អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ រក​ច្រក​ចេញពី​សង្គ្រាម​១៧​ឆ្នាំ អាច​បើកផ្លូវ​ឲ្យ​តា​លី​បង់​ដណ្តើម​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅគ្រប់​គ្រង​វិញ​?
25, Dec 2018 , 6:20 pm        
រូបភាព
សង្គ្រាម​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ឈានដល់​អាយុកាល ១៧​ឆ្នាំ​ត្រឹម​ខែតុលា​កន្លង​ទៅនោះ​ក្លាយជា​ប្រធានបទ​ពិភាក្សា​ដ៏​ក្តៅគគុក​ជាថ្មី​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ជា​ផ្លូវការ​ដោយ​ដកទ័ព​អាមេរិក​យ៉ាងតិច ៥០០០​នាក់​ចេញពី​អា​ហ្វ​ហ្គ​នី​ស្ថាន​។ ការសម្រេចចិត្ត​មួយ​នេះ​ស្របតាម​ការសន្យា​របស់​លោក ត្រាំ កាលពីមុន ព្រោះ​លោក​តែង​ចោទសួរ​ពី​ការ​ចាយលុយ​ខ្ជះខ្ជាយ​ក្នុង​សង្គ្រាម​ដែល​រក​ជ័យជម្នះ​មិនឃើញ​។ ប៉ុន្តែ​ការសម្រេចចិត្ត​នេះ​ទំនងជា​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ី​កណ្តាល​អា​ហ្វ​ហ្គា​នី​ស្ថាន​លង់ខ្លួន​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ ឬ​អាច​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ក្រុង​តា​លី​បង់​ជាថ្មី​ផងដែរ​។ 
 

​ចុង​សប្តាហ៍​កន្លងទៅ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដក​កងទ័ព​អាមេរិក​យ៉ាងហោចណាស់ ៥០០០​នាក់​ក្នុងចំណោម​ទ័ព ១៤០០០​នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ពេលដែល​លោក​ប្រកាស​ដកទ័ព​ទាំងស្រុង ២០០០​នាក់​ពី​ស៊ី​រី​ដែរ​។ ការសម្រេចចិត្ត​របស់​លោក ត្រាំ មានការ​ជំទាស់​ពី​សមាជិក​គណៈរដ្ឋមន្ត្រី​របស់លោក​ផង និង​មានការ​ទិតៀន​ពី​ក្រុម​អ្នកជំនាញ​សន្តិសុខ​ដូចគ្នា​។ គ្មាន​ការប្រឹក្សា​ជាមួយគេឯង​ជាមុន​ឡើយ ហើយ​រដ្ឋមន្ត្រី​ការពារជាតិ​លោក ជេ​ម ម៉ា​ធី​ស ក៏​សុខចិត្ត​លាលែង​ពី​តំណែង​ដែរ​ក្រោយ​លោក ត្រាំ សម្រេចចិត្ត​បែបនេះ​។ 
 
​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​អាយុកាល ១៧ ឆ្នាំ​ល្មម នៅពេលដែល​អាមេរិក​ប្រកាស​ដកទ័ព​ប្រហែល​ពាក់កណ្តាល​នេះ​។ លោក ត្រាំ ធ្លាប់​និយាយ​ច្រើនដង​ថា​លោក​មិន​ពេញ​ចិត្តនឹង​ការបន្ត​ធ្វើសង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ ដ្បិតថា វា​ជាការ​ខ្ជះខ្ជាយ​លុយ​ច្រើនសន្ធឹក​សន្ធាប់​របស់​ប្រជាជន​អាមេរិក​។ លោក​អះអាង​ផងដែរ អ្វីដែល​លោក​ធ្វើ​គឺជា​ការសន្យា​របស់លោក​ចំពោះ​អ្នកគាំទ្រ​តាំងពី​ពេល​ឃោសនាបោះឆ្នោត​ម្ល៉េះ​។ 
 
