ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ជីវភាព អ្នក​ដឹកទំនិញ រត់​ម៉ូតូឌុប និង​រត់​តាក់ស៊ី​នៅ​ព្រំដែន​អូរ​ស្មាច់
06, Jan 2019 , 3:34 pm        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ អ្នក​ប្រកប​របរ​តិចតួច​ដូចជា​ដឹក​អីវ៉ាន់​តាម​រទេះ​តូចៗ ពី​មាត់ច្រក​ចេញចូល​ប្រទេស​កម្ពុជា​និង​ថៃ អ្នករត់ម៉ូតូឌុប និង​អ្នក​បើកឡាន​ឈ្នួល នៅ​ព្រំដែន​អូរ​ស្មាច់ អា​ចរក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន​មួយចំនួន​។ នៅ​ច្រក​អូ​រស្មាច់ ថ្ងៃ​ធម្មតា​មិនសូវមាន​អ្នកធ្វើដំណើរ​ឡើយ លើកលែងតែ​អ្នក​ត្រូវ​ទៅ​មើលជំងឺ​នៅ​ពេទ្យ​សុរិន្ទ ឬ​ទិញ​ទំនិញ​លក់​ប្រចាំថ្ងៃ​។ ក្រៅពីនោះ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ឬ​ភ្ជុំបិណ្ឌ ទើប​មាន​អ្នកដំណើរ​ច្រើន​។​


​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរាង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




​ម៉ោង​ប្រមាណ​៨​ព្រឹក​នៅ​ច្រកព្រំដែន​អូ​រស្មាច់ នា​ចុងខែ​ធ្នូ​ឆ្នាំ​២០១៨ ចរាចរ​ចេញចូល​ក្នុង​និង​ក្រៅប្រទេស​មិនសូវ​មមាញឹក​ឡើយ ទាំង​អ្នក​ថ្មើរជើង​និង​ឡាន​ម៉ូតូ​។ តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ នៅទីនេះ​មាន​រទេះ​ដឹកទំនិញ​តូចៗ​ល្មម ខ្លះ​អូស​ដោយ​ដៃ និង​ខ្លះ​មាន​ម៉ូតូ​សណ្ដោង​។ រទេះ​ទាំងនេះ​ដឹកទំនិញ​ដែល​ប្រជាជន​ខ្មែរ​ទិញ​ពី​ផ្សារ​ថៃ​យកមក​លក់​នៅ​ស្រុក​ខ្មែរ ខ្លះ​ក៏​ដឹក​របស់របរ​របស់​ភ្ញៀវ​ចេញចូល​ក្នុងស្រុក​ដែរ​។ ប្រជាជន​ខ្មែរ​ដែល​ប្រកប​របរ​នេះ មាន​ទាំង​ស្ត្រី​និង​បុរស ដែល​ពួកគេ​អាច​រកចំណូលបាន​ច្រើន​ឬ​តិច​អាស្រ័យ​មាន​អ្នកធ្វើដំណើរ​ច្រើន​។ ក្រៅពី​របរ​ដឹកទំនិញ​តាម​រទេះ នៅមាន​អ្នករត់ម៉ូតូឌុប និង​រត់​ឡាន​ឈ្នួល​ផងដែរ​ដែល​ទទួលផល​ពី​ច្រ​ល​ព្រំដែន​នេះ​។​
 
​លោក ត្រេ​ន ឡាំង ជា​អ្នក​ខេត្តកំពង់ចាម បានមក​ប្រកបរ​បរជា​អ្នកដឹង​អីវ៉ាន់​តាម​រទេះ​ប្រមាណ​១០​ឆ្នាំ​មកហើយ​។ និយាយ​ដោយ​មិន​លាក់បាំង​លោក ឡាំង រកចំណូលបាន​ប្រមាណ​ពី​៥​ម៉ឺន ទៅ​១០​ម៉ឺន​រៀន​ក្នុង​មួយថ្ងៃ​អាស្រ័យ​មាន​ភ្ញៀវ​ច្រើន​ឬ​តិច​។ លោក​បញ្ជាក់ថា ៖«​ដឹក​ពី​ថៃ​មក​មានអី​វ៉ាន់​តិច​ឬ​ច្រើន​តាម​គេ​ឱ្យ មួយ​ម៉ឺន​ឬមួយ​ម៉ឺន​ប្រាំ ខ្លះ​ដឹងអី​វ៉ាន់​គេ​ទៅ​ពេទ្យ  ខ្លះ​ដឹក​ផ្លែឈើ​មានអី​វ៉ាន់​គ្រប់សព្វ ដឹក​ដល់​ម៉ោង​ដប់​យប់​ទើប​ត្រឡប់ទៅផ្ទះ​វិញ​។ បាន​គួរសម​ដែរ​របរ​នេះ មិនសូវ​ហត់​ប៉ុន្មាន​ដែរ​។ ធ្វើ​នេះ​ជិត​ដប់ឆ្នាំ​ជាង​ហើយ រកតែរ​បរអូស​អីវ៉ាន់​ហ្នឹង​»​។ 

