អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របាយការណ៍​៖ អាស៊ាន​កាន់តែ​មិន​ទុកចិត្ត​អាមេរិក ហើយ​រឹតតែ​បារម្ភ​ពី​ឥទ្ធិពល​សម្បើម​របស់​ចិន​
08, Jan 2019 , 10:19 pm        
រូបភាព
​ប្រជាជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចាប់ផ្តើម​មាន​មន្ទិលសង្ស័យ​និង​បាត់បង់​ទំនុកចិត្ត​លើ​មហាអំណាច​ទីមួយ​សហរដ្ឋអាមេរិក ប៉ុន្តែ​ក៏​បារម្ភ​ខ្លាំង​ពី​មហិច្ឆតា​ពិតប្រាកដ​របស់​មហាអំណាច​ទី​ពីរ​ចិន​ដែល​កំពុងមាន​ឥទ្ធិពល​គ្របដណ្តប់​តំបន់​ទាំងមូល​ដែរ​។ នេះ​បើតាម​របាយការណ៍​ស្ទង់​មតិ​ថ្មី​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សិង្ហ​បុរី ISEAS-Yusof Ishak ដែល​ចេញផ្សាយ​ថ្ងៃ​ចន្ទ​ទី ៧​ខែមករា​។


 
​របាយការណ៍​ថ្មី​នេះ​បង្ហាញថា ប្រជាជន​អាស៊ាន​ភាគច្រើន​រហូតដល់​លើស ៦០​ភាគរយ​យល់ថា មហាអំណាច​ចិន​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង​ដាច់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​។  ទន្ទឹមគ្នានេះ ប្រជាជន​អាស៊ាន​ភាគច្រើន​កាន់តែ​អស់​ទំនុកចិត្ត​របស់​អា​មេ​រិ​ក​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ធានា​សន្តិសុខ​តំបន់​ដែរ​។​
 
​របាយការណ៍​ស្ទង់​មតិ​ខាងលើ​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា « The State of ASEAN 2019»​។  វា​ត្រូវបាន​ចងក្រង​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សិង្ហ​បុរី Iseas-Yusof Ishak ដោយ​ការសាកសួរ​ទស្សនៈ​រប​ស់​អ្នកស្រាវជ្រាវ អ្នកបង្កើត​គោលនយោបាយ អ្នកជំនួញ មេដឹកនាំ​ស្ថាប័ន​សង្គម​ស៊ីវិល និង​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សរុប ១០០៨​នាក់​ពី​ទូទាំង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​ដប់​។  
 
១.​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ផុត​គេ​នៅ​អាស៊ីអាគ្នេយ៍ តែ​មិនគួរ​ឲ្យ​ទុកចិត្ត​ឡើយ​

​សម្រាប់​អាស៊ាន ទាំង​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ ឥទ្ធិពល​របស់​ចិន​គឺ វ៉ា​ដាច់​អាមេរិក​។ នេះ​បើតាម​របាយការណ៍​ស្ទង់​មតិ​ខាងលើ​។ ប្រមាណ ៧៣ ភាគរយ​នៃ​អ្នកចូលរួម​ទាំងអស់​យ​ល់​ឃើញថា ចិន​មាន​ឥទ្ធិពល​សេដ្ឋកិច្ច​ផុត​គេ​នៅ​តំបន់​អាស៊ាន​។ ជាការ​ពិត ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ដល់​ជាង ៥០០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០១៧​។​
 
​ក្រៅពី​ឥទ្ធិពល​សេដ្ឋកិច្ច អ្នកចូលរួម ៤៥,២​ភាគរយ យល់ឃើញ​ផងដែរ​ថា ចិន​មាន​ឥទ្ធិពល​ខ្លាំង​ខាង​ផ្នែក​នយោបាយ និង​បញ្ហា​យុទ្ធសាស្ត្រ​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​ដែរ​។ ប៉ុន្តែ​ទន្ទឹមនឹង​ឥទ្ធិពល​ខ្លាំង  អ្នកចូលរួម​ភាគច្រើន​រហូតដល់​៥១,៥​ភាគរយ​នៃ​អ្នកចូលរួម​បានបង្ហាញ​យោបល់​ថា ចិន​មិនមែនជា​មហាអំណាច​គួរ​ឲ្យ​ទុកចិត្ត​បានឡើយ ហើយ​គេ​ក៏​មិន​ជឿថា ចិន​នឹងធ្វើ​រឿង​ដែល​ល្អ​សម្រាប់​រក្សា​ឬ​ការពារ​សណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និង​អភិបាលកិច្ច​សកលលោក​ដែរ​។ តាម​របាយការណ៍​ដដែល ប្រទេស​អាស៊ាន​បី​ដែលមាន​ទុទ្ទិដ្ឋិនិយម​ខ្លាំង​ចំពោះ​ចិន​មានដូចជា វៀតណាម​, ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​។ 
 
