កីឡាជាតិ
ជាតិ
សហព័ន្ធ​ទូក​កា​នូ​និង​រ៉ូ​អ៊ីង មាន​ចំណាយ​ធំ​ជាង​ចំណូល​
08, Jan 2019 , 10:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអង្គភាពកីឡាក្រសួងមហាផ្ទៃ
រូបភាពពីហ្វេសប៊ុកអង្គភាពកីឡាក្រសួងមហាផ្ទៃ
ដោយ:
​ប្រភព​ចំណូល​មិន​រឹងមាំ និង​ការជួយជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​នៅមានកម្រិត ធ្វើ​ឲ្យ​ការចំណាយ​របស់​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អ៊ីង​កម្ពុ​ជាមាន​ទំហំ​ធំ​ជាង​ចំណូល​សម្រាប់​អាណត្តិ​ទី​៣​។ ក្រោយ​ទូទាត់​ការចំណាយ សហព័ន្ធ​នេះ នៅ​ជំពាក់​ជាង​២​លាន​រៀល​។ នេះ​បើតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហព័ន្ធ ដែល​បានបង្ហាញ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩​។​

 
​ក្រោយ​ទូទាត់​ចំណាយ​ចំណូល​ក្នុង​អាណត្តិ​ទី​៣ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ដែលមាន​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជា​ប្រធាន មាន​ទំហំ​ចំណាយ​ធំ​ជាង​ចំណូល ដែល​នាំ​ឲ្យ​សហព័ន្ធ​នៅ​ជំពាក់​គេ​ជាង​២​លាន​រៀល​។ សម្រាប់​អាណត្តិ​ទី​៣ សហព័ន្ធ​នេះ រកចំណូលបាន​ចំនួន​៤៤១​លាន​រៀល និង​ចំណាយ​អស់​ចំនួន​៤៤៣,១៤៨,០០០​រៀល​។  
 
​ចំណូល​ភាគច្រើន​របស់​សហព័ន្ធ​បានមកពី​ការឧបត្ថម្ភ​របស់​សម្តេច ស ខេង និង​ការដាក់​ស្តង់​ពិព័រណ៍​ផលិតផល​។ ចំណែក​ការចំណាយ​ភាគច្រើន​លើ​ការទិញ​សម្ភារ​ដូចជា​ទូក​ប្រពៃណី ទូក​រ៉ូ​អ៊ីង និង​ការរៀបចំ​ពានរង្វាន់​សម្តេច ស ខេង ជាដើម​។ កត្តា​ដែល​នាំ​ឲ្យ​ការចំណាយ​របស់​សហព័ន្ធ​ធំ​ជាង​ចំណូល​នេះ ដោយសារ​សហព័ន្ធ​សហព័ន្ធ​ពុំទាន់​មាន​ប្រភព​ចំណូល​ច្បាស់លាស់ និង​ការជួយជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​នៅមានកម្រិត​។​


 
«​មូលដ្ឋាន​ចំណូល​របស់​សហព័ន្ធ នៅ​មិនទាន់​រឹងមាំ​ប្រាកដប្រជា​នៅឡើយ​ទេ ហើយ​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅមានកម្រិត​។ កម្មវិធី​ការងារ​កីឡា​ភាគច្រើន​ម្ចាស់ជំនួយ​ត្រូវការ​បដិភាគ​ចូលរួម​ពី​សហព័ន្ធ​ក្នុងការ​ស្នើសុំ​ទីតាំង​នៅតាម​បណ្តា​រាជធានី​ខេត្ត ដើម្បី​ដាក់តាំង​ផ្សព្វផ្សាយ​លក់​ផលិតផល​ជាតិ​និង​អន្តរជាតិ​»​។ នេះ​ជាការ​បញ្ជាក់​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​អាន​ដោយ​កញ្ញា មាស តឿ អគ្គ​ហិ​រញ្ញឹក​ក្នុង​មហាសន្និបាត​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩​។ 
 
​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អ៊ីង​ឲ្យ​កាន់តែ​រីកចម្រើន សហព័ន្ធ​នេះ​ប្តេជ្ញា​ថា សហព័ន្ធ​នឹង​ខិតខំ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​កីឡា​នេះ ក្នុងការ​ស្វែងរក​ជំនួយ​, ប្រើប្រាស់​ថវិកា​ឲ្យ​បាន​ត្រឹមត្រូវ​, ជំរុញ​ការស្វែងរក​វិភាគទាន​ពី​គណៈកម្មការ​ទ្រទ្រង់​របស់​សហព័ន្ធ និង​ការបង់​សមាជិកភាព​ពី​ក្លិប​-​សមាគម​, ស្វែងរក​ដៃគូ និង​ក្រុមហ៊ុន​ឯកជន ដើម្បី​រៀបចំ​ឧស្សាហកម្ម​កីឡា និង​បង្កើន​ទំនាក់ទំនង​ល្អជា​សប្បុរសជន ដើម្បី​បង្កើន​ប្រភព​ចំណូល​ជាដើម​។ 
 
​សមាជិក​ប្រតិបត្តិ​ដែល​អង្គ​មហាសន្និបាត​បោះឆ្នោត​គាំទ្រ​ដោយ​ការលើកដៃ​មាន​ចំនួន​៣៣​រូប​រួមមាន សម្តេច ស ខេង ជា​ប្រធាន​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​, លោក ទៀ វិញ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​, លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, លោក ម៉ៅ ភិ​រុណ និង​លោក ឯម ម៉ា​អូ​រី ជា​អនុប្រធាន​។ ចំណែក​លោក មាស សារិន ត្រូវ​ដំឡើង​ពី​អគ្គលេខាធិការ​ទៅជា​អនុប្រធាន​អចិ​ន្ត្រៃ ខណៈ​តួនាទី​អគ្គលេខាធិការ​ធ្លា​ក់មក​លោក ជា ប៊ុនហេង និង​កញ្ញា មាស តឿ អគ្គ​ហិ​រញ្ញឹក​។ 
 
​ក្រៅពីនេះ​មាន​សមាជិក​២១​រូប​ទៀត​រួមមាន​លោក ហង្ស សុវណ្ណ​, លោក​អភិបាលខេត្ត​កំពង់ចាម​, ខេត្ត​កែប​, កំពង់ធំ​, រតនគិរី​, សៀមរាប​, កំពង់ស្ពឺ​, ក្រចេះ​, ឧ​ត្ត​រ​មានជ័យ​, បាត់ដំបង​, ព្រៃវែង​, មណ្ឌលគិរី​, ត្បូងឃ្មុំ​, ព្រះសីហនុ​, ស្វាយរៀង​, កំពង់ឆ្នាំង​, តាកែវ​, កំពត​, កោះកុង​, បន្ទាយមានជ័យ​, ប៉ៃលិន​, ពោធិ៍សាត់​, ស្ទឹងត្រែង និង​ព្រះវិហារ​៕   
 

Tag:
 ទូក​កា​នូ​និង​រ៉ូ​អ៊ីង​
  សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com