អន្តរជាតិ
មេក្រុម​ហ៊ុន Apple ទម្លាក់កំហុស​លើ​ចិន ក្រោយ​ខាត​លុយ ៤៥២​ពាន់​លាន​ដុល្លារ
08, Jan 2019 , 8:59 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​ខាតបង់​ប្រាក់​អស់​ប្រមាណ ៤៥២​ពាន់​លាន​ដុល្លារ ក្នុង​ថ្លៃ​របស់ ក្រុមហ៊ុន​លើ​ទីផ្សារ  ព្រោះតែ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​មួយ​នេះ បាន​ធ្លាក់ចុះ​យ៉ាងគំហុក គិត​ចាប់ពី​ខែតុលា​មក​។ រីឯ​មូល​ហេតុដែល​នាំ​ឲ្យ​ធ្លាក់ចុះ​នេះ​វិញ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​លោក Tim Cook បាន​ទម្លាក់កំហុស​លើ​ចិន​។

 
​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់ចុះ​ប្រមាណ ៣៩,១ ភាគរយ ចាប់តាំងពី​ថ្ងៃទី​០៣ ខែតុលា​ឆ្នាំ​២០១៨ មក​។ កាលពី​ចុងខែ​វិច្ឆិកា បាន​ធ្លា​ក់មក​ត្រឹម ២៣៣,៤៧​ដុល្លារ​ក្នុង​មួយ​ហ៊ុន​។ ជាមួយគ្នានេះ ថ្លៃ​របស់​ក្រុមហ៊ុន​លើ​ទីផ្សារ (market capitalization) បាន​ធ្លា​ក់មក​ត្រឹម ៦៧៤​ពាន់​លាន​ដុល្លារ ដែល​តូច​ជាង​ក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Amazon,  ក្រម​ហ៊ុន Alphabet និង ក្រុមហ៊ុន Berkshire Hathaway​។ 
 
​ក្រោយពី​តម្លៃ​នៃ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ខ្លួន ចេះតែ​បន្ត​ធ្លាក់ចុះ​ឥតឈប់ឈរ  ក្រុមហ៊ុន​យក្ស​មួយ កាលពី​ថ្ងៃទី​០២ មករា​កន្លងទៅ បានចេញ​សេចក្តីប្រកាស​ព្រមាន​ភ្លាមៗ​មួយ​ដល់​ក្រុម​អ្នកវិនិយោគ ដោយ​ខ្លួន​បានសម្រេច​បន្ទាប​ផែនការ​ប្រាក់ចំណូល​សម្រាប់​ត្រីមាស​ទីមួយ​របស់ខ្លួន​។ 
 
​យោងតាម​សារព័ត៌មាន CNBC នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Tim Cook បានលើកឡើង​ពី​កត្តា​សំខាន់​មួយចំនួន ដែល​នាំ​ឲ្យ​មានការ​កាត់បន្ថយ​ផែនការ​ចំណូល​បែបនេះ​។ ត្រង់នេះ លោក​បាន​អះអាងថា កត្តា​ទីមួយ​គឺ​មកពី​ការលក់​ទូរ​សព្ទ IPhone មានការ​ធ្លាក់ចុះ  និង​មួយទៀត​គឺ​ការ​ថមថយ​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ដែល​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម ដែល​កំពុង​ឆាបឆេះ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​បន្ទាប​ផែនការ​ប្រាក់ចំណូល​រប​ស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា លោក​ពុំ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះឡើយ​។  ថ្លែង​នៅមុខ​ក្រុម​អ្នកសារព័ត៌មាន​នា​សេត​វិមាន​អាមេរិក កាលពី​ចុង​សប្តាហ៍​មុន លោក​ត្រាំ ថែមទាំង​បាន​អួតអាង​ទៀតថា តម្លៃ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​កើនឡើង «​រាប់រយ​ភាគរយ​» ចាប់តាំងពី​លោក​បាន​ចូលកាន់​តំណែង​មក​។ 
 
​ទន្ទឹមនឹង​គ្នា​នេះដែរ លោក​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក​រូបនេះ ក៏បាន​លើកទឹកចិត្ត​ឲ្យ​លោក Cook សាងសង់​រោងចក្រ និង​ផលិតផល​បន្ថែម​នៅលើ​ទឹកដី​អាមេរិក​វិញ​។ លោក ត្រាំ​បាន​និយាយ​បែបនេះ​៖ «​ក្រុមហ៊ុន Apple បាន​បង្កើត​ផលិតផល​របស់​ពួកគេ​នៅក្នុង​ប្រទេស​ចិន​។ ហើយ​ចិន​បានទទួល​ផលប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន​អេប​ផល ច្រើនជាង​អាមេរិក​ទៅទៀត​ផង​»៕
 

Tag:
 ​ក្រុមហ៊ុន​អេប​ផល​
  បច្ចេកវិទ្យា​
  សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com