​ដោយឡែក គម្រោង​របស់​ចិន «​ខ្សែក្រវាត់​មួយ វិថី​មួយ​» (BRI) ក៏​ក្លាយជា​មន្ទិលសង្ស័យ​ធំ​មួយ​សម្រាប់​ប្រជាជន​អាស៊ាន​ដែរ​។ ៤៧ ភាគរយ​នៃ​អ្នកចូលរួម​ផ្តល់​កា​យល់ឃើញថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ជា​យុទ្ធសាស្ត្រ​ទាញ​អាស៊ាន​ចូល​ក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់​ចិន ខណៈដែល ១៥,៧ ភាគរយ​ផ្សេងទៀត​យល់ឃើញថា គំនិត​ផ្តួចផ្តើម​របស់​ចិន​នេះ​ផ្តល់​ប្រយោជន៍​ដល់​អាស៊ាន​។ 
 
​របាយការណ៍​នេះ​រកឃើញថា ប្រទេស​ពីរ​ដែលមាន​សុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​គម្រោង​ចិន​នេះ​មាន ឡាវ និង​កម្ពុជា ដោយ​ពួកគេ​យល់ឃើញថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​ចូលរួមចំណែក​សំខាន់​ជួយ​ផ្គត់​ផ្គង​ហិរញ្ញវត្ថុ​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
​តាមពិតទៅ គម្រោង​ដ៏​មហិមា​នេះ​ត្រូវបាន​ដាក់ចេញ​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​ឆ្នាំ ២០១៣ និង​មាន​គោលដៅ​ជំរុញ​ការតភ្ជាប់ និង​ពាណិជ្ជកម្ម​តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ ប៉ុន្តែ​បច្ចុប្បន្ន វា​ត្រូវគេ​ចាត់ទុកថា​ជា អន្ទាក់​បំណុល និង​ជា​យុទ្ធសាស្ត្រ​ពង្រីក​ដែន​ឥទ្ធិពល​របស់​ចិន និង​អំណាច​នយោបាយ​របស់ខ្លួន​ផង​។
 
២.​ប្រជាជន​អាស៊ាន​ភាគច្រើន​មាន​មិនសូវ​ទុកចិត្ត​មហាអំណាច​អាមេរិក​ក្នុង​ជា​ដៃគូ​យុទ្ធសាស្ត្រ 
 
​ប្រជាជន​អាស៊ាន​ក៏​កាន់តែ​អស់​ទំនុកចិត្ត​លើ​អាមេរិក​ដែលជា​មហាអំណាច​លេខ​រៀង​ទីមួយ​ដែរ​។ ប្រហែល ៣១,៩ ភាគរយ​នៃ​អ្នកចូលរួម​ប៉ុណ្ណោះ​ដែល​យល់ថា អាមេរិក​អាច​ជឿជាក់​ទុកចិត្តបាន​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជា​មហាអំណាច​ដែល​ជួយ​រក្សា​សន្តិសុខ​តំបន់​ដែរ​។ ៣៣,៥​ភាគរយ​ផ្សេងទៀត​មិន​ច្បាស់លាស់​ឡើយ​ថា អាមេរិក​ជា​មហាអំណាច​គួរ​ឲ្យ​ទុកចិត្តបាន​ឬ​អត់​នោះ​។ 
 
