ជាតិ
លោក​ថោង ខុន ប្រាប់ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ឲ្យ​ត្រៀមខ្លួន​ជាស្រេច មុន​ពិធីបុណ្យ​ទន្លេ​ចាប់ផ្តើម​
14, Jan 2019 , 8:59 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
​បុណ្យ​ទន្លេ​ឆ្នាំ​២០១៩​នេះ នឹង​រៀបចំ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ចាប់ពី​ថ្ងៃទី​១៥-១៧ ខែមីនា ក្រោម​ប្រធានបទ​«​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។ មុនពេល​កាលបរិច្ឆេទ​រៀបចំ​ពិធី​មកដល់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​នេះ  ខិតខំ​រៀបចំ​របៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យ​សាធារណៈ ពិសេស​ក្នុង​ទីក្រុង តាម​ដង​ទន្លេ​។


 
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ លោក ថោង ខុន​បញ្ជាក់​ដូច្នេះ​៖ «​រដ្ឋបាលខេត្ត និង​មន្ទីរ​ទេសចរណ៍ មន្ទីរ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ត្រូវខិតខំ​ចាប់យក​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​សាធារណៈ ពី​ភាព​ស្អាត និង​បៃតង ថែរក្សា​បរិស្ថាន​ទន្លេ បរិស្ថាន​ទីក្រុង លើកកម្ពស់​គុណភាព ផលិតផល និង​សេវា​ទេសចរណ៍​ឲ្យ​បានល្អ​។ ត្រូវខិតខំ​ស្រាវជ្រាវ និង​ពង្រីក​គោលដៅ​ទេសចរណ៍​ថ្មីៗ​ឲ្យ​បាន​ច្រើន ឲ្យ​សមជា​ខេត្ត​ដែល​សម្បូរ​ទៅដោយ​សក្តានុពល​ទេសចរណ៍​(​វប្បធម៌​,​ប្រវត្តិសាស្ត្រ​,​ធម្មជាតិ​)​ដ៏​សម្បូរបែប ពិសេស​ទេសភាព​តាម​ដង​ទន្លេ​»​។​
 
​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​ក៏​បន្ត​ជំរុញ​រដ្ឋបាលខេត្ត ឲ្យ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ សេវា​ម្ហូបអាហារ រមណីយដ្ឋាន​ទេសចរណ៍ បង្គន់​អនាម័យ​សាធារណៈ និង​ចល័ត បញ្ហា​អនាម័យ បញ្ហា​សំរាម តាម​ដង​ទន្លេ ទីផ្សារ រមណីយដ្ឋាន​ស្អាត និង​ត្រូវ​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ ពិព័រណ៍​ផលិតផល​ក្នុងស្រុក ព្រមទាំង​ត្រូវ​រៀបចំ កម្មវិធី​សិល្បៈ ព្រឹត្តិការណ៍​កីឡា និង​ពិធី​ផ្សេងៗ​ឲ្យ​បានល្អ​ផងដែរ​។​
​គួររម្លឹកថា កាលពី​ខែមីនា​ឆ្នាំ​២០១៨ បុណ្យ​ទន្លេ​លើក​ទី​៤ ធ្វើឡើង​នៅ​ខេត្តកណ្ដាល ក្រោម​ប្រធានបទ​«​មិត្តភាព និង​និរន្តរភាព​ទេសចរណ៍​»៕ 
 
 
 

Tag:
 បុណ្យ​ទន្លេ​
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com