ជាតិ
នយោបាយជាតិ
លោក ពេជ្រ ស្រស់ និងសុខ សុវណ្ណវឌ្ឍនាសាពង្ស ប្រកែកគ្នារឿងផ្ទេរតំណែងអភិបាលខេត្តសៀមរាប
× ភ្នំពេញ៖ សារឆ្លងឆ្លើយគ្នារវាងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន និងលោក សុខ សុវណ្ណវឌ្ឍនាសាពង្ស កំពុងផ្ទុះឡើងជាបន្តបន្ទាប់រយៈពេល២ថ្ងៃនេះ ទាក់ទងនឹងការផ្ទេរតំណែងរបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ ការប្រកែកគ្នានេះ កើតចេញពីសំណេររបស់ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើហ្វេសប៊ុកខ្លួនថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរកឃើញកំហុសជាច្រើន និងបានស្នើឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែងលោក ឃឹម ប៊ុនសុង ពីអភិបាលខេត្ត។
មូលហេតុដែលលោក ពេជ្រ ស្រស់ ប្រកែកជាមួយលោក សុខ សុវណ្ណវឌ្ឍនាសាពង្ស នេះ ដោយសារតែលោកយល់ឃើញថា សំណេររបស់ប្រធានបក្សខ្មែរក្រោកនេះ ជារឿងមិនត្រឹមត្រូវឡើយ ពោលគឺការបញ្ចេញមតិតាមហ្វេសប៊ុកខាងលើ មិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់សមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នោះទេ វាគឺជាមតិផ្ទាល់ខ្លួនរបស់លោក វឌ្ឍនាសាពង្ស ប៉ុណ្ណោះ។ ដោយសារតែបែបនេះហើយ ទើបលោក ពេជ្រ ស្រស់ ចេញមុខប្រកាសបដិសេធមិនទទួលស្គាល់ រាល់ការលើកឡើងរបស់ប្រធានគណបក្សខ្មែរក្រោកឡើយ។
ប្រធានគណបក្សយុវជនកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីដូចគ្នា ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រូបនេះ បានសរសេរនៅលើហ្វេសប៊ុកខ្លួន ឆ្លើយឆ្លងទៅប្រធានគណបក្សខ្មែរក្រោកដូច្នេះថា៖«ប្រតិភូបក្សនីមួយៗនៅក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺមានសិទ្ធិបញ្ចេញនូវមតិរបស់ខ្លួន ប៉ុន្តែមិនបានឆ្លុះបញ្ចាំង ពីមតិប្រតិភូបក្សដទៃនោះឡើយ។ ហើយគណបក្សនីមួយៗដែលក្លាយជាសមាជិកនៃយន្តការឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ គឺមានអធិបតេយ្យ និងឯករាជ្យភាពរបស់ខ្លួន គឺស្ថិតនៅក្នុងក្របខ័ណ្ឌគណបក្សនយោបាយ ដែលមានចែងនៅក្នុងច្បាប់ ស្តីអំពីគណបក្សនយោបាយជាធរមាន។ ហើយចំពោះការបញ្ចេញនូវមតិណាមួយពីប្រតិភូបក្សដែលជាសមាជិកយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដែលមិនមានលក្ខណៈជាផ្លូវការនៅក្នុងក្របខណ្ឌយន្តការ ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ទេនោះ គឺមិនមែនជាមតិ ឬ ជាឆន្ទៈរបស់គណបក្សយុវជនកម្ពុជាយើងខ្ញុំនោះឡើយ»។
មិនតែប៉ុណ្ណោះ លោក ពេជ្រ ស្រស់ ក៏បានស្នើឲ្យលោក សុខ សុវណ្ណវឌ្ឍនាសាពង្ស កែសម្រួលពាក្យពេចន៍ និងឃ្លា ដែលបានសរសេរលើហ្វេសប៊ុកទៀតផង។ ប៉ុន្តែប្រធានគណបក្សខ្មែរក្រោក មិនបានធ្វើតាមការស្នើរបស់លោក ពេជ្រ ស្រស់ ឡើយ។ ប្រធានគណបក្សខ្មែរក្រោក នៅតែប្រកាន់ជំហរថា ការលើកឡើងរបស់ខ្លួន គឺជារឿងត្រឹមត្រូវ ដោយមិនបានប៉ះពាល់ដល់គណបក្សយុវជនកម្ពុជានោះទេ។
តាមរយៈជំហរខ្លួននេះ លោក សុខ សុវណ្ណវឌ្ឍនាសាពង្ស បានសរសេរលើគណនីហ្វេសប៊ុកខ្លួនឈ្មោះ «William Guang» យ៉ាងដូច្នេះថា៖«រាល់សំណេររបស់ខ្ញុំឆ្លុះបញ្ចាំងពីគោលការណ៍របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកមិនពាក់ព័ន្ធនិងបក្សឯកឧត្តម ក៏មិនមានរំលេចឈ្មោះគណបក្សឯកឧត្តមដែរ ! ហើយវាច្បាស់ជាមិនមែនឆ្លុះបញ្ចាំងពីឆន្ទៈឯកឧត្តមនោះទេ អាស្រ័យដូចបានជម្រាបជូនសុំកុំព្រួយបារម្ភខ្លាចមានការភ័ន្តច្រឡំអី ! ឯការស្នើសូមឲ្យខ្ញុំជួយសម្រួលអត្ថបទរបស់ខ្ញុំ ដែលចេញពីឆន្ទៈគណបក្សយើងខ្ញុំ នោះជាការជ្រៀតជ្រែកចូលសិទ្ធជាសម្រេចឯកច្ឆ័នរបស់សមាជិកឧត្តមក្រុមប្រឹក្សាពីគណបក្សខ្មែរក្រោកហើយ ខ្ញុំសុំបដិសេដមិនកែសម្រួលអ្វីឡើយ »។
អភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង ត្រូវបានព្រះមហាក្សត្រតំណែងពីអភិបាលខេត្ត ទៅជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលមានឋានន្តរសក្តិជានាយឧត្តមសេនីយ៍ (ផ្កាយ៤)។ តំណែងអភិបាលខេត្តសៀមរាបរបស់លោក ឃឹម ប៊ុនសុង ត្រូវបានដោយលោក ទៀ សីហា កូនប្រុសសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។
ក្រោយដំណឹងផ្ទេរតំណែងលោក ឃឹម ប៊ុនសុង លេចឭជាសាធារណៈនោះ ស្រាប់តែប្រធានគណបក្សខ្មែរក្រោកលោក សុខ សុវណ្ណវឌ្ឍនាសាពង្ស បានសរសេរលើហ្វេសប៊ុកខ្លួនថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរកឃើញកំហុសជាច្រើន និងបានស្នើឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែងលោក ឃឹម ប៊ុនសុង ពីអភិបាលខេត្ត។ ដោយសារតែសំណេរនេះហើយ ទើបធ្វើឲ្យមានការប្រកែកគ្នារវាងប្រធានគណបក្សខ្មែរក្រោក និងប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ៕
Tag:
ពេជ្រ ស្រស់
ខ្មែរក្រោក
ឃឹម ប៊ុនសុង
© រក្សាសិទ្ធិដោយ thmeythmey.com