​របាយការណ៍​ដដែលរ​ក​ឃើញថា ប្រទេស​បី​នៅ​អាស៊ាន​ដែលមាន​ទុទ្ទិដ្ឋិនិយម​ខ្លាំង​ចំពោះ​អាមេរិក​នោះ​មាននៅ​ព្រុយ​ណេ​, ម៉ាឡេស៊ី និង​នៅ​ថៃ​។ ប្រទេស​ពីរ​ដែលមាន​ទំនុកចិត្ត​លើ​តួនាទី​របស់​អាមេរិក​ខ្លាំងជាងគេ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជា​អ្នករក្សា​សន្តិសុខ​តំបន់​នោះ​មាន វៀតណាម (៥៤,៩​ភាគរយ​) និង​កម្ពុជា (៤៥,៨​ភាគរយ​)​។ 
 
​យ៉ាងណាក៏ដោយ ការយល់ឃើញ​អវិជ្ជមាន​ចំពោះ​មហាអំណាច​អាមេរិក​គឺ​កើនឡើង​នៅ​គ្រប់​បណ្តា​ប្រទេស​អាស៊ាន ជាពិសេស​មិន​ពេញចិត្ត​នឹង​គោលជំហរ​នយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​លោក ដូ​ណា​ល់ ត្រាំ មកកាន់​តំបន់​អាស៊ាន​។ ចំណែក​មូលហេតុ​ដែល​ប​ណ្តា​ល​ឲ្យ គេ​យល់ឃើញថា អាមេរិក​បាត់បង់​ឥទ្ធិពល និង​បាត់បង់​ភាព​គួរ​ឲ្យ​ទុកចិត្ត​ពី​សំណាក់​ប្រទេស​ដទៃ​នោះ​រួមមាន ការបញ្ជា​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥, ការ​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រឆាំង​ប្រព័ន្ធ​ពហុភាគី​និយម​ផងដែរ​។​
 
​ចាប់តាំងពី​លោក ត្រាំ ឡើងកាន់តំណែង​កាលពី​ខែមករា​ឆ្នាំ ២០១៧ មន្ទិលសង្ស័យ​មាន​កាន់តែច្រើន​ចំពោះ​គោលនយោបាយ​របស់​អាមេរិក​មកកាន់​តំបន់​អាស៊ាន​។ អាមេរិក​ហាក់បីដូចជា​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​តំបន់​អាស៊ាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​បារម្ភ ខណៈដែល​ចិន​បន្ត​កើនឡើង​ឥទ្ធិពល​ឥតមាន​ឈប់​នោះ​។ 
 
​ថ្វីបើ​ឥទ្ធិពល​និង​តួនាទី​អាមេរិក​ហាក់​ថមថយ​បន្តិច​មែន នៅ​ចុងឆ្នាំ ២០១៨ ព្រឹទ្ធសភា​អាមេរិក​ចេញមុខ​ឈឺឆ្អាល​ជំនួស​រដ្ឋបាល​អាមេរិក​ដោយ​ស្នើច្បាប់​ស្តីពី​គំនិត​ផ្តួចផ្តើម​ធានា​ជាថ្មី​សម្រាប់​តំបន់​អាស៊ី (Asian Reassurance Initiative Act)​។  វា​ត្រូវបាន​គេ​ចាត់ទុក​យុទ្ធសាស្ត្រ​ពហុ​វិស័យ ដោយ​ផ្តល់​កញ្ចប់​ថវិកា ១,៥​ពាន់​លាន​ដុល្លារ​សម្រាប់​ការចាយវាយ​លើ​កម្មវិធី​ជាច្រើន​ដែល​គោលដៅ​បង្កើន​ការទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា​លើ​វិស័យ​សន្តិសុខ​, សេដ្ឋកិច្ច​, និង​នយោបាយ​ផង​។ ច្បាប់​នេះ​ត្រូវបាន​ប្រធានាធិបតី​អាមេរិក ចុះហត្ថលេខា​ឲ្យ​ប្រើប្រាស់​មុន​ដាច់​ឆ្នាំ​រួចរាល់​ហើយ​៕
 

Tag:
 អាស៊ាន​
  អាមេរិក​
 ​ចិន​
  ISEAS-Yusof Ishak
© រក្សាសិទ្ធិដោយ thmeythmey.com