ជាតិ
ផ្ទាំងទស្សនីយភាព​ដ៏​កម្រ​បី​ទម្រង់​សម្ដែង​ក្នុង​ឆ្នាំ​២០១៨
30, Dec 2018 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ឆ្នាំ​២០១៨ ផ្ទាំងទស្សនីយភាព​ដ៏​កម្រ​នៃ​ការសម្ដែង​សិល្បៈ​បុរាណ និង​ទំនើប​ចម្រុះ បានបង្ហាញ​បី​ទម្រង់​ផ្សេងគ្នា ដែល​ទទួលបាន​អ្នកទស្សនា​យ៉ាងច្រើន​កុះករ​។ ទស្សនីយភាព​កម្រ​ទាំងបី​នោះ​មាន ការសម្ដែង​របាំ​អាយុកាល​ជាង​១០០​ឆ្នាំ ការសម្ដែង​ល្ខោន​យីកេ​រឿង​ទុំ​ទាវ ដែលមាន​សិល្ប​ករបី​ជំនាន់​សម្ដែង​រួមគ្នា និង​ទស្សនីយភាព​ល្ខោន​សម័យ​ទំនើប​ចម្រុះ​រឿង «​អច្ឆរិយ​អង្គរ​»​។


 
​កាលពី​ខែ​ដើមខែ​ឧសភា​ព របាំ​ព្រះរាជ​ទ្រព្យ​រឿង «​នាង​វ​ឌ្ឍ​នា​ទេវី​» ជា​ស្នា​ព្រះហស្ត​របស់ សម្ដេចព្រះរាម នរោត្តម បុប្ផា​ទេវី បាន​សម្ដែង​នៅ​សាល​មហោស្រព​ចតុមុខ ថ្វាយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី​។ ក្បាច់​រាំង​ក្នុង​របាំ​រឿង «​នាង​វ​ឌ្ឍ​នា​ទេវី​» យក​លំនាំ​ក្បាច់​ពី​សម័យ​ព្រះបាទ ស៊ីសុវត្ថិ ដែល​គិត​មកដល់​ឆ្នាំ​២០១៨ មាន​អាយុកាល​១១១​ឆ្នាំ​។ ទាំង​ការដឹកនាំ និង​ហ្វឹកហាត់ គឺ​សម្ដេចព្រះរាម បុប្ផា​ទេវី ទ្រង់​សព្វព្រះទ័យ បង្ហាត់​ផ្ទាល់​ព្រះអង្គ​តែម្ដង​។ ក្បាច់​របាំ​ជាង​១០០​ឆ្នាំនេះ សម្ដែងឡើង​ក្នុង​គោលបំណង​ធ្វើឱ្យ​រស់​ឡើងវិញ​នូវ​ក្បាច់​រាំ​កាលពី​ជាង​១០០​ឆ្នាំមុន ក៏​ដើម្បី​រំឭក​ដល់​កេរដំណែល​សិល្បៈ​វប្បធម៌​ខ្មែរ ដែលមាន​អាយុកាល រាប់រយ​ពាន់​ឆ្នាំមុន ជាពិសេស​ដើម្បី​ឧទ្ទិស​ដល់​គុណ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​។
 
​ផ្ទាំងទស្សនីយភាព​ដែលមាន​នាដកា​និង​នាដក​របាំ​បុរាណ​ជាង​៤០​រូប​សម្ដែង​នេះ ក៏​ដើម្បី​ឧទ្ទិស​ដល់​លោក Auguste Rodin ដែល​បានធ្វើឱ្យ​របាំ​ព្រះរាជ​ទ្រព្យ​កម្ពុជា​ល្បីល្បាញ នៅក្នុង​ពិភព​សិល្បៈ​នៃ​ប្រទេស​លោកខាងលិច នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩០០ តាមរយៈ​ការ​គូរគំនូរ​ពីរ​បាំ​នេះ ដែលមាន​កាយវិការ​ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ និង​ភាព​ទាក់ទាញ ដោយ​ស្ដែង​តាម​ដំណើររឿង Psyche នៅក្នុង​ការតាំងពិព័រណ៍​ជាច្រើន​របស់លោក​នៅ​អ៊ឺរ៉ុប​។ 
 
