ក្នុងអំឡុងពេល​សវនាកា​រ​របស់​គណៈកម្មាធិកា​រ​នេះ ដើម្បី​សាកសួរ​រូបលោក​អំពី​គោលជំហរ និង​ការតាំង​ចិត្ត​របស់លោក ប្រសិនបើ​លោក​ត្រូវបាន​អនុម័ត ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។​
 
​ឆ្លើយតប​នឹង​សំណួរ​របស់​សមាជិក​ម្នា​ក់​នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​គឺ​លោក Ed Markey​មកពី​រដ្ឋ​ម៉ាស្សា​ឈូ​សិត អំពី​គោលជំហរ​របស់លោក​ក្នុងការ​ដោះស្រាយ​ការវាយប្រហារ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ទៅលើ​សំឡេង​ឯករាជ្យ​ជាពិសេស​សារព័ត៌មាន​សេរី​ក្នុងប្រទេស​កម្ពុជា​នោះ លោក W. Patrick Murphy បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖
 
«​‍​ប្រសិនបើ​ព្រឹទ្ធសភា​អនុម័ត​បេក្ខភាព​របស់ខ្ញុំ ខ្ញុំ​នឹង​ពាំនាំ​សារ​ដ៏​ខ្លាំង​នេះ​ពីស​ភា​និង​រដ្ឋបាល​សហរដ្ឋអាមេរិក ហើយ​និង​ធ្វើការ​ជាមួយ​ភាគី​ទាំងអស់​រួមទាំង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជំរុញ​យ៉ាងខ្លាំង​ក្លា ឱ្យ​អាជ្ញាធរ បើក​ឡើងវិញ​និង​ពង្រីក​លំហ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​»​។​


 លោក​ W. Patrick Murphy (រូប​ឆ្វេង​បំផុត) ឆ្លើយ​តប​សំណួរ​របស់​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ក្នុង​អំឡុង​ពេល​សវនាការ​លើ​សំណើ​តែង​តាំង​រូប​លោក​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)

​តាំងពី​ឆ្នាំមុន​មក ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ដែល​នៅ​សេសសល់​តែ​បន្តិចបន្តួច​ក្នុងប្រទេស​កម្ពុជា បាន​រង​ការគាបសង្កត់​និង​រឹតត្បិត​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដោយ​ក្នុងនោះ កាសែត​ឌឹ​ខែម​បូ​ឌា​ដេលី និង​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី​ក្នុង​ទីក្រុង​ភ្នំពេញ បាន​បង្ខំចិត្ត​បិទ​លែង​ដំណើរការ​ក្នុងប្រទេស​តទៅទៀត​។ ទោះបីជា​ការិយាល័យ​វី​អូ​អេ​ក្នុងប្រទេស​កម្ពុជា មិនត្រូវ​បាន​បិទ​ក៏ដោយ ក៏​ស្ថានីយ​វិទ្យុ​ក្នុងស្រុក ត្រូវបាន​រដ្ឋាភិបាល​ប​ង្គា​ប់​ឬ​ហាម​ប្រាណ​មិនឱ្យ​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​ដែល​គាំទ្រ​ថវិកា​ដោយ​សហរដ្ឋអាមេរិក​នេះដែរ​។​
 
​ទន្ទឹមពេល​ជាមួយគ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ដ៏​ធំ ក៏ត្រូវ​បាន​រំលាយ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ដែល​សកម្ម ក៏ត្រូវ​បាន​បិទ ឬ​បង្ខំ​ឱ្យ​ផ្អាក​សកម្មភាព​របស់​ពួកគេ ខណៈដែល​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​មួយចំនួន ព្រមទាំង​អ្នកសារព័ត៌មាន​និង​អ្នក​ថត​ភាពយន្ត​ឯកសារ​ឯករាជ្យ​ផង ត្រូវបាន​ចាប់ខ្លួន​ឬ​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ប្រទេស ដើម្បី​គេច​ពី​ការចាប់ខ្លួន​ជាយថាហេតុ​ណាមួយ​។​
 
​លោក​W. Patrick Murphy​ដែល​នឹង​ទៅ​ជំនួស​លោក William A. Heidt ប្រសិនបើ​សំណើ​តែងតាំង​រូបលោក​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​នោះ មានប្រសាសន៍ថា ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន សង្គម​ស៊ីវិល​និង​គណបក្សនយោបាយ​ដែល​បាន​ធ្លាក់ចុះ​ដុនដាប​នៅ​កម្ពុជា​ក្នុង​រយៈពេល​១៨​ខែ​ចុង​ក្រោយនេះ បានធ្វើឱ្យ​សហរដ្ឋអាមេរិក​ខកចិត្ត​យ៉ាងខ្លាំង​។​
 
