អន្តរជាតិ
ឧបសគ្គ​ក្នុងប្រទេស​ចិន​ធ្វើ​ឲ្យ​វៀតណាម​មានសង្ឃឹម​ទាក់ទាញ​វិនិយោគ​
01, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ហូជីមិញ ៖ ដោយសារ​មាន​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម និង​នយោបាយ ដែល​នៅពេល​បច្ចុប្បន្ននេះ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​ជាមួយនឹង​ប្រទេស​ផ្សេងៗ គេ​ពិបាក​នឹង​រិះគន់​លើ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​នានា ដែល​ចង់​ឲ្យ​មាន​ភាពងាយស្រួល​ជាង​មុន​នៅក្នុង​ការធ្វើការ​ជាមួយនឹង​មន្ត្រី​ការបរទេស​ចិន គឺ​ឲ្យ​ងាយស្រួល​ដូច​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម​ដែល​នៅ​ជិតខាង​ប្រទេស​ចិន​ដូច្នេះ​។​

 
​ប្រទេស​ចិន និង​ប្រទេស​វៀតណាម​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាក់ច្បាស់​មួយចំនួន ដូចជា​ការដឹកនាំ​ដោយ​គណ​បក្សកុម្មុយនិស្ត​បែប​ឯក​បក្ស ការដាក់កំហិត​លើ​អ៊ីនធឺណិត និង​ក្រុមហ៊ុន​អ៊ីនធឺណិត និង​ការរីកចម្រើន​សេដ្ឋកិច្ច​ខ្ពស់​ដែល​នាំមុខ​ដោយ​ការនាំចេញ បន្ទាប់ពី​បានចាប់ផ្ដើម​ធ្វើ​ឯកជ​នូ​ប​នីយកម្ម​នៅក្នុង​ទសវត្សរ៍ ១៩៨០ ជាដើម​។​
 
​ប៉ុន្តែ ចំណុច​ខុសគ្នា​សំខាន់​រវាង​ប្រទេស​ទាំងពីរ​គឺថា នៅក្នុង​ប្រទេស​វៀតណាម ជាទូទៅ​គេ​ឃើញ​ដៃគូ​បរទេស​នានា​អាច​សម្រេចបាន​នូវ​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ដោះស្រាយ​ភាព​ខ្វែងគំនិត​គ្នា​បែប​ទ្វេភាគី​។​
 
​ការប្រៀបធៀប​រវាង​ប្រទេស​ចិន និង​ប្រទេស​វៀតណាម​គឺ​មិន​គ្រាន់តែ​ជាការ​ប្រៀបធៀប​បែប​ទ្រឹស្ដី ឬក៏​បែប​សិក្សាអប់រំ​នោះទេ ប៉ុន្តែ​ជាការ​ប្រៀបធៀប​មួយ​ដែល​ប៉ះពាល់​ដល់​សេចក្ដីសម្រេចចិត្ត​ជាក់ស្ដែង​របស់​ក្រុមហ៊ុន​នានា​ជា​រៀងរាល់ថ្ងៃ និង​ប៉ះពាល់​ដល់​សេចក្ដីសម្រេចចិត្ត​អំពី​ទីកន្លែង​ដែល​ត្រូវធ្វើ​អាជីវកម្ម ដែល​អាចជា​ពាណិជ្ជកម្ម​ក្នុង​ទឹកប្រាក់​រាប់លាន​ដុល្លារ​អាមេរិក​ជាដើម​។​
 
​អ្វីដែល​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​មាន​លក្ខណៈខុស​ប្លែក​ពី​គេ គឺ​ឆន្ទៈ​របស់​ប្រទេស​នេះ​នៅក្នុង​ការធ្វើការ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ស្តង់ដារ​អន្តរជាតិ​មួយ ទោះបីជា​នៅពេលដែល​ជម្រើស​នោះ​មានការ​លំបាក​ក្នុងការ​សម្រេចបាន​ក៏ដោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី Barbara Weisel ដែលជា​អ្នក​ប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម​។​
 
​អ្នកស្រី​បាន​និយាយ​នៅឯ​វេទិកា​សេដ្ឋកិច្ច​មួយ​នៅក្នុង​ទីក្រុង​ហូជីមិញ​កាលពី​ខែធ្នូ ឆ្នាំ ២០១៨ ថា​៖ «​គោលនយោបាយ​ទាំងនោះ​គឺជា​អ្វីដែល​យើង​ត្រូវការ​ដើម្បី​សម្រេច​ឲ្យ​បាន ដើម្បី​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​ជាងនេះទៅទៀត​។ ហើយ​នេះ​គឺជា​ការផ្លាស់ប្ដូរ​ដ៏​សំខាន់បំផុត ដែល​ប្រទេស​វៀតណាម​បានធ្វើ​ផ្ទុយ​ពី​បណ្ដា​ប្រទេស​ភាគច្រើន​នៅក្នុង​តំប​ន‍់​»​។​
 
