ជាតិ
​អ្នកស្រី ចក់ សុភាព បាន​ពាន សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ពី​រដ្ឋាភិបាល​បារាំង​-​អាល្លឺម៉ង់​
10, Dec 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រី ចក់ សុភាព បាន​ទទួលបាន​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ បារាំង​-​អាល្លឺម៉ង់ (Prix Franco-Allemand des droits de l’Homme et de l’Etat de droit) ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០១៨​។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រូបនេះ ត្រូវបាន​វាយតម្លៃថា បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ការពារ​សក​ម្ម​ជន​សិទ្ធិមនុស្ស ព្រមទាំង​ការតស៊ូ​មតិ ដើម្បី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល​។

 
​លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​លើកឡើងថា​៖ «​ខណៈដែល​យើង​កំពុង​អបអរ​ខួប​គម្រប់​៧០​ឆ្នាំ​នៃ​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស ការការពារ​លំហ​នយោបាយ និង​លំហ​ស៊ីវិល នៅតែ​ជា​កិច្ចការ​សំខាន់​ជាង​នៅ​ជុំវិញ​ពិភពលោក ដូច្នេះហើយ យើង​សូម​អរគុណ​អ្នកស្រី ចក់ សុភាព ដែល​ក្រោកឈរឡើង​ដើម្បី​សិទ្ធិមនុស្ស និង​ការពារ​នីតិរដ្ឋ​»​។​
 
​លោក Ingo Karsten ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់ថា​៖ «​ការគោរព​សិទ្ធិមនុស្ស ត្រូវបាន​រាប់បញ្ចូល​ក្នុង កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សហប្រតិបត្តិការ​ជាមួយនឹង​កម្ពុជា​។ សកម្មជន​ដ៏​ក្លាហាន ដូចជា អ្នកស្រី ចក់ សុភាព ជារឿយៗ​បាន​រំលឹក ពួកយើង​ទាំងអស់គ្នា អំពី​គុណ​តម្លៃ​នៃ​សិទ្ធិមនុស្ស​» ។​
 
​ស្ថានទូត​បារាំង បាន​លើកឡើងថា អ្នកស្រី ចក់ សុភាព ក៏​ជា​ជន​ដ៏​សកម្ម​ក្នុង​បណ្តាញ​សង្គម និង​ដែល​ក្រោកឈរឡើង​ដើម្បី​សិទ្ធិមនុស្ស ហើយ​អង្គ​ការដែល​គាត់​កំពុង​ដឹកនាំ​បាន​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង សេរីភាព​មូលដ្ឋាន ជាពិសេស​ការលើកកម្ពស់ សហគមន៍ ដូចជា ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ក្រុម​ជនជាតិភាគតិច យុវជន ស្ត្រី និង​ក្រុម LGBTIQ+ ។​
 
​នៅ​ឆ្នាំ​២០១៨​នេះ អ្នកស្រី ចក់ សុភាព ស្ថិតក្នុង​ចំណោម​សកម្មជន​១៥​រូប​ទូទាំង​ពិភពលោក ដែល​ទទួលបាន​ពានរង្វាន់ Prix Franco-Allemand des droits de l’Homme et de l’Etat de droit (Franco-German Prize for Human Rights and the Rule of Law)​។ ពានរង្វាន់​នេះ ត្រូវបាន​ប្រកាស​រួមគ្នា​ដោយ​លោក Jean-Yves Le Drian រដ្ឋមន្ត្រី​បារាំង​ទទួល​កិច្ចការ​អឺរ៉ុប និង​ការបរទេស រួមជាមួយ​សម​ភាគី​អាល្លឺម៉ង់ លោក Heiko Mass​។ 
 
​ជ័យលាភី​ផ្សេងទៀត​រួមមាន Vuyiseka Dubula-Majola (​អាហ្វ្រិក​), Yu Wensheng (​ចិន​), Aminata Traoré (​កូត​ឌី​វ័រ​), Mohamed Lotfy (​អេ​ហ្ស៊ី​ប​), Alfredo Okenve (​ហ្គី​ណេ​អេក្វាទ័រ​), Nityanand Jayaraman (​ឥណ្ឌា​), Hessen Sayah Corban (​លី​បង់​), Mekfoula Mint Brahim (​ម៉ូ​រីតា​នី​), Liz Chicaje Churay (​ប៉េ​រូ​), Oyub Titiev (​រុស្ស៊ី​), Anwar al-Bunni (​ស៊ី​រី​), Daoud Nassar (​ប៉ា​ឡេ​ស្ទី​ន​), Sirikan Charoensiri (​ថៃ​) និង Susana Raffalli Arismendi (​វេ​ណេ​ស៊ុយ​អេ​ឡា​)​។​
 
 
​កាលពី​ឆ្នាំ​២០១៦ លោក ធន សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ស្ថិតក្នុង​ចំណោម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​លើ​ពិភពលោក​ចំនួន​១៥​នាក់ ដែល​ទទួលបាន​ពាន​ដូចគ្នានេះ នា​ពិធី​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង  ប្រទេស​អាល្លឺម៉ង់​។​
 
​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​តស៊ូរ និង​បរិច្ចាគ​ពេលវេលា​ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក​៕

Tag:
 សិទ្ធិមនុស្ស​
  នីតិរដ្ឋ​
  ចក់ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com