អន្តរជាតិ
លោក ប្រា​យុទ្ធ ប្រកែក​មិន​ចរចា​ជាមួយ​លោក ថាក់ស៊ីន
09, Jan 2019 , 11:48 am        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទអូ​ចា បាន​ច្រានចោល​សំណើ​របស់​អតីត​ប្រធានសភា​ថៃ លោក​Yongyuth Tiyapaira ដែល​លើកឡើងថា រដ្ឋាភិបាល​គួររៀបចំ​ជំនួប​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​កំពុង​និរទេស​ខ្លួន លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ត្រា ដើម្បី​ស្រោចស្រង់​ឯកភាព​ជាតិ​។ 

 
​ថ្លែង​នៅក្រោយ​ជំនួប​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​អង្គារ ទី​៨ ខែមករា ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​គូសបញ្ជាក់ថា​៖ «​រដ្ឋាភិបាល​ពុំ​អាច​ចរចា​ជាមួយ​អ្នកនយោបាយ​និរទេស​ខ្លួន​បានទេ​។ ប្រសិនបើ​លោក ថាក់ស៊ីន គិតថា លោក​មិន​បានធ្វើ​អ្វី​ខុសឆ្គង​នោះទេ លោក​គួរតែ​វិលត្រឡប់​មកវិញ ហើយ​តតាំង​នឹង​រឿងក្តី​របស់លោក​»​។  នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Bangkok Post ។​
 
​ការលើកឡើង​របស់លោក​ប្រា​យុទ្ធ ធ្វើឡើង​ក្រោយពី​លោក Yongyuth បានស្នើ​សុំ​ឲ្យ​របប​សឹក​ថៃ​ចរចា​ជាមួយ​លោក​ថាក់ស៊ីន ដើម្បី​ផលប្រយោជន៍​នៃ​ការបង្រួបបង្រួម​ជាតិ ហើយ​លោក​ក៏បាន​ប្រកាស​ផង​ថា លោក​នឹង​នឹង​រិះរក​វិធី​ដើម្បី​អាច​ឲ្យ​លោក​ថាក់ស៊ីន​ត្រឡប់មក​ប្រទេស​ថៃ​វិញ​។ លោក ​Yongyuth  ជា​អតីត​សហ​ស្ថាបនិក​គណបក្ស  Pheu Chart ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជិតស្និទ្ធ​នឹង​ក្រុម​អាវ​ក្រហម ដែល​ប្រឆាំង​ទៅនឹង​របប​ផ្តាច់ការ​។ លោក​បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​បរិស្ថាន និង​ធនធានធម្មជាតិ អំឡុងពេល​លោក ថាក់ស៊ីន កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។ 
 
​ទោះបី​លោក ថាក់ស៊ីន លែង​ត្រូវ​ទទួលទោស​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ពាក់ព័ន្ធ​នឹង​រឿងក្តី ដីធ្លី​កាលពី​ឆ្នាំ​១០​ឆ្នាំមុន  ព្រោះតែ​អាជ្ញា​យុ​កាល​នៃ​ទោស​លោក​ត្រូវបាន​រលត់ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨ ក៏ដោយ​ក្តី  ប៉ុន្តែ​ក៏មាន​រឿង​ក្តីក្តាំ​បួន​ផ្សេងទៀត ដែល​ប្រឆាំងនឹង​លោក នៅក្នុង​ដៃ​របស់​តុលាការ​រ​កំពូល​ថៃ​ផងដែរ​។ 
 
​ជាច្រើនលើក​ច្រើនសារ រដ្ឋាភិបាល​សឹក​ថៃ​ដែលមាន​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា​ជា​ប្រមុខ បាន​កោះហៅ​ឲ្យ​លោក​ថាក់ស៊ីន វិលត្រឡប់​មកកាន់​ប្រទេស​ថៃ​វិញ  ដើម្បី​ប្រឈមមុខ​នឹង​រឿងក្តី​របស់លោក​។  ទាក់ទិន​នឹង​រឿងនេះ លោក ថាក់ស៊ីន បាន​និយាយ​នៅលើ​បណ្តាញ​សង្គម  Twitter កាលពី​ថ្ងៃ​អង្គា​រថា លោក​ពុំ​ជឿជាក់​លើ​ប្រព័ន្ធយុត្តិធម៌​ថៃ ដ្បិត​សព្វថ្ងៃនេះ វា​ត្រូវបាន​គ្រប់គ្រង​ដោយ​របប​យោធា​។ 
 
​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ វ័យ​៦៩​ឆ្នាំ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ ២០០៦ ។ លោក​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង ដោយសារ​ការធ្វើ​រដ្ឋប្រហា​រ​យោធា កាលពី​ខែកញ្ញា​ឆ្នាំ​២០០៦ និង​និរទេស​ចេញពី​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០០៨​។ 
 
​លោក​ថាក់ស៊ីន ក៏​ជា​បងប្រុស​របស់លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤​។ ដូចគ្នា​អ៊ីចឹង​ដែរ លោកស្រី ក៏ត្រូវ​យោធា​ទម្លាក់​ពី​ចេញ​តំណែង ដោយសារ​ការធ្វើ​រដ្ឋប្រហា​រ កាលពី​ខែឧសភា ឆ្នាំ​២០១៤​។ ប​ច្ច​ប្បន្ន​នេះ ទាំងពីរ​នាក់​បងប្អូន​ត្រកូល ស៊ីណា​វ៉ា​ត់​ត្រា​នេះ កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​៕
 

Tag:
 ប្រា​យុទ្ធ​ ចន្ទ​អូ​ចា​
  ថៃ​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com