ជាតិ
នយោបាយជាតិ
NGO ថា សិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះខ្លាំង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ
× ភ្នំពេញ៖ អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស និងរដ្ឋាភិបាល មានគំនិតផ្ទុយគ្នាលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈមន្ត្រីរដ្ឋាភិបាល មើលឃើញពីភាពល្អប្រសើរនៃសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាទៅវិញ។
ដូចរាល់ឆ្នាំដែរ ការឆ្លើយឆ្លងគ្នាពីរឿងសិទ្ធិមនុស្ស ត្រូវបានលើកឡើងតាមការយល់ឃើញរបស់មន្ត្រីរដ្ឋាភិបាល និងអ្នកធ្វើការលើផ្នែកសិទ្ធិមនុស្ស។ សម្រាប់មន្ត្រីរដ្ឋាភិបាល បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺមានភាពប្រសើរឡើង បើធៀបទៅនឹងប្រទេសធំៗនៅក្នុងសាកលលោក។ ចំណែកមន្ត្រីធ្វើការលើផ្នែកសិទ្ធិមនុស្ស ឬអ្នកការពារសិទ្ធិសេរីភាព តែងតែលើកយកចំណុចអវិជ្ជមានទៅប្រាប់ឲ្យរដ្ឋាភិបាលកែលម្អ។
មន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត ដែលបានចូលរួមបញ្ចេញមតិខ្លួន ក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ បាននិយាយថា សិទ្ធិមនុស្សនៅកម្ពុជាពិតជាមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺមិនត្រឹមតែសហគមន៍ជាតិនោះទេ សូម្បីតែអន្តរជាតិក៏បានមើលឃើញ និងលើកឡើងបញ្ហាសិទ្ធិមនុស្សនេះ មកនិយាយជាមួយរដ្ឋាភិបាលផងដែរ។ បើតាមលោក អំ សំអាត បញ្ហាសិទ្ធិមនុស្ស ដែលលោកឃើញធ្លាក់យ៉ាងគំហុកនោះ គឺនៅក្នុងឆ្នាំ២០១៧តែម្ដង។
មន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត (នៅខាងឆ្វេង) ។ រូបពីហ្វេសប៊ុកសម្ព័ន្ធសមាគមកសិករកម្ពុជា។
ថ្លែងចំពោះមុខមន្ត្រីសិទ្ធិមនុស្ស មេដឹកនាំសហជីព និងប្រជាពលរដ្ឋ នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១០ ធ្នូនេះ លោក សំអាត បានបញ្ជាក់ដូច្នេះថា៖ «ថ្មីៗនេះសហគមន៍អឺរ៉ុបបានលើកឡើងពីបញ្ហានេះហើយក៏បានដាក់ឱសានវាទ ១ឆ្នាំ ដើម្បីឲ្យកម្ពុជាស្តារឡើងវិញពីលទ្ធិប្រជាធិបត្យ និងការគោរសិទ្ធិមនុស្ស ដោយគេភ្ជាប់លក្ខខណ្ឌនឹងប្រព័ន្ធអនុគ្រោះពន្ធ បើមិនមានការស្ដារទេ គេជូនដំណឹងក្នុងការផ្ដាច់»។
សម្រាប់លោក រ៉ុង ឈុន ដែលបានកាន់ក្បាលមេក្រូ និយាយពីចំណុចអវិជ្ជមាននៅក្នុងផ្នែកនយោបាយ ដែលជាដើមចមនាំប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សនោះ ហ៊ានវាយតម្លៃថា បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះដល់ចំនុចសូន្យ។ ការវាយតម្លៃបែបនេះ ក៏ព្រោះតែលោក រ៉ុង ឈុន ផ្ដោតទៅលើទឡ្ហីករណ៍ ដែលរដ្ឋាភិបាលបានធ្វើវិសោធនកម្មលើច្បាប់សហជីព និងច្បាប់អង្គការសង្គមស៊ីវិល។ សម្រាប់លោក រ៉ុង ឈុន ទង្វើរបស់រដ្ឋាភិបាលបែបនេះ គឺជាការបិទសិទ្ធិសេរីភាពសហជីព និងសង្គមស៊ីវិល។