​អ្នកស្រី Barbara Weisel ស្ថិតក្នុង​ចំណោម​មនុស្ស​ភាគច្រើន​ដែល​និយាយថា ប្រទេស​វៀតណាម​ជា​អ្នកទទួលបាន​ផលប្រយោជន៍ នៅពេលដែល​ប្រទេស​ចិន​បាត់បង់​វិនិយោគិន​។ ក្រុមហ៊ុន​នានា​បាន​ប្ដូរ​ចេញពី​ប្រទេស​ចិន​ទៅ​ប្រទេស​វៀតណាម ដោយសារតែ​ជម្លោះ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​ឲ្យ​ទំនិញ​របស់​វៀតណាម​មា​ន​តម្លៃថោក​ជាង​ទំនិញ​ចិន​។​
 
​មួយវិញទៀត «​ទីតាំង​របស់​ប្រទេស​វៀតណាម​នៅ​ជិត​នឹង​ប្រទេស​ចិន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ជម្រើស​ដ៏​មានតម្លៃ​សម្រាប់​រោងចក្រ​ផលិតកម្ម​នានា ដែល​ស្វែងរក​ទីតាំង​ផ្សេង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារតែ​ថ្លៃ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចិន​បាន​កើន​ឡើងជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ន‍េះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ JLL នៅក្នុង​ការវិភាគ​អំពី​ទីផ្សារ​។​
 
​ក្រៅពី​ជម្លោះ​ពាណិជ្ជកម្ម ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយនឹង​បណ្ដា​ប្រទេស​នានា​លើ​បញ្ហា​ជាច្រើន​នៅក្នុង​ឆ្នាំ ២០១៨​។ ប្រទេស​ចិន​បាន​ឃុំខ្លួន​ពលរដ្ឋ​កាណាដា​ពីរ​នាក់ បន្ទាប់ពី​រដ្ឋាភិបាល​កាណាដា​បាន​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei របស់​ចិន​កាលពី​ខែធ្នូ ឆ្នាំ ២០១៨​។ ប្រទេស​ចិន​បាន​បង្ខំ​ប្រទេស​ស្រីលង្កា​ឲ្យ​ប្រគល់​កំពង់ផែ​មួយ​ឲ្យ​ខ្លួន​គ្រប់គ្រង បន្ទាប់ពី​ស្រីលង្កា​គ្មាន​លទ្ធភាព​សងបំណុល​ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់ខ្លួន​។​
 
​ចំណុច​មួយទៀត ប្រទេស​ចិន​បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ស្រងាកចិត្ត ដោយសារតែ​ខ្លួន​នៅតែ​បន្ត​ធ្វើជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​កូរ៉េខាងជើង ទោះបីជា​មានការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ក៏ដោយ​។​
 
​នៅពេលដែល​គេ​មើល​តាម​ជ្រុង​ទាំងនេះ គេ​ឃើញថា ប្រទេស​វៀតណាម​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ចាប់អារម្មណ៍​ថា​ជា​ប្រទេសមួយ​ដែលមាន​លក្ខណៈ​បើកចំហ និង​បត់បែន​ទៅតាម​ការពិភាក្សា​ទ្វេភាគី​។ ចំណុច​នេះ​គឺមាន​តាំងពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​សម្រាប់​ការជំរុញ​របស់​សហរ​ដ្ឋ​អាមេរិក​ឲ្យ​មានការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ រហូតដល់​ការចុះហត្ថលេខា​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​អស់​ពីមួយ​ទៅមួយ​។​
 
​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ណាមួយ​នៅក្នុង​ប្រទេស​វៀតណាម​ហា​ក់​ដូចជា​មិនសូវ​ពិបាក​ប៉ុន្មាន​ទេ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រារាំង​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Google ចំណែកឯ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ភាគច្រើន​មិនបាន​រារាំង​ដូចនេះ​ទេ​។​
 
​រដ្ឋាភិបាល​ចិន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បរទេស​នានា​ចែករំលែក​បច្ចេកវិទ្យា​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងប្រទេស​ចិន រីឯ​រដ្ឋាភិបាល​វៀតណាម​វិញ បាន​ដក​បម្រាម​វិនិយោគ​បរទេស​ចំនួន ៤៩ ភាគរយ​ចេញពី​ក្រុមហ៊ុន​នានា​នៅក្នុង​បញ្ជី​របស់ខ្លួន​។​
 
​ការប្រៀបធៀប​នេះ​មាន​សារៈសំខាន់ ដោយសារតែ​ប្រទេស​ទាំងពីរ​មាន​ភាព​ផ្ទុយគ្នា​នៅពេល​បច្ចុប្បន្ននេះ ទោះបីជា​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​ដូចគ្នា​ច្រើន​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ​ក៏ដោយ​។​
 