​ថ្វីបើ​លោក ត្រាំ អះអាង​បែបនេះ​ក្តី ប្រធានាធិបតី​រូបនេះ​ធ្លាប់​ប្តូរ​ជំហរ​របស់ខ្លួន​ម្តង​រួចទៅហើយ​កាលពី​ឆ្នាំមុន​ពេលដែល​លោក​ត្រូវ​ប្រកាស​យុទ្ធសាស្ត្រ​អាមេរិក​ថ្មី​ក្នុង​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​ប្រកាស​ក្នុង​ខែសីហា​ថា រដ្ឋបាល​អាមេរិក​នឹង​បង្កើន​កងទ័ព​អាមេរិក​នៅ​បន្ត​ដោះស្រាយ​បញ្ហា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​លោក​សង្ឃឹមថា យុទ្ធសាស្ត្រ​ថ្មី​របស់​រដ្ឋបាល​លោក​នឹង​នាំមក​នូវ​ជ័យជម្នះ​ក្នុង​សង្គ្រាមរ៉ាំរ៉ៃ​នេះ​ផងដែរ​។ 
 
​លោក ត្រាំ កាលនោះ​ពន្យល់​បន្ថែមថា តែ​ពេលនេះ​លោក​យល់ច្បាស់ ហើយ​ការសម្រេចចិត្ត​ដកទ័ព​ប្រៀប​បីដូច​ជាការ​មិន​អើពើ​ចំពោះ​កងទ័ព​អាមេរិក​ជាច្រើន​នាក់​ដែល​បាន​ពលី​ក្នុង​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ពី​ឆ្នាំ ២០០១​មក​នោះ​។ អ្វីដែល​សំខាន់ វា​នឹង​បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម​ធំ​ព្រោះ​អវត្តមាន​អាមេរិក​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ភេរវជន​អាច​ពង្រីក​បណ្តាញ​របស់​ខ្លួន​បាន​ដូចដែល​អ្វីដែល​កើតឡើង​នៅ​អ៊ីរ៉ាក់​ដូច្នេះ​ដែរ​។  
 
​ប៉ុន្តែ​បទបញ្ជា​ឲ្យ​កងទ័ព​អាមេរិក​ប្រហែល​ពាក់កណ្តាល​ចាកចេញ​របស់លោក ត្រាំ កំពុង​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​ក្នុងចំណោម​អ្នកជំនាញ​សន្តិសុខ​ដ្បិត​វា​នឹងមាន​ផលប៉ះពាល់​លើ​ដំណើរ​ការចរចា​សន្តិភាព និង​ធ្វើ​ឲ្យ​ក្រុម​តា​លី​បង់​មានលទ្ធភាព​ប្រឆាំង​រដ្ឋ​បា​ភិ​បាល​ក្រុង​កា​ប៊ុល​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អាមេរិក​មាន​ទ័ព​សរុប ១៤០០០ នាក់​ដែល​ខ្លះ​ស្ថិតក្នុង​ប្រតិបត្តិការ​ណា​តូ​ដើម្បី​ជួយ​គាំទ្រ​ដល់​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ខ្លះទៀត​ជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ដែលមាន​គោលដៅ​កម្ចាត់​ក្រុម​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម និង​អាល់​កៃ​ដា​ផង​។ ប្រទេស​ជាង​៣០​ផ្សេងទៀត​មាន​ទ័ព​ប្រហែល ៨០០០​នាក់​ដែរ​ហើយ​ពួកគេ​ផ្តោត​តែ​លើ​ការងារ​ប្រឹក្សាសឹក និង​ហ្វឹកហ្វឺន​បំពាក់បំប៉ន​កងទ័ព​ប៉ុណ្ណោះ​។  
 
​យ៉ាងណាមិញ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​អះអាង​ប្រកបដោយ​ភាពជឿជាក់​ថា ការ​ដកទ័ព​អាមេរិក​មិនមាន​បញ្ហា​សម្រាប់​ខ្លួន​ទេ​ព្រោះ​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​ពឹង​ខ្លួនឯងបាន​លើ​ការធានា​សន្តិសុខ​។ លោក​Haroon Chakansuri អ្នកនាំពាក្យ​ប្រធានាធិបតី Ashraf Ghani បាន​អះអាងថា ចាប់ពី​ឆ្នាំ ២០១៤ តួនាទី​កងទ័ព​អាមេរិក​ត្រឹម​ប្រឹក្សា និង​ជួយ​បង្វឹក​ទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយ​អាមេរិក​ប្រកាស​ដកទ័ព ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រេច​ប្តូរ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ និង​មហាផ្ទៃ​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ឡើងវិញ​។​
 