 
​ឈរ​ជិត​ម៉ូតូ​សណ្តោង​រទេះ​របស់ខ្លួន បុរស​សម្បុរ​ខ្មៅ​ស្រអែម កាយវិការ​រហ័សរហួន​រូបនេះ ដឹកទំនិញ​នៅ​មាត់ច្រក​ព្រំដែន​ខ្មែរ​ថៃ ទទួលបាន​ប្រាក់​ទៅតាម​ទំនិញ​ច្រើន​ឬក៏​តិច​។ បុរស​វ័យ​៣៧​ឆ្នាំ​រូបនេះ​ថា ទំនិញ​ដែល​លោក​ដឹង​រាល់ថ្ងៃ បើ​ដឹក​ពី​ខាង​ភាគី​ថៃ​ចូលមក​ខ្មែរ ច្រើន​ជា​ទំនិញ​ដែល​ខ្មែរ​ទិញ​មក​លក់​ក្នុងស្រុក ហើយ​ខ្លះ​ក៏មាន​អីវ៉ាន់​ភ្ញៀវ​ឆ្លងដែន​ដែរ​។ ប៉ុន្ដែ​បើ​ពី​ខាង​ដី​ខ្មែរ​ចូលទៅ​ថៃ​វិញ ភាគច្រើន​ជា​អីវ៉ាន់​ដែល​ភ្ញៀវ​ឆ្លងដែន ឬ​ជា​អីវ៉ាន់​របស់​ភ្ញៀវ​ដែល​ត្រូវ​ទៅ​មើលជំងឺ​នៅ​ថៃ​។ «​ចូល​ថៃ​មិនមាន​ទេ មានតែ​ខ្មែរ​យើង​ទៅ​ទិញ​ពី​ថៃ មក​លក់​នៅ​ផ្សារ​ខ្មែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ឡាំង​។​
 
​និយាយ​ស្រប​ពេលដែល​លើក​បាតដៃ​មក​មើល បង្ហាញឱ្យឃើញ​ដៃ​មាន​សភាព​ក្រិន​ដោយ​អន្លើ លោក ឡាំង ដែល​ធ្លាប់​ទៅធ្វើ​ការ​សំណង់​នៅក្នុង​ទឹកដី​ថៃ​កាលពីពេល​កន្លង​ទៅនោះ ថា​ខ្លួន​ដឹកទំនិញ​ពី​ម៉ោង​ប្រមាណ​៩​ព្រឹក​រហូតដល់​ម៉ោង​១០​យប់ និង​ឆ្លៀត​រត់​ម៉ូតូឌុប​ខ្លះ​ផង​ដើម្បី​បាន​ចំណូល​បន្ថែម ដែល​លោក​ថា​វា​អាចជួយ​ជីវភាព​បាន​គ្រប់គ្រាន់​។ លោក ឡាំង បញ្ជាក់  ៖« ទៅ​ស្រុកថៃ​ធ្វើ​មួយថ្ងៃ​បាន​បី​រយ​ហាសិប​បាត ស៊ី​មិន​គ្រប់​ទេ របស់របរ​នៅ​ថៃ​វា​ថ្លៃ ទ្រាំ​មិនបាន​ខ្ញុំ​ក៏​ត្រឡប់មកវិញ ទៅបាន​មួយឆ្នាំ​។ ធ្វើ​នៅទីនេះ​ធូរ​កម្លាំង​ជាង មិនសូវ​ហត់​ប៉ុន្មាន​ទេរ​ត់​តែ​កម្លាំង​ម៉ូតូ អា​ចរក​ផ្គត់ផ្គង់​ជីវភាព​បាន​មិន​ខ្វះ​ទេ គ្រាន់តែ​សមាជិក​ក្នុង​គ្រួសារ​ខ្ញុំ​ច្រើន​»​។ 
 