«ក្នុងឆ្នាំ២០១៧ យើងឃើញមានអាជ្ញាធរបានចាប់អ្នកនយោបាយជាបន្តបន្ទាប់ ដាក់ពន្ធនាគារ ដូចជាលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់មកមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលពលរដ្ឋគាំទ្រជាង៣លាននាក់ នេះជាបញ្ហាចម្បង។ បន្ទាប់មកទៀតការបោះឆ្នោតនៅថ្ងៃ២៩ កក្កដា ដែលធ្វើឲ្យអន្តរជាតិថ្កោលទោសថា ការបោះឆ្នោតមិនគោរពច្បាប់ មិនគោរពសិទ្ធិប្រជាធិបតេយ្យ»។ នេះជាការលើកឡើងរបស់ប្រធានសមាគម គ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ឈរកាន់ក្បាលមេក្រូថ្លែងចំពោះមុខសាធារណៈជន
មិនមែនមានតែខាងសង្គមស៊ីវិល និងសហជីពទេ ដែលប្រារព្វសិទ្ធិមនុស្សនេះ ខាងរដ្ឋាភិបាល ក៏ប្រារព្វសិទ្ធិមនុស្សដែរ។ ប៉ុន្តែផ្ទុយពីចំណុចអវិជ្ជមាន ដែលខាងសង្គមស៊ីវិលលើកឡើងខាងលើនេះ ខាងរដ្ឋាភិបាល បានមើលឃើញពីភាពវិជ្ជមាន ក្នុងការអនុវត្តសិទ្ធិមនុស្សរបស់កម្ពុជាទៅវិញ។ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិយាយថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរច្រើន បើប្រៀបជាមួយសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសមួយចំនួននៅតំបន់អាស៊ី រួមទាំងប្រទេសជិតខាងផងដែរ។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (រូបពីហ្វេសប៊ុកលោក កែវ រ៉េមី)
ត្រង់ចំណុចនេះ លោក កែវ រ៉េមី បាននិយាយចំៗថា នៅអូស្រា្តលី ក៏មានបញ្ហាសិទ្ធិមនុស្សដែរ ពាក់ព័ន្ធនឹងការសុំសិទ្ធិជ្រកកោនពីជនភៀសខ្លួន។ ដោយឡែក សហរដ្ឋអាមេរិកវិញ ក៏មានបញ្ហាសិទ្ធិមនុស្សច្រើនដូចគ្នា។
ក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ ដែលរៀបចំឡើងនៅសាលមហាស្រពកោះពេជ្រ នាព្រឹកថ្ងៃទី១០ ធ្នូនេះ បប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បាននិយាយថា៖« ខ្ញុំបានសិក្សាស្រាវជ្រាវទាក់ទងបណ្តាប្រទេសទាំងអស់នៅជុំវិញពិភពលោក គឺមានបញ្ហាសិទ្ធិមនុស្សទាំងអស់ គ្រាន់តែបញ្ហាសិទ្ធិមនុស្សនេះ មានតិចឬច្រើនប៉ុណ្ណោះ»។
លោកស្រី រ៉ូណាល់ ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនេះ លោកស្រី រ៉ូណាល់ ស្មីត បានមកទស្សនកិច្ចនៅកម្ពុជាកាលពីខែមុន ក៏បានលើកទៅនិយាយជាមួយលោក កែវ រ៉េមី ដែរ។ លោកស្រី ស្មីត បានស្នើឲ្យប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រកផ្លូវជំរុញដំណើរការវឌ្ឍនភាព នៃសេរីភាព យុត្តិធម៌ ជាពិសេសការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានរឹងមាំ។ សម្រាប់លោកស្រី ស្មីត អ្វីដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវសហការជាមួយលោកស្រី ឲ្យបានមុតមាំនោះ គឺត្រូវការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ បើតាមអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ ផ្លូវដែលរដ្ឋាភិបាលត្រូវដើរទៅមុខនោះ គឺការធ្វើឲ្យប្រសើឡើងនូវស្ថានភាពសិទ្ធិមនុស្ស ដើម្បីគេចចេញពីបញ្ហាប្រឈមប្រមុខនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ៕
Tag:
សិទ្ធិមនុស្សនៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com