ជាតិ
សេដ្ឋកិច្ច
រថភ្លើង ៣​គ្រឿង​នាំចូល​ពី​ម៉ិ​ក​ស៊ិ​ក ត្រៀម​ដំណើរការ​នៅ​ភ្នំពេញ
09, Jan 2019 , 6:12 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េ​ល​វ៉េ (Royal Railways) ដែលជា​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​សេវាកម្ម​រថភ្លើង​នៅ​កម្ពុជា នៅ​ថ្ងៃទី​៨​ខែមករា បាន​នាំចូល​រថភ្លើង​ទំនើប Tramway ចំនួន​៣​គ្រឿង​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដើម្បី​ត្រៀម​បើក​ដំណើរ​នៅ​ភ្នំពេញ ឬ​អាចឈាន​ដល់​រត់​លើ​ខ្សែ​រថភ្លើង​ទៅ​ព្រះសីហនុ និង​ប៉ោយប៉ែត​។


 
​លោក ស៊ុន ចាន់ថុល នឹង​ស្នើ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​សម្ដេច​អញ្ជើញ​ជា​អធិបតី​ក្នុងការ​សម្ពោធ​ឲ្យ​ប្រើប្រាស់​រថភ្លើង​៣​គ្រឿង​នេះ ដែល​នឹង​រត់​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ឬ​អាច​ឲ្យ​ដំណើរការ​សម្រាប់​ខ្សែ​រថភ្លើង​ទៅ​ខេត្ត​ព្រះសីហនុ និង​ប៉ោយប៉ែត​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​ពិធី​បើក​សន្និបាទ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​បែបនេះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ពេល​វា​លា​នៃ​ការសម្ពោធ​រថភ្លើង​ថ្មី​នេះឡើយ​។​
 
​បើតាម​លោក ច​ន ហ្គា​រី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Royal Railways រថភ្លើង​ទាំងនេះ​មាន​ប្រវែង ១៨​ម៉ែត្រ ទទឹង ២​ម៉ែត្រ​កន្លះ អាច​ដឹក​ភ្ញៀវ​ចំនួន ៧៨​នាក់ និង​អាច​រត់​ក្នុង​ល្បឿន​មធ្យម ៧០​ទៅ​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៅតាម​ស្ថានភាព​ផ្លូវ​។ លោក ច​ន ហ្គា​រី ត្រូវបាន​ដកស្រង់​សំដី​ដោយ​គេហទំព័រ​របស់​ទូរទស្សន៍ CNC ដូចនេះ​នៅ​ថ្ងៃទី​៩​ខែមករា​។  
 
​គួរ​បញ្ជាក់ថា ខ្សែ​រថភ្លើង​ភាគ​និរតី និង​ខ្សែ​រថភ្លើង​ភាគ​ពាយព្យ​របស់​កម្ពុជា កំពុងដំណើរការ​នាពេល​បច្ចុប្បន្ននេះ ហើយ​នៅ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​សម្ពោធ​ខ្សែ​រថភ្លើង​ខ្លី​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ព្រម​ជាមួយគ្នានេះ​កម្ពុជា​ត្រៀម​ត​ភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​ជាមួយ​ប្រទេស​ថៃ​ទៀតផង​៕ 

Tag:
 រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com