សង្គមអន្តរជាតិ​
អន្តរជាតិ
គ្រូ​ម្នា​ក់នៅ​អាហ្វ្រិក​ខាងត្បូង​បាត់បង់​ការងារ​ដោយសារ​រូបថត​សិស្ស​ស្បែ​កស និង​ស្បែក​ខ្មៅ អង្គុយ​ដាច់ពីគ្នា​
14, Jan 2019 , 8:29 am        
រូបភាព
ដោយ: ធីតា
​កុមារ​ស្បែ​កស​ប្រមាណ​១៥​នាក់​អង្គុយ​នៅ​ជុំវិញ​តុ​ធំ​មួយ ចំណែក​កុមារ​ស្បែក​ខ្មៅ​៤​នាក់​ត្រូវ​បានដាក់​ឲ្យ​អង្គុយ​នៅ​ឆ្ងាយ​ពី​នោះ​បន្តិច​។ រូបថត​នេះ ត្រូវបាន​នៅ​ថ្ងៃ​បវេសនកាល​នៅ​សាលារៀន Schweizer-Reneke នៅ​ខេត្ត​ដាច់ស្រយាល​មួយ​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង​។

 
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​អាហ្វ្រិក​ខាងត្បូង Times LIVE អ្នកគ្រូ​ម្នាក់ បាន​ផ្ញើ​រូបនេះ ចូលក្នុង​ក្រុម WhatsApp ទៅកាន់​ឪពុកម្តាយ​សិស្ស ដើម្បី​ប្រាប់ថា ការបង្រៀន​ចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃទី​៩ ខែមករា​។ ភ្លាមៗ​នោះ រូបថត​ត្រូវ​ចែកចាយ​ពេញ​បណ្តាញ​សង្គម ដោយ​ក្រុម​អាណាព្យាបាល​បាន​ប្តឹងទៅ​សាលារៀន ទាក់ទង​នឹង​ការរើសអើង​ក្នុង​សាលា​។​
 
​អ្នកស្រី Thuli Madonsela មេធាវី និង​ជា​អ្នកនយោបាយ​ម្នាក់ បាន​ចោទ​សាលា Schweizer-Reneke ថា នៅជាប់​កម្អែល​របប​អាប៉ាថេត (Apartheid) ដែល​រើសអើង​ជាតិ​សាសន៍​។ ក្រោយ​ការតវ៉ា និង​ទាមទារ​របស់​ក្រុម​សមាជិក​បក្សប្រឆាំង និង​តំណាង​សហជីព​គ្រូបង្រៀន​នៅ​អាហ្វ្រិក​ខាងត្បូង ភាគី​សាលា បាន​អះអាងថា វា​ជា​ជម្រើស​របស់​សិស្ស​ទាំងនោះ ដែល​ដំបូង​ឡើយ ពួកគេ​បាន​អង្គុយ​ជុំគ្នា​។ 
 
​នៅ​ថ្ងៃ​ដដែល លោក Sello Lehari ប្រធាន​មន្ទីរអប់រំ​ខេត្ត North West  បាន​ទៅកាន់​សាលា​ដោយផ្ទាល់ ហើយ​បាន​បើក​ការស៊ើបអង្កេត និង​ដក​គ្រូបង្រៀន​ដែល​បង្ហោះ​រូបនោះ ចេញពី​ការងារ​។ តាម​ការដកស្រង់​រប​ស់ Times LIVE ភាគី​សាលា​បាន​អះអាង​យ៉ាង​មុតមាំ​ថា ករណីនេះ​មិនមែនជា​ការឆ្លុះបញ្ចាំង​ពី​គោលការណ៍​ពិតប្រាកដ​របស់​សាលា​នោះឡើយ​។​
 
​ថ្នាក់ដឹកនាំ​ម្នាក់​របស់​សាលា បាន​លើកឡើងថា សិស្ស​ទាំងអស់​សុទ្ធតែ​បានបង្ហាញ​ពី​ការសប្បាយ​ចិត្ត​របស់ខ្លួន​នៅ​ថ្ងៃ​បវេសនកាល ដោយ​ពួកគេ​មិន​គិតពី​រូបរាង​ពណ៌​សម្បុរ​នោះឡើយ​។ បន្ថែម​ពីលើ​នេះ សាលា​ក៏បាន​បង្ហោះ​រូបថត​ជួបជុំគ្នា​របស់​សិស្ស​ទាំង​អស់​ផងដែរ​៕

Tag:
 រើសអើង
© រក្សាសិទ្ធិដោយ thmeythmey.com