​ងាក​មក​លោក អៀន ភាស់ ដែលជា​អ្នករត់ម៉ូតូឌុប​វិញ​ម្ដង​។ កំពុង​ទាក់ទង​សួរ​ភ្ញៀវ​តាម​ទូរ​សព្ទ​លោក ភាស់ ឆ្លៀតពេល​ឆ្លើយ​នឹង​សំណួរ​របស់ខ្ញុំ​ខ្លះៗ​។ បុរស​មាឌធំ​ខ្ពស់​រូបនេះ ក្នុង​មួយថ្ងៃ​អាច​រកចំណូលបាន​តែ​ប្រមាណ​៣​ម៉ឺន​រៀល​តែប៉ុណ្ណោះ ពី​របរ​រត់​ម៉ូតូឌុប​របស់ខ្លួន​។ មាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ​លោក ភាស់ ដែលមាន​អាយុ ៣៨​ឆ្នាំ ថា​អ្នករត់ម៉ូតូឌុប​នៅទីនេះ​ភាគច្រើន ដឹក​ភ្ញៀវ​បានតែ​រយៈ​ចម្ងាយ​ជិតៗ​តែប៉ុណ្ណោះ គឺ​ពី​មាត់ច្រក​ព្រំដែន ចុះទៅ​ផ្សារ​នៅក្បែរនោះ ដោយ​ក្នុង​មួយ​ជើង​អាច​បាន​ប្រាក់​ប្រមាណ​២​ពាន់​រៀល​។ 
 
​ជាធម្មតា​លោក ភាស់ អាច​រកចំណូលបាន​ច្រើន​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ថ្ងៃ​ភ្ជុំបិណ្ឌ ព្រោះ​មាន​ភ្ញៀវ​ខ្មែរ​ចេញពី​ថៃ​ច្រើន​។ លោក ភាស់ បញ្ជាក់ ៖«​វា​មិន​ច្រើន​ណាស់ណា​ទេ អាចរ​ស់បាន​។ ពេល​ខែ​ចូលឆ្នាំ​អាច​រកបាន​ច្រើន​គេ​មកពី​ថៃ​ទៅផ្ទះ​ច្រើន​។ ខ្មែរ​ក៏​ដឹក​ថៃ​ក៏​ដឹក តែ​ថៃ​មិនសូវ​បានទេ ព្រោះ​គេ​ច្រើន​មក​ឡាន បានតែ​ខ្មែរ​ដែល​មកពី​ធ្វើការ​នៅ​ថៃ​»​។

  
 
​ជា​អ្នករត់​ឡាន​ឈ្នួល​ពី​ច្រកព្រំដែន​អូ​រស្មាច់​ទៅ​សៀមរាប​ចម្ងាយ​ផ្លូវ​ប្រមាណ​១៧០​គីឡូម៉ែត្រ​លោក ប៊ុត ថៃ យក​តម្លៃ​ពី​ភ្ញៀវ​៣​ម៉ឺន​រៀល​។ អ្នក​ខេត្តកំពង់ស្ពឺ​រូបនេះ ថា​ខ្លួន​អា​ចរក​ភ្ញៀវ​បាន​តាមរយៈ​ការហៅ​តាម​ទូរ​សព្ទ​។ ស្ថិតក្នុង​វ័យ​៤៥​នេះ លោក ថៃ អាច​សល់​ប្រាក់​យ៉ាងហោចណាស់​៣០​ដុល្លារ​ក្នុង​មួយថ្ងៃ ពី​របរ​រត់​ឡាន​របស់ខ្លួន​។ លោក ប៊ុត ថៃ ជា​អតីត​បុគ្គលិក​ធ្វើការ​ក្នុង​អង្គការ​មួយ​នៅ​ខេត្តសៀមរាប​។ ដោយសារតែ​ប្រាក់ខែ​មិនអាច​ផ្គត់ផ្គង់​ការចំណាយ​លើ​ការសិក្សា​របស់​កូន​នៅ​សកល​វិទ្យាល័យ​ទើបបានជា​លោក​មក​រត់​តាក់ស៊ី​វិញ​។ ដ្បិតតែ​លោក ថៃ​មិន​ប្រសព្វ​ហៅភ្ញៀវ​តែ​លោក​មាន​ភ្ញៀវ​ដឹក​ជា​រៀងរាល់ថ្ងៃ​មាន​ទាំង​ខ្មែរ​និង​ចិន លោ​កថា​នេះ​ដោយសារ​គុណភាព​ការបើកបរ​របស់ខ្លួន​។ «​ទីមួយ​ការបើកបរ ជួន​កាលបើ​យើង​បើក​លឿន​ពេក​ក៏​គេ​មិន​ចង់​ជិះឡាន​យើង​ដែរ គេ​មិន​ហៅរក​ទេ បើ​យើង​បើក​ល្អ​ទៅ​ក៏​គេ​ឧស្សាហ៍​ហៅរក​យើង​។ ខ្ញុំ​អី​មិនសូវ​ចេះ​ចាប់​ម៉ូយ​ទេ បានតែ​ភ្ញៀវ​តាម​ទូរ​សព្ទ​ទេ នេះ​បាន​គេ​ចុះ​ពី​ថៃ​មក​ច្រើន​ទៅ ចេះតែ​សួរ​បាន​ចឹ​ង​ណា តែ​តាមពិត​មក​រាល់ដង​ស្ងាត់​ជ្រាប អូ​រស្មាច់​ហ្នឹង​មិនសូវមាន​មនុស្ស​ទេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ប៊ុត ថៃ​។  
 