​តាមពិតទៅ សមត្ថភាព​ការពារ​សន្តិសុខ​ខ្លួនឯង​គឺជា​រឿង​អាច​ទុកចិត្ត​បានឡើយ​។ ក្រុម​ភេរវជន​បើក​ការវាយប្រហារ​ជាប្រចាំ​នៅ​កា​ប៊ុល និង​ទីតាំង​ផ្សេងទៀត​ពាសពេញ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងមូល ខណៈដែល​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​នេះ​អសមត្ថភាព​ក្នុងការ​ទប់ស្កាត់ និង​ឆ្លើយតប​។ សូម្បីតែ​នៅ​ថ្ងៃ​អង្គារ​ទី ២៥ ខែធ្នូ​នេះ មនុស្ស​យ៉ាងតិច ២០​នាក់​បាន​ស្លាប់​ដោយសារ​ខ្មាន់កាំភ្លើង​វាយប្រហារ​លើ​អាគារ​រដ្ឋាភិបាល និង​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ទៀតផង​។​
 
-​អាមេរិក​ពិតជា​ខ្ជះខ្ជាយ​លុយ​ក្នុង​សង្គ្រាម ប៉ុន្តែ​ដកទ័ព​ចេញ​អាចបង្កើត​ចលាចល​សន្តិសុខ​កាន់តែខ្លាំង 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចាប់តាំងពី​ឆ្នាំ ២០០២ មកដល់​ឆ្នាំ ២០១៦ អាមេរិក​បាន​ចំណាយលុយ​យ៉ាងហោចណាស់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​បំពាក់បំប៉ន​សមត្ថភាព​និង​បំពាក់អាវុធ​ឲ្យ​ក្រុម​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​តទល់​ក្រុម​តា​លី​បង់​។ បើ​យោងតាម​ការវាយតម្លៃ​ជារួម​របស់​សភា​អាមេរិក ការចំណាយ​លើ​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​កើន​ដល់ ៦៨៥, ៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ បើ​អាមេរិក​នៅ​បន្តទៀត​ក្នុង​រយៈពេល​វែង មានការ​វាយតម្លៃ​អាមេរិក​នឹង​ខាត​បង់លុយ​មិនតិចជាង ប្រាំមួយ​ទ្រី​លាន​ដុល្លារ​ឡើយ​
 
​ប៉ុន្តែ​ជុំវិញ​ការបញ្ជា​ដក​កងទ័ព​អាមេរិក​ចេញ ត្រូវបាន​អ្នកជំនាញ​អះអាងថា នឹងមាន​ផលប៉ះពាល់​ដល់​ស្ថានការណ៍​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជារួម និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរ​ការចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​និង​ក្រុម​តា​លី​បង់​ដែល​កំពុង​ដង្ហោយ​រក​ការសង្គ្រោះ​ស្រាប់​នោះ​។ ក្រុម​អ្នកការទូត​អាមេរិក​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការចរចា បាន​អះអាងថា ក្រុម​តា​លី​បង់​នៅតែ​គ្មាន​ឆន្ទៈ​ចូល​តុ​ចរចា ហើយ​ការបាត់បង់​ការគាំទ្រ​ពី​អន្តរជាតិ​ជាពិសេស​ពី​អាមេរិក​រឹតតែ​ធ្វើ​ឲ្យ​តា​លី​បង់អស់​ឆន្ទៈ​ចូល​ចរចា​ថែមទៀត​។ ក្រុម​នេះ​ជ្រើស​រើសយក​ការបន្ត​ប្រើប្រាស់​អាវុធ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​អំណាច​មក​ក្តោប​ក្តាប់​វិញ​ដោយសារ គេ​ឃើញថា រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​អសមត្ថភាព​។ 
 