​ក្បាច់​របាំ​ដែលមាន​អាយុកាល​១១១​ឆ្នាំនេះ បាន​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង និង​ប្រទេស​ស្វី​ស ផងដែរ​ក្នុង​ឆ្នាំ​២០១៨​។ របាំ​ដដែល​នេះ​ក៏​នឹង​សម្ដែង​ជាថ្មី​នៅក្នុង​ខែមករា​ឆ្នាំ​២០១៩​ខាងមុខ​នេះដែរ​។​
 
​ការសម្ដែង​សិល្បៈ​កម្រ​មួយទៀត​គឺ ទស្សនីយភាព​ល្ខោន​សម័យ​ទំនើប​ចម្រុះ​រឿង «​អច្ឆរិយ​អង្គរ​»​។ «​អច្ឆរិយ​អង្គរ​» ស្ដែងឡើង​ដើម្បី​អបអរសាទរ​ប្រាសាទអង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ល្អ​បំផុត​របស់​ពិភពលោក​។ ទស្សនីយភាព​ល្ខោន​សម័យ​ទំនើប​ចម្រុះ​រឿង «​អច្ឆរិយ​អង្គរ​» បាន​សម្ដែង​ឱ្យ​សាធារណជន​ទស្សនា​ដោយ​ឥតគិតថ្លៃ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។ ផ្ទាំងទស្សនីយភាព​ល្ខោន​ទំនើប​នេះ ប្រជុំ​សិល្បករ​ល្បីៗ​ទាំង​បុរាណ និង​សម័យ​ជាង​២០០​នាក់​។ «​អច្ឆរិយ​អង្គរ​» មាន​បញ្ចាំង​ជា​វីដេអូ ដោយ​អម​នឹង​ការសម្ដែង​ផ្ទាល់​នៅលើ​ឆាក​របស់​សិល្បករ ដែល​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិ​នៃ​ការកសាង​អង្គរវត្ត ជំនឿ និង​ចំណេះដឹង​ជាច្រើន​របស់​ដូនតា​ខ្មែរ​ដែល​កសាង​អង្គរ​។ ទស្សនីយភាព​នេះ​សម្ដែង​នៅ​ថ្ងៃទី​១​មិថុនា ឆ្នាំ​២០១៨​។


 
​ផ្ទាំង​ទស្សនី​ភាព​ដ៏​កម្រ​មួយទៀត​នោះ​គឺ ការសម្ដែង​រឿង​«​ទុំ​ទាវ​៣​ជំនាន់​»​។ «​ទុំ​ទាវ​បី​ជំនាន់​» ប្រជុំ​សិល្បករ​ដែល​ធ្លាប់​សម្ដែង​ពី​ទសវត្សរ៍​ទី​៦០  ទសវត្សរ៍​៨០ និង​សិល្បករ​សម័យ​បច្ចុប្បន្ន​។ ការបង្កើតឱ្យមាន​ការ​សម្ដែង​នេះ​ឡើង ក៏​ដើម្បី​រំឭក​ដល់​ការសម្ដែង​របស់​សិល្បក​រ​ចាស់ៗ ដែល​បាន​រួច​ជីវិត​ពី​សម័យ​សង្គ្រាម ដើម្បី​ទុកជា​ស្នាដៃ​រួមគ្នា​រវាង​សិល្បករ​ចាស់​និង​សិល្បករ​ថ្មី និង​ដើម្បីឱ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្វែងយល់​ពី​ទម្រង់​សិល្បៈ​ខ្មែរ​កាន់តែច្រើន​។ ទស្សនីយភាព​នេះ​សម្ដែង​នៅ​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០១៨៕


 រូប​​ពី​ ស ស យ ក

Tag:
 សិល្បៈ​
  របាំ​
© រក្សាសិទ្ធិដោយ thmeythmey.com