ជាតិ
សង្គមជាតិ
សៀវភៅ​«​ព្រៃ​រំដួល​»​ផ្ដល់ឱកាស​ដល់​អ្នកនិពន្ធ​ថ្មី​បាន​បញ្ចេញស្នាដៃ​
05, Jan 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ «​ព្រៃ​រំដួល​» ជា​សៀវភៅ​ទី​ពីរ​បន្ទាប់ពី​សៀវភៅ «​មន្ត​ទឹកខ្មៅ​» ដែល​ចងក្រង​រឿង​ខ្លី​ចំនួន​២០​ចំណងជើង ។ «​ព្រៃ​រំដួល​» ជា​សៀវភៅ​មួយ​ដែល​អាច​និយាយបានថា បានផ្ដល់​ឱកាស​ដល់​អ្ន​ក​និពន្ធ​ថ្មីថ្មោង បង្ហាញ​ស្នាដៃ​របស់ខ្លួន តាមរយៈ​ការបោះ​ពុ​ម្ភ​រួមគ្នា​។ សៀវភៅ​នេះ​ក៏​ជា​កត្តា​លី​ករ ជំរុញ​ទឹកចិត្ត​អ្នកនិពន្ធ​វ័យក្មេង ឱ្យ​កាន់​តែមាន​កម្លាំងចិត្ត​និពន្ធ​រឿង​បន្ថែម​។​

 
​ចំណងជើង​រួម​ដែល​ដាក់​នៅលើ​ក្របសៀវភៅ ដែលមាន​ចំណងជើង​ថា «​ព្រៃ​រំដួល​» គឺជា​ស្នាដៃ​រឿង​ខ្លី​របស់​អ្នកនិពន្ធ អ៊ុំ សុ​ផានី ដែល​ធ្លាប់បាន​ទៅលេង​នៅ​ប្រទេស​ថៃ ស្ថិតក្នុង​ស្រុក​មួយ​ដែលមាន​ចម្ការ​រំដួល​ធ្វើឱ្យ​អ្នកស្រី​ស្ញប់ស្ញែង​។ «​ព្រៃ​រំដួល​» ក៏បាន​សរសើរ​ពី​បរិស្ថាន​ស្អាត និង​របៀបរបប​មួយចំនួនទៀត​នៅ​ប្រទេសជិតខាង ដែល​នាំ​ចិត្ត​អ្នកនិពន្ធ​ប្រាថ្នា​ឱ្យ​ប្រទេស​កម្ពុជា មាន​ភាពស្រស់​ត្រកាល​ដូច្នោះ​ដែរ​។ សៀវភៅ «​ព្រៃ​រំដួល​» កើតឡើង​ក៏​ដើម្បី​ឧទ្ទិស​ដល់ អ្នកនិពន្ធ អ៊ុំ សុ​ផានី ដែរ​។​
 
​កាលពី​ឆ្នាំ​២០១៧ អ្នកនិពន្ធ​ទាំងចាស់​និង​ក្មេង​មួយក្រុម បាន​ចងក្រង​គ្នា​ឡើង​ដែលមាន​ឈ្មោះថា «​ក្រុម​អ្នកនិពន្ធ​មន្ត​ទឹកខ្មៅ​» ហើយក៏​រួមគ្នា​បោះ​ពុ​ម្ភ​សៀវភៅ​ចម្រុះ​រឿង​ខ្លី​មួយ​ក្បាល ដោយ​ដាក់​ចំណងជើង​រួម​ថា «​មន្ត​ទឹកខ្មៅ​» ។ មន្ត​ទឹកខ្មៅ​ប្រមូលផ្ដុំ​ដោយ​អ្នកនិពន្ធ​២១​រូប ហើយក៏​មានរឿង​ចំនួន ២១​ចំណងជើង​ដែរ​។ ក្នុង​ឆ្នាំ​២០១៨​នេះ សៀវភៅ «​ព្រៃ​រំដួល​» ប្រមូលផ្ដុំ​អ្នកនិពន្ធ​២០​រូប និង​មានរឿង​ខ្លី​ចម្រុះ​២០​ចំណងជើង​។ ទាំង​សៀវភៅ «​មន្ត​ទឹកខ្មៅ​»​និង «​ព្រៃ​រំដួល​» បោះ​ពុ​ម្ភ​ឡើង​ដើម្បី​ផ្ដល់ឱកាស និង​ជំរុញ​ទឹកចិត្ត​អ្នកនិពន្ធ​ជំនាន់​ថ្មី​មិនទាន់មាន​បទពិសោធន៍ ឱ្យមាន​កម្លាំងចិត្ត​សរសេរ​រឿង​បន្ថែម​។ 
 