​ដោយឡែក​ក៏​ក្រុម​អ្នកជំនាញ​សន្តិសុខ​ក៏​ប្រដូច​ការដក​ទ័ព​អាមេរិក​នៅពេលនេះ​ទៅនឹង​ពេលដែល​សហភាពសូវៀត​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ឆ្នាំ ១៩៨៩ ក្រោយ​ចាញ់​សង្គ្រាមត្រជាក់​ដែរ​។ ការដក​ទ័ព​សូ​វៀត​ចេញ​នេះហើយ​ដែល​នាំ​ឲ្យ​មាន​ចលាចល និង​ការផ្តួលរំលំ​របប​ដឹកនាំ​លោក​ប្រធានាធិបតី​
Mohammad Najibullah ដោយ​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម មូ​ចា​ហ៊ី​ឌី​ន នៅ​ឆ្នាំ​១៩៩២ និង​មានការ​លេចឡើង​ក្រុម​តា​លី​បង់​ឆ្នាំ ១៩៩៤​។ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​កំពុង​ហ៊ុមព័ទ្ធ​ដោយ​បញ្ហា​ច្រើន​រាប់មិនអស់ និង​ត្រៀម​បោះឆ្នោត​ប្រធានាធិបតី​ខែមេសា​ខាងមុខ​ស្រាប់​នោះ អាច​នឹង​ធ្លាក់​ផុង​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ និង​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល​ជាថ្មីទៀត​ដែរ​។ 
 
 
​ក្រៅពី​តា​លី​បង់ និង​ត្រឡប់មកវិញ​នូវ​សង្គ្រាមស៊ីវិល អវត្តមាន​កងទ័ព​អាមេរិក​ដែល​បន្ត​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​អាល់​កៃ​ដា នឹង​ក្លាយជា​ឱកាស​សម្រាប់​ក្រុម​ភេរវជន​ពង្រឹងកម្លាំង​ឡើងវិញ​។ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​មាន​បណ្តាញ​របស់​ខ្លួន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រួចមកហើយ​តាំងពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ដោយសារ​កម្លាំង​អន្តរជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាពិសេស​ប្រតិបត្តិការ​សឹក​របស់​ទាហាន​អាមេរិក​ទើប​ធ្វើ​ឲ្យ​ក្រុម​នេះ​ពិបាក​ផ្តុំ​កម្លាំង​បង្កើន​ឥទ្ធិពល​បាន​។ ដូច្នេះហើយ​តិច​ឬ​ច្រើន អាមេរិក​ដកទ័ព​ចេញ​ជា​រឿង​អាក្រក់​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​ភេរវជន​។ 
 
-​ប្រវត្តិ​សង្គ្រាម «​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​»​ដែល​បញ្ឆេះ​ដោយ​អាមេរិក​នៅ​ខែតុលា​ឆ្នាំ ២០០១

​ក្រោយ​មាន​វាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម ពិភពលោក នៅក្នុង​ខែកញ្ញា ឆ្នាំ ២០០១ អាមេរិក ដែល​ស្ថិតក្រោម​រដ្ឋបាល​លោក George W. Bush បានប្រកាស​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន ហើយ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្លាយជា​គោលដៅ​នៃ​ការឈ្លានពាន​របស់​អាមេរិក​មុនគេ ពោលគឺ​មុន​អ៊ីរ៉ាក់​។ រដ្ឋបាល​អាមេរិក​ពេលនោះ​យល់ថា សោកនាដកម្ម​នៃ​ការវាយប្រហារ​អាគារ​ពា​ណិ​ជ្ជ​កម្ម​ពិភពលោក​បង្កឡើង​ដោយ​មេក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ដែល​លាក់ខ្លួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​។ ក្រោយមក​អាមេរិក​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ដែល​កាន់កាប់​ដោយ​ក្រុម​តា​លី​បង់​ប្រគល់​ខ្លួន  អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ឲ្យ​ខ្លួន​ដើម្បី​កាត់ទោស​។ ប៉ុន្តែ​មេដឹកនាំ​ក្រុម​តា​លី​បង់ Mullah Omar បាន​បដិសេធ​សំណើរ និង​ទារ​រក​ភ័ស្តុតាង​ពី​ក្រុង​វ៉ាស៊ីនតោន​ថែមទៀត​។ 
 
