អន្តរជាតិ
កាសែត​អាមេរិក​៖ កូនប្រសា​រលោក ត្រាំ អាច​នឹង​ក្លាយជា​នាយខុទ្ទកាល័យ​សេត​វិមាន​
16, Dec 2018 , 7:59 pm        
រូបភាព
​កូនប្រសារ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ លោក Jared Kushner ស្ថិតក្នុង​ចំណោម​បេក្ខជន​មាន​សមត្ថភាព​ដែល​អាច​នឹង​ក្លាយជា​នាយខុទ្ទកាល័យ​សេត​វិមាន​ថ្មី​ជំនួស​លោក John Kelly​។   Kushner បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ស្រាប់​។​


 
​កាសែត​អាមេរិក Huffington Post បាន​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពី​លទ្ធភាព​នៃ​ការតែងតាំង​កូនប្រសារ​របស់ខ្លួន​ជា​នាយខុទ្ទកាល័យ​សេត​វិមាន បន្ទាប់ពី​មាន​កិច្ចប្រជុំ​រវាង​លោក Kuhsner ជាមួយ​ប្រធានាធិបតី​ដើម្បី​ពិភាក្សា​ពី​ការងារ​នេះ​។​
 
​ទោះបីជា​យ៉ាងណាក្តី អ្នកនាំពាក្យ​សេត​វិមាន បាន​ឆ្លើយ​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​មិនបាន​ដឹង​ទាល់តែសោះ​ពី​ការ​ឈានទៅ​តែងតាំង​លោក Kushner ជា​នាយខុទ្ទកាល័យ​ថ្មី​។  លោកស្រី Sarah Sanders បាន​ថ្លែង​ដូច្នេះ​៖« ខ្ញុំ​មិនបាន​ដឹង​ច្បាស់​ឡើយ​ថា លោក Kushner ស្ថិតក្រោម​ការ​ពិ​ចា​ណា ប៉ុន្តែ​ខ្ញុំ​គិតថា យើង​គ្រប់គ្នា​ទទួលស្គាល់​ដែល​ពី​សមត្ថភាព​របស់​លោក​ដែល​សក្តិសម​នឹង​កាន់​រាល់​តួនាទី​ដែល​ប្រធានាធិបតី​ចង់​ឲ្យ​លោក​ដឹកនាំ​»​។​
 
​មកដល់​បច្ចុប្បន្ន​ប្រធានាធិបតី ត្រាំ កំពុង​បន្ត​ស្វែងរក​អ្នក​ដែល​សក្តិសម​នឹង​កាន់តំណែង​ជា​នាយខុទ្ទកាល័យ​ថ្មី​នៃ​សេត​វិមាន​អាមេរិក ក្រោយ​ប្រកាសថា ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​និង​ជា​នាយខុទ្ទកាល័យ​បច្ចុប្បន្ន​លោក John Kelly នឹង​ចាក​ចេញពី​តំណែង​ត្រឹម​ចុងឆ្នាំ​នេះហើយ​។ 
 
​តាមពិតទៅ លោក Kusher ដែលមាន​វ័យ ៣៧​ឆ្នាំ ជា​តួអង្គ​សំខាន់​មួយ​ក្នុងការ​រៀបចំ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​លោក ត្រាំ ជាពិសេស​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។ លោក​ក៏​ជា​ដឹកនាំ​ក្រុមការងារ​ព្រាង​គម្រោង​ចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ដែល​នឹងត្រូវ​ដាក់ចេញ​ជា​ផ្លូវការ​ដោយ​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៩​ដែរ​។​
 
​កន្លងមក គេ​មើលឃើញថា បេក្ខជន​ដែល​សក្តិសម​នឹង​តំណែង​ជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​បុគ្គលិក​នៅ​សេត​វិមាន​នោះ​រួមមាន​លោក Nick Ayres  និង Mark Meadows ។ ប៉ុន្តែ Nick Ayres បច្ចុប្បន្ន​ជា​នាយខុទ្ទកាល័យ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន បានប្រកាស​ហើយ​ថា​លោក​សម្រេច​ដក​បេក្ខភាព​ចេញ​ការ​ប្រជែង​យក​តំណែង​មួយ​នេះ​។ ចំណែក Mark Meadows ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ បក្ស​សាធារណរដ្ឋ​នៅ រដ្ឋ North Carolina ធ្លាប់​បង្ហាញ​ឆន្ទៈ​ចង់​កាន់កាប់​ការងារ​នេះដែរ ប៉ុន្តែ​ក្រោយមក​ក៏​សម្រេច​ដក​បេក្ខភាព​ខ្លួន​ដូចគ្នា​។ 
 
​ប៉ុន្តែ​ការតែងតាំង​លោក Kushner ជា​នាយខុទ្ទកាល័យ​សេត​វិមាន​នៅពេល​ខាងមុខ​នឹង​ទាក់ទាញ​ការទិតៀន​ជាថ្មី​ពី​សាធារណជន ជុំវិញ​ការបង្កើត​ចរន្ត​បក្សពួក និង​គ្រួសារនិយម​ក្នុង​រដ្ឋបាល​ដឹកនាំ​របស់លោក ត្រាំ ផងដែរ​។ កន្លងមក​គេ​ធ្លាប់​រិះគន់​ម្តង​ហើយ ដោយ​លោក Kushner ក្លាយជា​ទីប្រឹក្សា​របស់លោក ត្រាំ ទាំង​មិនដែល​បទពិសោធន៍​ពាក់ព័ន្ធ​ការងារ​រដ្ឋាភិបាល​សោះ​៕
 

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  Jared Kushner
  ខុទ្ទកាល័យ​សេត​វិមាន
© រក្សាសិទ្ធិដោយ thmeythmey.com