ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​កើនឡើង ធ្វើ​ឲ្យ​អ្នក​ថតរូប​នៅមុខ​វាំង រក​ចំណូល​មិនសូវ​បាន​ទៀងទាត់​
12, Jan 2019 , 9:49 pm        
រូបភាព
រូបអ្នក​​ថត​​រូប​នៅសួន​ច្បារ​ព្រះ​បរម​រាជ​វាំង
រូបអ្នក​​ថត​​រូប​នៅសួន​ច្បារ​ព្រះ​បរម​រាជ​វាំង
ដោយ:
​ភ្នំពេញ​៖ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ទៅ​កម្សាន្ត​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង នៅតែមាន​ភាព​អ៊ូអរ​ដដែល​។ ប៉ុន្តែ មុខរបរ​ជា​អ្នក​ថតរូប​នៅ​ទីនោះ ហាក់​មាន​ភាពស្ងប់ស្ងាត់ ដោយសារតែ​មហាជន​ទូទៅ ជ្រើសរើស​ការប្រើ​ស្មា​ត​ហ្វូ​ន និង​កាមេរ៉ា​របស់ខ្លួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រកបមុខរបរ​នេះ រក​ចំណូល​មិនសូវ​កាក់កប​ដូច​មុន​។



​នៅ​ចន្លោះ​ម៉ោង​៤ ទៅ​៥​ល្ងាច ជា​ពេល​ដែលមាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ និយម​ទៅ​អង្គុយ​ពិសា​អាហារ និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ជាដើម​។ ពេលវេលា​នោះ​ហើយ​ដែល​អ្នក​ថតរូប តែងតែ​ឈរ​រង់ចាំ​ហៅភ្ញៀវ​ឲ្យ​មក​ជួល​ពួកគេ​ថតរូប​។ មាន​អ្នក​ថតរូប​ខ្លះ មមាញឹក​នឹង​ថតរូប​ឲ្យ​គេ ហើយ​អ្នក​ខ្លះទៀត​មិនទាន់មាន​អ្នក​មក​ជួល​ថត​ផង​។ មុខរបរ​នេះ ងាយស្រួល ចំណាយ​ដើមទុន​តិច ប៉ុន្តែ​ចំណូល​ដែល​បាន​មកវិញ គឺ​មិន​ច្រើន​ដូច​មុខរបរ​ផ្សេងៗ​ឡើយ​។ ក្រៅពី​មុខរបរ​ជា​អ្នក​ថតរូប​នៅមុខ​ព្រះបរមរាជវាំង ក៏មាន​អ្នកលក់​នំចំណី​អាហារ ភេសជ្ជៈ អ្នកលក់​សំណែន​ដូចជា​ផ្កាឈូក និង​អ្នករត់​ម៉ូតូ​កង់​បី​ផងដែរ​។​


 
​លោក មាល់ ភា អ្នក​ថតរូប​ប្រចាំ​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង​អស់​រយៈពេល​២​ឆ្នាំ​មកហើយ លើកឡើងថា មុខរបរ​នេះ វា​ងាយស្រួល​ដល់​លោក ដោយ​មិន​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន​ដូច​ធ្វើការ​សំណង់​ឡើយ​។ លោក នៅតែ​ចាប់យក​អាជីព​នេះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បើទោះបី​ចំណូល​មិនបាន​ច្រើនយ៉ាង​ណាក៏ដោយ​។ កំពុង​អង្គុយ​រង់ចាំ​ភ្ញៀវ​នៅ​ជិត​ហ្វូង​សត្វ​ព្រាប  លោក មាល់ ភា បាន​បញ្ជាក់ថា​៖«​អាជីព​នេះ មិនមែនជា​ការងារ​ធ្ងន់​ប៉ុន្មាន​ទេ​។ ថ្ងៃ​ខ្លះ​រកបាន ហើយ​ថ្ងៃ​ខ្លះ​រក​សឹងតែ​មិនបាន​ផង​។ វា​អត់​ទៀងទេ​»​។ 


