សង្គមអន្តរជាតិ​
អន្តរជាតិ
​ស្ត្រី​ជិត​រៀបការ​ម្នាក់ ប្រាប់​ភ្ញៀវ​ឲ្យ​ចងដៃ​តែ​លុយ​បាន​ហើយ កុំ​ឲ្យ​កាដូ​ដែល​គ្មាន​ប្រយោជន៍​
30, Dec 2018 , 3:59 pm        
រូបភាព
 រូបតំណាង
រូបតំណាង
ដោយ: ធីតា
​ស្ត្រី​ម្នាក់​ដែល​មិនបាន​បង្ហាញ​ឈ្មោះ និង​សញ្ជាតិ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Reddit ដោយ​ត្អូញត្អែរថា នាង និង​គូ​ដណ្តឹង​ចំណាយលុយ​ជាច្រើន​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ ប៉ុន្តែ​ភ្ញៀវ​ដែល​បាន​ចូលរួម គ្រាន់តែ​ឲ្យ​កាដូ​តិចតួច​ប៉ុណ្ណោះ មិនមាន​អ្នកណាម្នាក់​ឲ្យ​លុយ​ឡើយ​។ ខណៈដែល​ថ្ងៃ​អាពាហ៍ពិពាហ៍​នឹង​ឈាន​មក នាង​និង​គូ​ដណ្តឹង សម្រេចចិត្ត​កំណត់​ឈ្មោះ​ភ្ញៀវ​ច្បាស់លាស់ ហើយ​ឲ្យ​ពួកគេ​ចងដៃ​តែ​លុយ​ប៉ុណ្ណោះ មិនបាច់​យក​កាដូ​មក​ជំនួស​ឡើយ​។​

 
«​គ្មាន​អ្នកណាម្នាក់​ឲ្យ​លុយ​យើង ជា​កាដូ​នោះឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់​ស្ត្រី​អនាមិក​នៅលើ​បណ្តាញ​សង្គម Reddit ដោយ​បញ្ជាក់ថា ខ្លួន​ឈឺចាប់ ខ្មាសអៀន  ខឹង និង​ខកចិត្ត នូវ​អ្វីដែល​បានកើត​ឡើង​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​របស់ខ្លួន​។ 
 
​នាង​បាន​លើកឡើងថា ខ្លួន និង​គូ​ដណ្តឹង មាន​បំណុល​គរ​ដូច​ភ្នំ ដូច្នេះ​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ នាង​បានស្នើ​ភ្ញៀវ​ទាំងអស់​ចងដៃ​ជា​លុយ ដើម្បី​ពួកនាង​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​អាពាហ៍ពិពាហ៍ ប៉ុន្តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​នោះឡើយ ដោយ​ពួកគេ​គ្រាន់តែ​នាំយក​កាដូ​ដែលមាន​តម្លៃ​តិចតួច​ប៉ុណ្ណោះ ក្នុងនោះ ក៏​ភ្ញៀវ​ដែល​មិនបាន​អញ្ជើញ​ផងដែរ​។ 


 
​ដោយ​សំដែង​ពី​ការខកចិត្ត ស្ត្រី​រូបនោះ បានសរសេរថា នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍ នាង​នឹង​កំណត់​ការអញ្ជើញ​ច្បាស់លាស់ ជាពិសេស​មិត្តភក្តិ និង​អ្នក​ដែលមាន​បំណង​ជួយ​សម្រួល​ការចំណាយរ​បស់​ខ្លួន​។ នាង​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​នឹង​សំណូមពរ​ឲ្យ​ភ្ញៀវ​ចងដៃ​ជា​លុយ​តែប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏បាន​ផ្ញើ​សារ​បញ្ជាក់​តាម​អ៊ី​ម៉ែ​ល​ផងដែរ ដោយ​រំពឹងថា​ទទួលបាន​លុយ ពោលគឺ​មិនមែនជា​កាដូ​ដែល​ត្រូវ​ប្តូរ​យកលុយ ឬ​លក់​តាម Ebay នោះឡើយ​»​។​
 
​ការ​ត្អូញត្អែរ​របស់​ស្ត្រី​នោះ មិនសូវមាន​អ្នក​ពេញចិត្ត​ឡើយ ដោយ​ភាគច្រើន​សំដែង​ការ​ហួស​ដែល​គាត់​ទាមទារ​ការ​ចងដៃ​ជា​លុយ​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​។ «​មិនដែល​ឮ​សោះ ពិធី​ភ្ជាប់​ក៏​ចង់​បានការ​ចងដៃ​ជា​លុយ​ដែរ​»​។ នេះ​ជាការ​ហួសចិត្ត​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Reddit ម្នាក់​។​
 
​លោក William Hanson អ្នកជំនាញ​ខាង​រៀបចំ​កម្មវិធី​ម្នាក់ បានបញ្ជាក់​ប្រាប់ Sun Online ថា ជាទូទៅ កូន​ក​ម្លោះ ឬ​កូនក្រមុំ មិនគួរ​សុំ​លុយ ឬ​ការរួមចំណែក​សម្រាប់​រា​ត្រី​ក្រេបទឹក​ឃ្មុំ​របស់​ពួកគេ​នោះឡើយ​។ លោក​ថា អ្នករៀបចំ​គួរ​កំណត់​ចំនួន​ភ្ញៀវ និង​រៀបចំ​គម្រោង​ចំណាយ​ឲ្យ​ច្បាស់លាស់ ពីព្រោះ​ពិធី​នេះ មិនមែន​ធ្វើឡើង​ដើម្បី​ចំណេញ​លុយ​នោះឡើយ​។​
 
​មតិ​មួយចំនួន បាន​បន្ថែមថា នាង​គួរតែ​សុំទោស​នូវ​អ្វីដែល​ខ្លួន​បាន​សរសេរ​ពីព្រោះ វា​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការខាតបង់​កាន់តែច្រើន ជាពិសេស​មិត្តភាព​។ បុរស​ម្នាក់​បានស្នើ​ថា​៖ «​ប្រសិន​នាង​ចង់បាន​ជីវិត​ល្អប្រសើរ និង​មាន​លុយ​គ្រប់គ្រាន់ នាង​គួរតែ​ពន្យា​ពេល​រៀប​អាពាហ៍ពិពាហ៍ និង​ដោះស្រាយ​បំណុល​ឲ្យ​បាន​រួចរាល់​ជាមុនសិន​ទៅ​៕

Tag:
 អាពាហ៍ពិពាហ៍​
  កាដូ
© រក្សាសិទ្ធិដោយ thmeythmey.com