 
 
​លោក ឃុ​ត សុខឿន ជា​គណៈកម្មាការ​ជ្រើសរើស​រឿង​មួយរូប ក្នុង​សៀវភៅ «​ព្រៃ​រំដួល​» បាន​លើកឡើងថា ការ​ចងក្រង​ឱ្យមាន​ការបោះ​ពុ​ម្ភ​សៀវភៅ​រួមគ្នា​នេះ គឺ​ដើម្បី​លើកទឹកចិត្ត និង​ពង្រឹង​សម្ពន្ធភាព រវាង​អ្នកនិពន្ធ​មានបទពិសោធន៍ និង​អ្នកនិពន្ធ​ថ្មី ។ ជាពិសេស​ជំរុញ​ការសរសេរ និង​ផ្ដល់ឱកាស​ដល់​ការបោះ​ពុ​ម្ភ​ចំពោះ​អ្នកនិពន្ធ​ថ្មី​តែម្ដង​។​
 
​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖« យើង​ចង់​លើកទឹកចិត្ត​ដល់​ការធ្វើការ​រួមគ្នា​ជា​ធ្លុង​មួយ​។ សៀវភៅ​នេះ​ក៏​ជា​ចំណែក​មួយ​ជួយ​ដល់​អ្នកនិពន្ធ​វ័យក្មេង និង​អ្នកនិពន្ធ​ថ្មី គាត់​មានឱកាស​បោះ​ពុ​ម្ភ ដែល​អាចឱ្យ​ស្នាដៃ​របស់គាត់ បាន​ទៅ​ដល់ដៃ​អ្នកអាន​»​។​
 
​លោក សុខឿន ថា រឿង​ខ្លី​ទាំង​២០​ចំណងជើង​នេះ មានគំនិត​អប់រំ​ដែល​បម្រើ​ដល់​មនុស្ស​គ្រប់​ស្រទាប់​រាប់​ចាប់ពី​សិស្ស​និស្សិត រហូតដល់​មន្ត្រីរាជកា​រ ដែល​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​។ គណៈកម្មាការ​រូបនេះ​ក៏​ទទួលស្គាល់ថា​រឿង​ខ្លី​ទាំងអស់​ក្នុង​សៀវភៅ «​ព្រៃ​រំដួល​» មិន​សុទ្ធតែ​ល្អ​ទាំងអស់​នោះឡើយ អាច​ខុស​ចិត្ត​អ្នកអាន​មួយចំនួន តែ​ទោះជា​យ៉ាងណា នេះ​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ទឹកចិត្ត​អ្នកនិពន្ធ​ថ្មីៗ​។​
 
 «​រឿង​ទាំងអស់​ក្នុង​សៀវភៅ​នេះ មិនមែន​សុទ្ធតែ​ល្អ សុទ្ធតែ​ផ្ដល់​ប្រយោជន៍​ឱ្យដល់​អ្នកមើល​គ្រប់រូប​ទេ​។ អ្នកខ្លះ​គាត់​មានចំណេះដឹង​ជ្រៅជ្រះ​ខ្លាំង​ហើយ គាត់​អាច​យល់ថា​រឿង​ណាមួយ​មិនសូវ​ល្អ តែ​រឿង​នោះ​អាច​ត្រូវ​នឹង​ក្មេងៗ ឬ​អ្នកអាន​មួយផ្នែក​ទៀត​។ យើង​ចង់ឱ្យ​សៀវភៅ​នេះ​មាន​ស្នាដៃ​ចម្រុះ អាច​តម្រូវ​បាន​គ្រប់​វ័យ​»​។​
 