​ក្រៅពី​ដឹក​ភ្ញៀវ​ពី​សៀមរាប​ទៅ​ទល់ដែន​លោក ថៃ ក៏​ដឹក​ភ្ញៀវ​ពី​សៀមរាប​ចូលទៅ​សុរិន្ទ ស៊ីសាកេត និង​ឧ​ប៊ុន​ផងដែរ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​ស្មាច់​រាល់ដង​ក្រៅ​ពីថ្ងៃ​បុណ្យទាន គឺ​ស្ងាត់​ណាស់ មានតែ​អ្នក​ទៅ​ពេទ្យ​ទេ​។ ខ្ញុំ​រត់​ពី​សៀមរាប​ទៅ​សុរិន្ទ ទៅ​ថៃ ស៊ីសាកេត ឧ​ប៊ុន ទៀត​។ ចូលទៅ​ថៃ​ត្រូវ​បង់​ឱ្យ​គយ​មួយរយ​បាត ប៉ូលិស​អស់​មួយរយ​បាត ចូលទៅក្នុង​ប៉ូលិសចរាចរ​ផាក​អស់ពីរ​រយ​។ គេ​ផា​កថា​ចង្កូត​ឡាន​យើង​នៅ​ខាងឆ្វេង​យ៉ាងម៉េច​ទេ មិនដឹង​ដែរ​ថៃ​។ មិន​ខាត​ទេ ព្រោះ​យើង​យក​ពី​សៀមរាប​ទៅ​សុរិន្ទ មួយរយ​ដុល្លារ​»​។ 
 
​ជាធម្មតា​នៅ​ខែ​ភ្លៀងរលឹម មាន​ក្មេងៗ​ជនជាតិខ្មែរ​កាន់ឆត្រ​ក្នុង​ដៃ​ម្នាក់​២​ទៅ​៣ ដើម្បី​ជួយ​បាំង​ភ្លៀង​ឱ្យ​ភ្ញៀវ​ជា​ជនជាតិខ្មែរ​និង​បរទេស ពេលខ្លះ​ភ្ញៀវ​កាន់ឆត្រ​ខ្លួនឯង ហើយ​ក្មេងៗ​ទទួលបាន​ប្រាក់​មកវិញ​ជា​រូបិយប័ណ្ណ​ខ្មែរ ថៃ ឬ​ប្រាក់​ដុល្លារ​។  នា​ខែ​ដែល​សម្បូរ​ភ្ញៀវ អ្នករត់​ម៉ូ​ឌុប ដឹក​អីវ៉ាន់ អ្នករត់​ឡាន​ឈ្មួ​ន ព្រមទាំង​អ្នកលក់ដូរ​តិចតួច នៅ​ច្រកព្រំដែន​អូ​រស្មា​ច់នេះ​អាច​រកចំណូលបាន​គួរសម​៕

Tag:
 ឧត្ដរមានជ័យ​
  សេដ្ឋកិច្ច​
 ​កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com