 
​លោក មាល់ ភា ប្រាប់​អ្នកសារព័ត៌មាន Thmey Thmey ថា ខ្លួន​ពិតជា​ពិបាក​ហៅភ្ញៀវ​មក​ជួល​ឲ្យ​លោក​ថត​ណាស់ ដោយសារ​ភ្ញៀវ​ភាគច្រើន មាន​ស្មា​ត​ហ្វូ​ន​ប្រើ មាន​កាមេរ៉ា និង​ឧបករណ៍ប្រើប្រាស់​របស់​ខ្លួន​ដ៏​ទំនើបៗ​។ «​ជួនកាល​មាន​ភ្ញៀវ​ខ្លះ អាណិត​យើង គេ​ក៏​ហៅ​យើង​ថត​ទៅ ជួនកាល​ទៀត គេ​មិន​ហៅ​ក៏មានដែរ ពីមុន​ចេះតែ​រកបាន ប៉ុន្តែ​ឥឡូវ​បច្ចេកវិទ្យា​ទំនើបៗ​ពេក គេ​មិនសូវ​ហៅ​យើង​ថត​ទេ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក មាល់ ភា​។ 


 
​អ្នក​ថតរូប​រូបនេះ បាន​ប្រាប់​បន្ថែមទៀតថា ពី​មូលហេតុ ដែល​នាំ​ឲ្យ​លោក​រក​ចំណូល​មិនសូវ​បាន គឺ​ដោយសារ​មាន​អ្នក​ថត​ច្រើន ហើយ​ប្រមូល​ផ្តុំគ្នា​នៅ​កន្លែង​តែមួយ ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រកួតប្រជែង​គ្នា​ខ្លាំង​។ មាន​គិតថា​ការងារ​មួយ​នេះ ផ្តល់​ចំណូល​មិន​ទៀងទាត់ ទើប​អ្នកខ្លះ​បាន​បោះបង់ ហើយ​ទៅធ្វើជា​អ្នករត់​ម៉ូតូ​កង់​បី​វិញ​។  
 
​មើល​ជុំវិញ​សួនច្បារ​មុខ​ព្រះបរមរាជវាំង គេ​ឃើញ​មាន​អ្នក​ថតរូប​ជាច្រើន​នាក់ កំពុង​ឈរ​ឆ្ងាយ​ប្រមាណ​២០​ម៉ែត្រ​ពីគ្នា  ដើម្បី​ហៅភ្ញៀវ​ដែល​កំពុងធ្វើដំណើរ​ដោយ​ឆ្លង​ពី​ផ្លូវ​ម្ខាង​នៃ​ព្រះអង្គ​ដង​កើ ឆ្ពោះ​មក​សួនច្បារ​មុខ​ព្រះបរមរាជវាំង​។  លោក ជន់ ឆឿ​ន ដែលជា​អ្នក​ថតរូប​ម្នាក់​ដែរនោះ  ប្រាប់ថា ជា​រៀងរាល់ថ្ងៃ​លោក​មកដល់​ទីនេះ តាំងពី​ម៉ោង​៦​ព្រឹក ហើយ​ម៉ោង​៦​ល្ងាច លោក​វិលត្រឡប់​ទៅផ្ទះ​វិញ​។ ក្នុង​មួយថ្ងៃ លោក​អាច​រក​ចំណូល​ពី​ការថតរូប និង​ផ្តិតរូប​បាន​ប្រមាណ ២​ម៉ឹ​ន​រៀល ទៅ​៣​ម៉ឺន​រៀល ប៉ុន្តែ​បើ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យទាន​វិញ លោក​អាច​រក​ចំណូល​ពី​ការថតរូប ចន្លោះ​ពី​៧​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល​។ 
 
​ជា​អាជីព​អ្នក​ថតរូប​អស់​រយៈពេល​៣​ឆ្នាំ លោក ជន់ ឆឿ​ន បាន​ត្អួ​ញ​ត្អែ​រថា ថ្ងៃ​ធម្មតា​លោក​ពិបាក​រក​ចំណូល​ណាស់ បើ​ថ្ងៃ​បុណ្យទាន លោក​អាច​រក​ចំណូល​ច្រើន​គួរសម ដោយសារ​មាន​អ្នក​ខេត្ត ឡើងមក​លេង​នៅ​ភ្នំពេញ​។ មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល លោក ជន់ ឆឿ​ន បញ្ជាក់​ដូច្នេះ​ថា​៖«​ទាល់តែ​អ្នក​ជនបទ​មកលេង​នៅទីនេះ​ច្រើន ទើប​យើង​អាច​រកចំណូលបាន​ច្រើន​»​។​
​ជាធម្មតា សួនច្បារ​មុខ​ព្រះបរមរាជវាំង​ជាទី​សាធារណៈ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ សម្រាក​ពី​ការងារ និង​កម្សាន្ត​លេង ដើម្បី​លម្ហែកាយ​៕ 
 

Tag:
 អ្នក​ថតរូប​
 ​សេដ្ឋកិច្ច​
  បច្ចេកវិទ្យា​
 ​ភ្ញៀវទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com