ជាតិ
សេ​ដាក នាំ​កសិករ​, អ្នកជំនួញ និង​អ្នកកាសែត​សិក្សា​ពី​ដំណាំ​កាហ្វេ​សរីរាង្គ​នៅ​ប្រទេស​ឡាវ​
27, Dec 2018 , 2:43 pm        
រូបភាព
ខេត្ត​ចម្ប៉ាសាក់ (ឡាវ)​៖ ​៖ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (​អង្គការ​សេ​ដាក​) បាន​ដឹកនាំ​តំណាង​ហាង​កាហ្វេ​សរីរាង្គ​, សមាគម​អ្នក​ផលិត​កសិផល​សរីរាង្គ​, បុគ្គលិក​សេ​ដាក និង​អ្នកសារព័ត៌មាន​ចំនួន​សរុប​ចំនួន​១២​នាក់ មក​សិក្សា​ស្វែងយល់​ពី​កាហ្វេ​សរីរាង្គ​នៅ​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ​។ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃនេះ លោកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​នេះ រៀបចំ​ក្នុង​គោលបំណង​ផ្សារភ្ជាប់​ទីផ្សារ​កាហ្វេ​កម្ពុជា និង​ឡាវ រួមទាំង​ការពង្រីក​ទីផ្សារ​កាហ្វេ​។


​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦-២៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្រុមការងារ​សេ​ដាក​, តំណាង​សមាគម​អ្នក​ផលិត​កសិផល​សរីរាង្គ​, តំណាង​ម្ចាស់​ហាង​កាហ្វេ​សរី​រាង្គ និង​អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com) និង​អង្គភាព​ព័ត៌មាន Fresh News នឹង​ទៅ​សិក្សា​ស្វែងយល់​ពី​ការដាំ​ដំណាំ​ការ​ហ្វេ និង​ទស្សនា​ចម្ការ​ការ​ហ្វេ​របស់​កសិករ​ឡាវ នៅ​ស្រុក​ប៉ាក​សង ដែល​ដាំ​ដុះ​កាហ្វេ​ចំនួន២​ប្រភេទ Robusta និង Arabica ជាពិសេស​កាហ្វេ Arabica ដែល​ត្រូវការ​អាកាសធាតុ​ត្រជាក់​ក្នុង​រយៈកម្ពស់​ខ្ពស់ ទើប​អាច​ទទួលផល​បាន​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច អង្គការ​សេ​ដាក ក៏​នឹង​សហ​ការចុះពិនិត្យ​ស្ដង់ដារ​សរីរាង្គ​សេ​ដាក​នៅក្នុង​ចម្ការ​កាហ្វេ​របស់​កសិក​រ​ឡាវ​នៅ​ទីនោះ​ផងដែរ​។​​







 

 

© រក្សាសិទ្ធិដោយ thmeythmey.com