​ដោយ​ខឹង ក្រុម​តា​លី​បង់​មិន​ស្តាប់​ការស្នើសុំ អាមេរិក​សម្រេច​ធ្វើសង្គ្រាម​ជាមួយ​អា​ហ្វ​ហ្កា​នី​ស្ថាន​តែម្តង​។  ថ្ងៃ ៧ ខែតុលា ឆ្នាំ ២០០១ ដដែល កងទ័ព​អាមេរិក កងកម្លាំង​សម្ព័ន្ធមិត្ត​អាមេរិក និង​ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​របប​ក្រុង​កា​ប៊ុល​បានចាប់ផ្តើម​សង្គ្រាម​ប្រឆាំង​របប​ដឹកនាំ​ក្រុម​តា​លី​បង់​នៅ​កា​ប៊ុល​។ តាមពិតទៅ​សង្គ្រាម​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវបាន​គេ​បែងចែក​ជា​បី​ជំហាន​។​
 
-​សង្គ្រាម​បី​ជំហាន​រំដោះ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​បរាជ័យ​

​ជំហាន​ទីមួយ​មាន​រយៈពេល​ត្រឹមតែ ២ ខែ​ប៉ុណ្ណោះ​ដោយ​ចាប់ផ្តើម​ពី​ខែតុលា​ដល់​ឆ្នាំ ២០០២ ដោយ​សង្គ្រាម​នេះ​ផ្តោតលើ​ការផ្តួលរំលំ​ក្រុម​ភេរ​វករ​តា​លី​បង់​ដែល​កំពុង​គ្រប់គ្រង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​ជំហាន​ទី​ពីរ ត្រូវបាន​គេ​កំណត់​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៨ ដោយ​អាមេរិក​ផ្តោត​ការ​កម្ចាត់​ក្រុម​តា​លី​បង់ និង​ស្តារ​ក៏ដូចជា​កសាងឡើង​វិញ​នូវ​ស្ថាប័ន​ស្នូល​សំខាន់ៗ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាពិសេស​រៀបចំ​បង្កើតរ​ដ្ឋា​ភិ​បាល​ត្រឹមត្រូវ​ដើម្បី​គ្រប់គ្រង​និង​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ប្រទេស​ទាំងមូល​។ នា​ខែឧសភា ឆ្នាំ ២០០៣ រដ្ឋមន្ត្រី​ការពារជាតិ Donald Rumsfeld បានប្រកាសថា ការប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ​បាន​ឈានដល់​ទីបញ្ចប់​ហើយ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​កងទ័ព​អាមេរិក ៨​ពាន់​នាក់​ឈរជើង​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​រក្សា​សន្តិសុខ​ទម្រាំ​មានការ​បោះឆ្នោត​។ 
 
​ក្នុង​ខែតុលា ឆ្នាំ ២០០៤ ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​លើ​ដំបូង​មួយ​ត្រូវបាន​គេ​រៀបចំឡើង ហើយ​លោក Hamid Karzai បាន​ក្លាយជា​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ផ្លូវការ​។​លោក Karzai បាន​ដើរតួនាទី​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​អា​ហ្វ​ហ្គា​នី​ស្ថាន​តាំងពី​ដើមឆ្នាំ ២០០២ មុន​មានការ​បោះឆ្នោត​ប្រធានាធិបតី​ត្រឹមត្រូវ​។​
 
​ចំណែក​ជំហាន​ទី​បី ចាប់ផ្តើម​ពី​ឆ្នាំ ២០០៨ ហើយ​សង្គ្រាម​អាមេរិក​ផ្តោត​សំខាន់​លើ​ការប្រឆាំង​ក្រុម​ឧទ្ទាម​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​ការដឹកនាំ​នៅ​អាមេរិក​នៅ​ឆ្នាំ ២០០៩ ពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឡើងកាន់តំណែង ចំនួន​កងទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវបាន​គេ​បង្កើន​ក្នុង​លក្ខណៈ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ នេះ​ក៏ដោយ​សារ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ក្នុងពេល​លោក​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ថា លោក​នឹង​បញ្ចប់សង្គ្រាម​អាមេរិក​នៅ​បរទេស​ជាពិសេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នេះ​តែម្តង​។  ត្រឡប់មកវិញ កងទ័ព​ទាំងនោះ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការការពារ​ជន​ស៊ីវិល​ពី​ការវាយប្រហារ​របស់​ក្រុម​តា​លី​បង់ និង គាំទ្រ​គោលនយោបាយ​សមាហរណកម្ម​ក្រុម​តា​លី​បង់​ចូលក្នុង​សង្គម​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ​។​
 
