អន្តរជាតិ
អាមេរិក​ប៉ា​គី​ស្ថាន​ពិនិត្យឡើងវិញ​កិច្ចប្រឹងប្រែង​សន្តិភាព​អា​ហ្វ​ហ្គា​នី​ស្ថាន​
28, Dec 2018 , 7:59 pm        
រូបភាព
ឧត្តម​សេនីយ៍​ Austin Scott Miller និង​​ឧត្តម​សេនីយ៍សហរដ្ឋ​អាមេរិក​និង​កងកម្លាំង​ NATO ក្នុង​ប្រទេសអាហ្វហ្គានីស្ថានជួប​ជាមួយមេបញ្ជាការ​ទ័ពប៉ាគីស្ថាន Qamar Javed Bajwa ក្នុង​ទីក្រុង​ Rawalpindi កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៨។
ឧត្តម​សេនីយ៍​ Austin Scott Miller និង​​ឧត្តម​សេនីយ៍សហរដ្ឋ​អាមេរិក​និង​កងកម្លាំង​ NATO ក្នុង​ប្រទេសអាហ្វហ្គានីស្ថានជួប​ជាមួយមេបញ្ជាការ​ទ័ពប៉ាគីស្ថាន Qamar Javed Bajwa ក្នុង​ទីក្រុង​ Rawalpindi កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៨។
ដោយ: VOA
​ក្រុមមន្ត្រី​បាន​និយាយថា មេបញ្ជាការ​កងកម្លាំង​បរទេស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​ជាមួយ​មេបញ្ជាការ​កងទ័ព​ប៉ា​គី​ស្ថាន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សះផ្សា​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

 
​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍ Austin Scott Miller បាន​កើតឡើង​ចំពេល​មាន​របាយការណ៍​អំពី​ការ​ដកទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ការជំរុញ​ជាថ្មី ឲ្យ​មាន​ការចរចា​សន្តិភាព​ជាមួយ​ក្រុម​បះបោរ​តា​លី​បង់​ដើម្បី​បញ្ចប់សង្គ្រាម​ចំណាស់​១៧​ឆ្នាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ 
 
​សេចក្តីប្រកាស​របស់​ក​ង​ទ័ព​បាន​និយាយថា ឧ​ត្ត​ម​សេនីយ៍ Qamar Javed Bajwa នៃ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ប្រា​ប់លោក Miller ថា រដ្ឋាភិបាល​ក្រុង Islamabad តាំងចិត្ត​សម្រេច​កិច្ចប្រឹងប្រែង​សន្តិភាព​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​សេចក្តីថ្លែងការណ៍​នេះ​បាន​កត់សម្គាល់ថា «​ភាគី​ទាំងពីរ​បាន​សម្តែង​ឆន្ទៈ​ជា​ឯកច្ឆ័ន្ទ​អំពី​សារៈសំខាន់​នៃ​ដំណោះស្រាយ​នយោបាយ​សម្រាប់​ស្ថានភាព​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​បាន​គូសបញ្ជាក់ថា មានតែ​ដំណើរ​ការដែល​សម្រេច​និង​គ្រប់គ្រង​ដោយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ខ្លួនឯង​ទេ ដែល​អាច​សម្រេចបាន​ស​ន្តិ​ភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​»​។​
 
​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ត្រូវបាន​គេ​ចោទថា បានផ្តល់​ជម្រក​ដល់​អ្នកដឹកនាំ​ពួក​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​បានទទួល​កិត្តិយស​សម្រាប់​ការរៀបចំ​«​ការចរចា​សន្តិភាព​» ដោយផ្ទាល់​រយៈពេល​ពីរ​ថ្ងៃ​រវាង​អាមេរិក​និង​ក្រុម​បះបោរ​កាលពីដើម​ខែធ្នូ​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com