អន្តរជាតិ
ទៅពិនិត្យ​ព្រំដែន លោក ត្រាំ គំរាម​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដើម្បី​យកលុយ​សង់​ជញ្ជាំង​
11, Jan 2019 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១០ ខែមករា បាន​ទៅ​ត្រួតពិនិត្យ​តំបន់​ព្រំដែន​នៅ​ភាគខាងត្បូង​ប្រទេស ដែលជា​ច្រក​ដ៏​សំខាន់​សម្រាប់​ជនអន្តោប្រវេសន៍​។ លោក ត្រាំ បាន​សរសើរ​មន្ត្រី​អនុវត្ត​ច្បាប់ និង​ឆ្មាំ​ល្បាត​ព្រំដែន​ដែល​ធ្វើ​ការងារ​បានល្អ ប៉ុន្តែ​លោក​មិន​ភ្លេច​ការទារលុយ​ដើម្បី​សាងសង់​ជញ្ជាំង​។ ជាថ្មីទៀត លោក​ប្រធានាធិបតី​អាមេរិក​គំរាម​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន បើ​ស​ភ​មិន​ផ្ដល់​លុយ​ឲ្យ​លោក​ទេនោះ​។

 
​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវបាន​បិទ​ដោយ​ផ្នែក​។ បុគ្គលិក​រដ្ឋ​រាប់ពាន់នាក់​ត្រូវធ្វើ​ការ​ដោយ​គ្មាន​ប្រាក់ខែ​។ នេះ​ជា​ស្ថានភាព​នយោបាយ​នៅ​អាមេរិក​ដែល​ជាប់គាំង​ដោយសារ​ការ​លុយ​ធ្វើ​ជញ្ជាំង​ព្រំដែន​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ខណៈ​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​បន្ត​ជំទាស់​ការយក​លុយ​សង់​ជញ្ជាំង​ព្រំដែន​ភាគខាងត្បូង​។ គិត​ត្រឹម​ថ្ងៃទី​១០ ខែមករា ការបិទ​ដំណើរការ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​ឈានដល់​ថ្ងៃទី​២០ ហើយ ឯ​ដំណោះស្រាយ​នៅតែ​គ្មាន​ដដែល​។​
 
​នៅ​ថ្ងៃទី​១០ ខែមករា លោក ត្រាំ បានធ្វើ​ដំណើរ​ទៅកាន់​ព្រំដែន​ភាគ​ត្បូង​ជាប់​ម៉ិ​ក​ស៊ិ​ក ដើម្បី​ជំរុញ​ការទាមទារ​លុយ​ធ្វើ​ជញ្ជាំង​របស់លោក​។ ឈរ​អមដោយ​មន្ត្រី​ល្បាត​ព្រំដែន​ដែល​កំពុង​បំពេញការងារ​ដោយ​គ្មាន​ប្រាក់ខែ​នោះ លោក ត្រាំ ជាថ្មី​ម្ដងទៀត​បាន​ព្រមាន​ដោយ​ចំហ​ថា នឹងដាក់​អាមេរិក​ក្នុងស្ថានភាព​
​អាសន្ន បើ​បក្ស​ប្រជាធិបតេយ្យ​មិន​បើកផ្លូវ​ដល់​កញ្ចប់​លុយ​តាម​បំណង​លោក​ទេនោះ​។ 
 
​តាមពិតទៅ លោក ត្រាំ ចង់បាន​លុយ​ចំនួន ៥,៧ ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​។ ការសង់​ជញ្ជាំង​នេះ ជាការ​សន្យា​របស់លោក​តាំងពី​សម័យ​ឃោសនាបោះឆ្នោត​ក្នុង​ឆ្នាំ ២០១៦ មកម្ល៉េះ​។ កាលនោះ​មេដឹកនាំ​អាមេរិក​រូបនេះ​ធានាថា រាល់​ការចាយវាយ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​អាមេរិក ម៉ិ​ក​ស៊ិ​ក​ជា​អ្នករ៉ាប់រង​។ ប៉ុន្តែ​ចុងក្រោយ​លោក​បែរជា​មក​ទារលុយ​ពី​អ្នក​បង់ពន្ធ​អាមេរិក​ទៅវិញ​។​
 
​ការខ្វែងគំនិត​គ្នា​ជាមួយ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ ក៏​បង្កើតជា​បញ្ហា​ដូច​សព្វថ្ងៃ​តែម្ដងទៅ​។ បក្ស​ប្រជាធិបតេយ្យ​បាន​ប្រាប់​ឲ្យ​លោក ត្រាំ បោះបង់​បំណង​ស្ថាបនា​ជញ្ជាំង​នេះ ព្រោះ​មិនមាន​ប្រសិទ្ធភាព និង​បាន​ត្រឹម​ខ្ជះខ្ជាយ​លុយ​ឥតប្រយោជន៍​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​នៅតែ​ឡាំប៉ា ប្រកាន់​ជំហរ​រឹងរូស ហើយក៏​មិន​ខ្ចី​ជជែក​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​លើ​បញ្ហា​ផ្សេងទៀត​ដែរ បើ​រឿង​ជញ្ជាំង​នេះ​មិន​ត្រូវបាន​ដោះស្រាយ​នោះ​។​
 
​ខឹង​ធ្វើ​អ្វី​មិនបាន លោក ត្រាំ អាច​នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​មិន​ខាន ដោយ​លោក​អះអាងថា វា​ជា​រឿង​ធម្មតា​។ ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ជាការ​ផ្ដល់​សិទ្ធិ​ឲ្យ​លោក ត្រាំ ប្រើប្រាស់​លុយ​តាម​ការចាំបាច់​ដោយ​មិនចាំបាច់​ឆ្លង​សភា​នាំ​វែងឆ្ងាយ​ឡើយ​។ ប៉ុន្តែ​វា​អាចបង្កើត​ជា​ករណី​តវ៉ា​ពី​សំណាក់​បក្ស​ប្រជា​ធិ​តេ​យ្យ​ដែល​យល់ថា ការសម្រេចចិត្ត​បែបនេះ មិន​ស្រប​រដ្ឋធម្មនុញ្ញ​ឡើយ​។ តែ​លោក ត្រាំ និយាយថា មេធាវី​របស់លោក​ឲ្យ​យោបល់​ថា មាន​សិទ្ធិ​។​
 
​សូម​រំឭកថា ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​នេះ ចាប់ផ្តើម​ឡើង​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ ។  ការអូសបន្លាយ​នៃ​ការបិទ​រដ្ឋាភិបាល​នេះ បង្ក​ប៉ះពាល់​ដល់​ក្រសួង​៩ ក្នុងចំណោម​ក្រសួង​ទាំងអស់ ១៥ ហើយ​ទីភ្នាក់ងារ​សំខាន់ៗ​ចំនួន​ច្រើនជាង​១០ ដែល​ត្រូវ​ផ្អាក​ដំណើរការ​។ បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​ប្រហែល ៨​សែន​នាក់​នឹងមិន​ទទួលបាន​ប្រាក់កម្រៃ ក្នុងនោះ​មាន ៤២ ម៉ឺន​នាក់​ត្រូវ​បន្តធ្វើ​ការងារ​ដោយ​គ្មាន​ប្រាក់កម្រៃ ខណៈ​៣៨ ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវ​ផ្អាក​ការងារ​របស់​ពួកគេ​តែម្តង​៕
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com