​រហូតដល់​ដើមឆ្នាំ ២០១១ សហរដ្ឋអាមេរិក​ចាប់ផ្តើម​ផ្ទេរ​ការទទួលខុសត្រូវ​ផ្នែក​សន្តិសុខ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​បណ្តើរៗ​ពោលគឺ កងកម្លាំង​ទាហាន​និង​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន​នេះ​តែម្តង​។ ប៉ុន្តែ​ជា​អកុសល ការវាយប្រហារ​និង​ចលនា​វិទ្ធង្សនា​ប្រឆាំង​រដ្ឋាភិបាល​និង​ជន​ស៊ីវិល​នៅតែ​បន្ត​កើតមានឡើង​ឥត​ល្ហែ​នៅ​ទូទាំងប្រទេស ហើយ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​មិនមាន​លទ្ធភាព​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទទួលខុសត្រូវ​រក្សា​សន្តិសុខ​ខ្លួនឯង​បានដែរ​។​
 
​ក្នុង​ចុងឆ្នាំ ២០១៤ ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ក្រុម​តា​លី​បង់​របស់​អាមេរិក និង​បក្សសម្ព័ន្ធ​យោធា​ណា​តូ បានបញ្ចប់​ជា​ផ្លូវការ ដែល​វា​មានន័យថា ទ័ព​អាមេរិក​និង​សម្ព័ន្ធមិត្ត​លែង​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​ក្រុម​តា​លី​បង់​ដោយផ្ទាល់​ទៀតឡើយ​។ អាមេរិក​នៅ​បន្ត​រក្សាទុក​កងទ័ពរ​បស់​ខ្លួន​មួយចំនួន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​កងទ័ព​ទាំងនោះ​មិន​ពាក់ព័ន្ធ​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​តា​លី​បង់​ទេ ប៉ុន្តែ​ដូច​បានលើកឡើង​ខាងលើ​ស្រាប់​ពួកគេ​មាន​គោលដៅ​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ក្រុម​អាល់​កៃ​ដា​។ 
 
​គិត​ទៅ រយៈពេល​ជិត​ពីរ​ទសវត្ស​រ៍ហើយ បើទោះជា​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​រំដោះ​ចេញពី​កណ្តាប់ដៃ​ក្រុម​តា​លី​បង់ និង​មាន​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ក៏ដោយ គេ​មិនឃើញ​សញ្ញា​វិជ្ជមាន​ណាមួយ​ដែល​បញ្ជាក់ថា​ប្រទេស​នេះ​រួច​ផុតពី​បញ្ហា​អស្ថិរភាព​នយោបាយ​និង​សន្តិសុខ​ឡើយ​។ ការប្រយុទ្ធ​គ្នា​នៅតែ​រវាង​កងកម្លាំងរ​ដ្ឋា​ភិ​បាល និង​ក្រុម​តា​លី​បង់​រួមជាមួយ​ការវាយប្រហារ​និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជាដើម​ដែល​ឆក់យក​ជីវិត​ជន​ស៊ីវិល​ស្ទើរ​រាល់ថ្ងៃ​។ 
 
​ត្រឡប់មក​ទៅ​មើល ការចរចា​រវាង​រដ្ឋា​ភិ​បាល​ក្រុង​កា​ប៊ុល និង​ក្រុម​តា​លី​បង់​នៅជាប់​ទ្រឹង​ទៅមុខ​មិន​រួច ហើយ​អាមេរិក​ក៏​កំពុង​ព្យាយាម​រក​ផ្លូវ​ដកខ្លួន លែង​ទទួលខុសត្រូវ​ចំពោះ​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំ​ស្រុង​ទៅទៀត ហើយ​ទុក​ឲ្យ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រេច​លើ​ជោគវាសនា​នៃ​ប្រទេសជាតិ​របស់ខ្លួន ទប់ទល់​ក្រុម​តា​លី​បង់​វិញ​។ កន្លងមក មាន​អ្នកខ្លះ​ប្រដូច​ការដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ទៅនឹង​ការបោះបង់ចោល​វៀតណាម​ក្នុង​ឆ្នាំ ១៩៧៣ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី រី​ឆាត និ​ច​សុន ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com