កីឡាជាតិ
ជាតិ
លោក ស សុខា តែងតាំង​លោកស្រី កែ សួន​សុ​ភី ជា​ប្រធាន​ក្លិប​វិសាខា​
17, Dec 2018 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី កែ សួន​សុ​ភី ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមកីឡា​បាល់ទាត់​វិសាខា ជំនួស​ស្វាមី​របស់ខ្លួន គឺ​លោក ស សុខា បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការតែងតាំង​នេះ ត្រូវបាន​ប្រកាស​ក្នុង​កម្មវិធី​ផ្លូវការ​មួយ​របស់​ក្លិប​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែធ្នូ ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ឪពុក​បង្កើត​របស់លោក ស សុខា​។​


 
​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ​ផ្លូវការ​របស់​វិសាខា លោក ស សុខា បានលើកឡើង​ពី​ភារកិច្ច​ដ៏​មមាញឹក​របស់ខ្លួន​ក្នុង​ស្ថាប័នរដ្ឋ ជាពិសេស​ក្នុងតួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​លោក​សន្យា​បន្ត​ជំរុញ​លើកទឹកចិត្ត​ក្រុមការងារ​របស់ខ្លួន​។​


 
​នាឱកាស​នោះដែរ លោកស្រី កែ សួន​សុ​ភី ដែលជា​កូនស្រី​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក្លាយជា​ស្ត្រី​ទី​ពីរ​នៅ​កម្ពុជា ដែល​ក្លាយជា​ប្រធាន​ក្លិប​ក្រុមកីឡា​បាល់ទាត់​លំដាប់​កំពូល​។ លោកស្រី ពុធ ធីតា គឺជា​ស្ត្រី​ដំបូង​ដែល​បាន​ក្លាយជា​អ្នកគ្រប់គ្រង​ក្លិប​បាល់ទាត់ បន្ទាប់ពី​គ្រួសារ​របស់លោក​ស្រី​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លិប​បឹងកេត​។​


 
​លោកស្រី កែ សួន​សុ​ភី បាន​សម្ដែង​នូវ​សេចក្ដី​សប្បាយរីករាយ​ក្រៃលែង ដោយ​ទទួលបាន​សេចក្ដីទុកចិត្ត​ពី​លោក ស សុខា ក្នុងការ​ដឹកនាំ​ក្លិប​បាល់ទាត់​វិសាខា ហើយ​លោកស្រី​ប្ដេជ្ញា ដឹកនាំ​ក្លិប​ឆ្ពោះទៅរក​ភាព​រីកចម្រើន តាមរយៈ​ការធ្វើការងារ​ជា​ក្រុម និង​សហការ​ជាមួយ​គណៈ​គ្រប់គ្រង​ក្លិប ដែលមាន​បទពិសោធន៍ ដើម្បី​ធ្វើ​ឲ្យ​ក្លិប​វិសាខា កាន់​តែមាន​សក្ដានុពល​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ នា​ថ្ងៃ​អនាគត ៕

Tag:
 បាល់ទាត់​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com