​បើ​និយាយ​ពី​ការគាំទ្រ «​ព្រៃ​រំដួល​» ហាក់​មាន​សម្ទុះ​ជាង​សៀវភៅ​មន្ត​ទឹកខ្មៅ ព្រោះ​មិនទាន់​សម្ពោធ​ជា​ផ្លូវការ​ផង «​ព្រៃ​រំដួល​» បាន​លក់​អស់​១,០០០​ក្បាល​ទៅហើយ ។ លោក សុខឿន ពន្យល់​យ៉ាង​ដូច្នេះ ៖« ប្រហែល​មកពី​សម្ទុះ​នៃ​ការអាន​កើនឡើង​។ ម្យ៉ាង​អាចមកពី​យើង​បោះ​ពុ​ម្ភ​ចំ​ថ្ងៃ​តាំងពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ ឬ​អាចជា​ស្នាដៃ​ទី​២ ដែល​គេ​ធ្លាប់បាន​ស្គាល់​ពីមុន​មកហើយ ឬ​អាចមកពី​មធ្យោបាយ​យើង​លក់​ថ្មី​ផង​ក៏​ថា​បាន​។ កាលពី​ឆ្នាំមុន យើង​លក់​តាម​ហ្វេ​ស​ប៊ុ​ក តែ​ឆ្នាំនេះ​អ្នកនិពន្ធ​ទាំង​២០​រូបគាត់​យកទៅលក់​ដោយ​ខ្លួនឯង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់គាត់​»​។​
 
«​ព្រៃ​រំដួល​» អាច​នឹង​បោះ​ពុ​ម្ភ​ជា​លើក​ទី​២ នៅ​ដើមឆ្នាំ​២០១៩ មុន​ថ្ងៃ​ទិវា​អំ​ណាន​ជាតិ ដែល​អាច​បោះ​ពុ​ម្ភ​មួយ​ពាន់​ក្បាល​បន្ថែម​។ ជា​គម្រោង​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំក្រោយៗ​ទៀត លោក ឃុ​ត សុខឿន បញ្ជាក់ថា ក្រុម​អ្នកនិពន្ធ​មន្ត​ទឹកខ្មៅ នឹង​ពង្រឹងគុណភាព​នៃ​ការសរសេរ​ឱ្យ​កាន់តែ​ប្រសើរ បង្កើត​កម្មវិធី​ទំនាក់ទំនង​រវាង​អ្នកនិពន្ធ​និង​អ្នកអាន រួមទាំង​សកម្មភាព​រវាង​អ្នកនិពន្ធ​និង​អ្នកនិពន្ធ​។ «​យើង​អាច​រៀបចំ​ជា​សិក្ខាសាលា ដើម្បីឱ្យ​អ្នកអាន​បាន​ជួប​ជាមួយ​អ្នកនិពន្ធ គាត់​អាចមាន​មតិយោបល់​ទៅលើ​ស្នាដៃ ថា​គាត់​មិន​ពេញចិត្ត​ត្រង់ណា ឬ​ចង់​សរសើរ​ត្រង់ចំណុច​ណា​។ សម្រាប់​អ្នកនិពន្ធ​និង​អ្នកនិពន្ធ គឺអាច​មាន​ជំនួប​ដែល​អ្នកនិពន្ធ​វ័យក្មេង​គាត់​អាច​ទទួលយក​បទពិសោធ​ន៍​ពី​អ្នកនិពន្ធ​ចាស់ៗ​»​។  នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ឃុ​ត សុខឿន​។​
 
​ចំពោះ​អ្នក​ដែលមាន​បំណង​ចង់​មាន​ស្នាដៃ​ក្នុង​សៀវភៅ ដែល​បោះ​ពុ​ម្ភ​ឆ្នាំក្រោយៗ​ទៀត របស់​ក្រុម​អ្នកនិពន្ធ​មន្ត​ទឹកខ្មៅ លោក ឃុ​ត សុខឿន បាន​ណែនាំ​ថា ៖« អ្នកសរសេរ​រឿង​ត្រូវតែ​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​បច្ចុប្បន្ន ផ្ដល់​សារ​អប់រំ ផ្ដល់​ការគិត​ពិចារណា មាន​ភាពប្រាកដនិយម ដែល​មិនមែន​ជាការ​ស្រមើ​ស្រមៃ និង​ត្រូវមាន​សោភ័ណ​ក្នុង​រឿង​ជាដើម​។ សូមឱ្យ​គាត់​សរសេរ​ជា​ប្រភេទ​រឿង​ខ្លី មិនមែនជា​រឿង​ប្រលោមលោក​ទេ​។ រឿង​ប្រភេទ​ស្នេហា ឬ​រឿង​ខ្មោច ក៏​យើង​មិនសូវ​យក​ដែរ មិនមែន​រឿង​គេ​មិនល្អ​ទេ តែមាន​អ្នកសរសេរ​ច្រើន​ហើយ យើង​ចង់បាន​គំនិត​ថ្មី​»៕   
 

 

Tag:
 សៀវភៅ​
  អប់រំ​
  ព្រៃ​រំដួល​
  ឃុ​ត សុខឿន​
  រឿង​ខ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com