​ប្រទេស​ចិន​បាន​គ្រប់គ្រង​ប្រទេស​វៀតណាម​អស់​រយៈពេល​ជិត​មួយ​សហស្ស​វត្សរ៍​។ ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ប្រទេស​ទាំងពីរ​មាន​ភាពស្រដៀងគ្នា​ជាច្រើន​ដូចជា​ភាសា ម្ហូបអាហារ ព្រះពុទ្ធសាសនា​មហាយាន ក្រុមគ្រួសារ​បែប​លទ្ធិ​ខុង​ជឺ ថ្ងៃ​ឈប់សម្រាក និង​រឿងព្រេង​បុរាណ​ជាដើម​។​
 
​សេដ្ឋកិច្ច​បែប​កុ​ម្មុយ​និ​ស្តរ​បស់​ប្រទេស​ទាំងពីរ​បានក្លាយ​ជា​សេដ្ឋកិច្ច​បែប​មូលធននិយម​នៅក្នុង​អំឡុងពេល​ប្រហាក់ប្រហែលគ្នា គឺ​នៅក្នុង​ទសវត្សរ៍ ១៩៨០​។ ជាងនេះទៀត ប្រទេស​ចិន​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ ២០០១ ចំណែកឯ​វៀតណាម​វិញ​នៅ​ឆ្នាំ ២០០៧​។​
 
​ដោយសារតែ​មាគ៌ា​បច្ចុប្បន្ន​របស់​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​ផ្ទុយគ្នា ប្រទេស​វៀតណាម​ដែលជា​ប្រទេស​តូច​ជាង​មាន​ឥទ្ធិពល​តិចជាង​ប្រទេស​ចិន​នៅលើ​វេទិកា​ពិភពលោក និង​ពឹងផ្អែក​ច្រើន​លើ​កិច្ចសហប្រតិបត្តិការ​សាក​ល​លោក​។​
 
​ចំណុច​នេះ​អាចជា​មូល​ហេតុដែល​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​មាន​ឆន្ទៈ​ចូល​តុ​ចរចា ទោះបីជា​ពេលខ្លះ​មានន័យថា ពួកគេ​ត្រូវ​លះបង់​ការត្រួតត្រា​បន្តិច​បន្តួច​ក៏ដោយ​។ ឧទាហរណ៍​ដូចជា​ករណី​ដែល​វៀតណាម​សម្រេច​អនុញ្ញាត​ឲ្យ​មាន​សហជីព​កម្មករ​ច្រើន​បន្ថែម​ក្រៅពី​សហជីព​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ឬក៏​អនុញ្ញាត​ឲ្យ​សហគ្រាស​ឯកជន​មានការ​ប្រកួតប្រជែង​ជាមួយ​សហគ្រាស​រដ្ឋ​ជាដើម​។​
 
​នៅក្នុង​គោលនយោបាយ​ប្រទាំង​ប្រទើស​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប្រទេស​វៀតណាម​មាន​គ​ម្រោ​ង​ធ្វើ​វិសោធនកម្ម​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​នានា​ផ្ទុក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​វៀតណាម និង​លុបចោល​នូវ​អត្ថបទ​ណា​ដែល​រដ្ឋាភិបាល​វៀតណាម​មិន​ចង់​ឲ្យ​មាន​បង្ហោះ​នៅលើ​អ៊ីនធឺណិត​។​
 
​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​លោក Pham Quang Vinh បាន​ថ្លែង​នៅឯ​វេទិកា​សេដ្ឋកិច្ច​មួយ​ក្នុង​ទីក្រុង​ហូជីមិញ កាលពី​ខែធ្នូ ឆ្នាំ ២០១៨ ថា​៖ «​រដ្ឋាភិបាល​វៀតណាម​កំពុងធ្វើការ​ជាមួយនឹង​សហគមន៍​អាជីវកម្ម​។ ទោះបីជា​មានច្បាប់​ក៏ដោយ ក៏​នៅមាន​ដំណើរការ​ប្រឹក្សា​យោបល់​បន្ត​ទៅមុខ​ផងដែរ​រវាង​រដ្ឋាភិបាល​វៀតណាម និង​សហគមន៍​អាជីវកម្ម​នៅក្នុង​ប្រទេស​វៀត​ណា​ម‍​»​។​
 
​ករណីនេះ​មានន័យថា ប្រទេស​វៀតណាម​មាន​គ​ម្រោ​ង​ផ្ទាល់ខ្លួន ប៉ុន្តែ​ប្រទេស​នេះ​ក៏​ស្ដាប់​យោបល់​របស់​អ្នកប្រឆាំង​នឹង​ខ្លួន​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com