«​‍​ការ​ឭ​សំឡេង​ដ៏​ខ្លាំង​ពី​ស្ថាប័ន​សភា​អាមេរិក​នេះ ជួយ​ពួកយើង​យ៉ាងច្រើន ហើយ​ប្រសិនបើ​ត្រូវបាន​អនុម័ត​មែន​នោះ នេះ​គឺជា​សារ​មួយ​ដែល​ខ្ញុំ​នឹង​ពាំ​នាំទៅ​ថា សហរដ្ឋអាមេរិក មាន​ជំហរ​រួមគ្នា​គួរសម​។ យើង​ចង់ឃើញ​ការប្ដូរ​ស្ថានភាព​ដុនដាប​ក្នុងប្រទេស​កម្ពុជា​ឡើងវិញ ដើម្បីឱ្យ​កម្ពុជា អាច​បន្ត​កំណើន​និង​ពង្រីក​វិសាលភាព​នយោបាយ​របស់ខ្លួន​បាន​»​។​
 
​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន បាន​ទម្លាក់​ចំណាត់ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុ​ជា​រហូតដល់​លំដាប់​ទី​១៤២ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០ ទូទាំង​ពិភពលោក​។ ចំណាត់ថ្នាក់​នេះ ធ្វើឱ្យ​កម្រិត​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា បាន​ធ្លាក់ចុះ​១០​កម្រិត​ថែមទៀត បើ​ធៀប​នឹង​ចំណាត់ថ្នាក់​កាលពី​ឆ្នាំ​២០១៧​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​វី​អូ​អេ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល មិនដែល​បិទ​ឬ​ទទួលស្គាល់ថា​មាន​សារព័ត៌មាន​ឯករាជ្យ​ណាមួយ​ក្នុងប្រទេស​កម្ពុជា​នោះទេ​។​
 
«​‍​រាជរដ្ឋាភិបាល មិនដែល​មានបំណង​ឬ​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​បិទ​សារព័ត៌មាន​ដែល​គេ​តាំងខ្លួន​ជា​សារព័ត៌មាន​ឯករាជ្យ​នោះទេ​។ គ្មានទេ អ្នកសារព័ត៌មាន​ឯករាជ្យ​នៅលើ​ពិភពលោក​នេះ​។ មានតែ​អ្នកសារព័ត៌មាន​សេរី​តែប៉ុណ្ណោះ​បាទ​»​។​
 
​កាលពី​ថ្ងៃ​ច័ន្ទ រដ្ឋាភិបាល​កម្ពុជា ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​បង្ហាញ​ជំហរ​អនុញ្ញាតឱ្យ​ស្ថាប័ន​សារព័ត៌មាន កាសែត​ឌឹ​ខេ​ម​បូ​ឌា​ដេលី វិទ្យុ​អាស៊ីសេរី និង​វី​អូ​អេ អាច​បើក​ឬ​ដំណើរ​ការធម្មតា​ឡើងវិញ​បាន​ក្នុងប្រទេស​កម្ពុជា​។​
 
​លោក​បណ្ឌិត មាស នី អ្នកវិភាគ​ផ្នែក​សង្គម​និង​នយោបាយ​ក្នុងប្រទេស​កម្ពុជា មានប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វី​អូ​អេ​កាលពី​ថ្ងៃ​ពុធ​ថា ទោះបីជា​លោក​មើលឃើញ​ជំហរ​ចុងក្រោយ​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ​ថា​ហាក់ដូចជា​ការទទួលស្គាល់​របស់​រដ្ឋាភិបាល​អំពី​ការ​រឹតត្បិត​របស់ខ្លួន​ទៅលើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំកន្លងមក​ក៏ដោយ ក៏​លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ធានាឱ្យមាន​ប្រតិបត្តិការ​នៃ​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​។​
 
«​‍​នៅក្នុង​វប្បធម៌​ខ្មែរ​យើង ការទទួល​ការរិះគន់​ពី​សារព័ត៌មាន​ឯករាជ្យ​នេះ ឬក៏​ការនិយាយ​ទៅ​ដែលជា​ចំណុច​ចន្លោះប្រហោង​ឬ​ភាពខ្វះខាត​របស់​គណបក្ស​នយោបាយ មិន​ថា​គណបក្សប្រឆាំង មិន​ថា​គណបក្សកាន់អំណាច​ទេ សុទ្ធតែ​ចាត់ទុកថា​ជា​រឿង​រសើប ហើយ​ត្រូវតែ​ធ្វើ​ប្រតិកម្ម​មកវិញ ដោយ​ចោទ​លាប​ពណ៌​អ​ញ្ចេះ លាប​ពណ៌​អ​ញ្ចុះ​»​។​
 
​លោក​បន្ថែមថា លោក​ចង់ឃើញ​សហរដ្ឋអាមេរិក​«​ប្ដេជ្ញាចិត្ត​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ដោយ​ចូលរួម​ធ្វើការ​តាមដាន ដើម្បី​ត្រួតពិនិត្យ​អ្នកនយោបាយ​ខ្មែរ ឱ្យធ្វើ​យ៉ាងម៉េច​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com