ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មាស នី​៖ បើ​អតីត​បក្សប្រឆាំង មិន​ដូរ​ចរិត​ទេ ទោះ​១០០​ឆ្នាំ​ទៀត ក៏​មិន​ឈ្នះ​ដែរ
03, Jan 2019 , 3:06 pm        
រូបភាព
លោក មាស នី នាអំឡុងពេល​ចូល​រួម​កម្មវិធីផ្សាយផ្ទាល់មួយ​របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា
លោក មាស នី នាអំឡុងពេល​ចូល​រួម​កម្មវិធីផ្សាយផ្ទាល់មួយ​របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា
​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាន នី មានការ​សោកស្ដាយ​ពេលដែល​អ្នកប្រជាធិបតេយ្យ​នៅតែ​បន្ត​ឈ្លោះ​គ្នា និង​លាប​ពណ​ពណ៌​គ្នា ដែលជា​ចំណុចខ្សោយ​មិនអាច​យកឈ្នះ​គូបដិបក្ខ​។ លោក ចំអក​ថា បើ​នៅតែ​ធ្វើ​ដូច្នេះ ទោះ​ចំណាយពេល​១០០​ឆ្នាំ​ទៀត​ក៏ដោយ ក៏​នៅតែ​ចាញ់​ដែរ​។


 
​ការលើកឡើង​របស់លោក មាស នី ប្រហែលជា​ចង់​សំដៅ​ទៅលើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅតែ​បន្ត​ប៉ះទង្គិច​គ្នា និង​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​។ លោក បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​អាច​គណនា​បាន​ថា ២​បូក​២ ស្មើ ១០ គឺជា​មេរៀន​សំខាន់​សម្រាប់​ក្រុមអ្នកលេង​ល្បែង​ប្រជាធិប្បតេយ្យ​នៅ​កម្ពុជា​។ ពួកគាត់ បែរជា​បន្ត​ឈ្លោះ​គ្នា លាប​ពណ៌​គ្នា​គ្មាន​ឈប់​។ ការធ្វើ​បែប​នះ​នឹង​នាំ​ឲ្យ​គូបដិបក្ខ​សប្បាយចិត្ត​ក្នុងការ​ញោះ​ឲ្យ​ឈ្លោះ​គ្មា​ថែមទៀត​។ ការធ្វើ​ដូចនេះ​មិនថាឡើយ​អាណ​តិ្ត​២០២៣ សូម្បី​១០០​ឆ្នាំ​ទៀត​ក៏​មិនអាច​យក​ប្រៀប​ឬ​ឈ្នះ​គូប្រកួត​របស់ខ្លួន​បានឡើយ​»​។​
 
​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​រូបនេះ បាន​ដាស់តឿន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចេះ​គោរព​មតិយោបល់​គ្នា ពង្រឹង​សាមគ្គីភាព ដើម្បី​សម្រេច​គោលដៅ​រួមគ្នា​នៅ​ថ្ងៃ​អនាគត​។

លោក លើកឡើងថា​៖«​ចរិត​អ្នកប្រជាធិប្បតេយ្យ​មិនមែន​ឈរលើ​ភាព​អត់ធ្មត់​និង​ខន្តី​នោះទេ តែ​ត្រូវ​ចេះ​ទទួលស្គាល់​នូវ​ភាពខុសគ្នា​ការយល់ឃើញ​ខុសគ្នា តែ​ធ្វើការ​រួមគ្នា ដើម្បី​ទិសដៅ​រួមមួយ​ទាំ​អស់​គ្នា​»​។​
 
​លោក អ៊ូ ច័ន្ន​រ័ត្ន មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ជំទាស់​នោះទេ  ចំពោះ​ការលើកឡើង​របស់​អ្នកវិភាគ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ការលើកឡើង​របស់គាត់​ហ្នឹង គឺ​ត្រូវ​ហើយ​។ រឿង​ពិត គឺ​វា អ៊ីចឹង បើ​យើង​នៅតែ​ឈ្លោះ គឺ​យើង​នៅតែ​ចាញ់​»​។  
 
​លោក ក៏​មិន​ប្រកែក​ដែរ ដែលថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​វាយប្រហារ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ឥឡូវ​ហ្នឹង យើង​ឃើញថា ការខ្វែងគំនិត​គ្នា កាន់តែខ្លាំង​ឡើងៗ ដែល​អាច​នាំ​ឲ្យ​គណបក្ស ច្រៀក​ជា​ពីរ​។ ឈប់​ទៅ រឿង​លាប​ពណ៌ និង​វាយប្រហារ​គ្នា​ហ្នឹង​។ ខ្ញុំ ចង់​ឲ្យ​ឯកភាព​បក្ស ហើយ​អ្វីដែល​ខ្ញុំ​រឹតតែ​ចង់បាន​នោះ គឺ​ឯកភាព​ជាតិ​»​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា មាន​មន្ត្រីជាន់ខ្ពស់​និង​មន្ត្រី​តា​មូលដ្ឋាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២,៦​ពាន់​នាក់ ដែល​បាន​ចុះចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៨៕  
 

Tag:
 CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com