ជាតិ
តារាល្បីៗ
ធ្លាប់​បរាជ័យ​ជីវិត​គូ លោក ទេព រិ​ន​ដា​រ៉ូ រអា​ស្នេហា​ថ្មី​
14, Jan 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​ចែកផ្លូវ​ជាមួយ​ភរិយា​អស់​រយៈពេល​ដ៏​យូរ​មកហើយ លោក ទេព រិ​ន​ដា​រ៉ូ សារភាពថា លោក​ធ្លាប់​ព្យាយាម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ផ្សេង​ដែរ ប៉ុន្តែ​លទ្ធផល​មិន​សមប្រកប​សោះ ដោយសារ​ការ​ប្រច័ណ្ឌ​ច្រើន ដែល​ធ្វើឱ្យ​លោក​យល់ថា​កាន់​តែមាន​គំនាប​។​



​មិន​ត្រឹម​តែមាន​ទេពកោសល្យ​ក្នុងការ​សម្តែង​នោះទេ តារាភាពយន្ត​ដែល​គ្រង​តំណែង​តួឯក​ប្រមាណ​២​ទសវត្សរ៍​រូបនេះ ក៏​តែង​ក៏ត្រូវ​បាន​មហាជន​,​អ្នកដឹកនាំ​រឿង និង​តារាភាពយន្ត​ផ្សេង​សរសើរ​ថា ជាតា​រា​មិន​ប្រកាន់ខ្លួន​ផងដែរ​។ ជីវិត​សិល្បៈ​ហាក់​ជោគជ័យ​ត្រចះត្រចង់ តែ​ជីវិត​ស្នេហា​វិញ ផ្ទុយស្រឡះ សម្រាប់​លោក ទេព រិ​ន​ដា​រ៉ូ​។ 

 

​ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​១៩៨៧ ប៉ុន្តែ​ក៏​បែកបាក់​គ្នា​វិញ​។ រហូតមកដល់​ពេលបច្ចុប្បន្ន តារាភាពយន្ត​កូន​មួយរូប​នេះ នៅ​មិនទាន់​រកឃើញ​នារី​ណា​ម្នាក់ ដែល​អាច​ដើរ​រួម​ផ្លូវ​ជីវិត​ជាមួយ​ខ្លួន​ឡើយ​។ មិនមែន​លោក​មិន​ធ្លាប់​សម្លឹងមើល​នារី​ណាមួយ​ជា​ស្នេហា​ថ្មី ក្រោយ​បែក​ពី​ភរិយា​ឡើយ តែ​ពេល​មើលចិត្ត​គ្នា​យូរ​ទៅ រឹតតែ​ធ្វើឱ្យ​លោក​រអា​ក្នុងការ​មាន​ស្នេហា​។​
 
​តារាភាពយន្ត​ដែល​ត្រូវជា​បងប្អូន​ជីទួតមួយ ជាមួយ​តារា​ល្បី​នា​ទសវត្សរ៍​ទី​៦០​លោក គង់ សំអឿន រូបនេះ​បានផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងដំណាក់កាល​មើលចិត្ត​ថ្លើម​ជាមួយ​នារី​មួយចំនួន លោក​បាន​ឃើញថា​ខ្លួន​ហាក់​មាន​អារម្មណ៍​តានតឹង ព្រោះតែ​ការ​ប្រច័ណ្ឌ​ខ្លាំងពេក​។ លោក ទេព រិ​ន​ដា​រ៉ូ បញ្ជាក់បន្ថែម​ដូច្នេះ​៖ «​ពេលដែល​ប្រច័ណ្ឌ​ខ្លាំងពេក​ធ្វើឱ្យ​បុរស​គេ​មាន​អារម្មណ៍​ថា​តឹង​ទៅវិញ​ទេ ទៅជា​ឱ្យគេ​មិន​ចង់​ចូល​ផ្ទះ​វិញ​។ គួរតែ​ផ្ដល់​សេរីភាព​ឱ្យគេ​ខ្លះ មិនមែន​ឱ្យ​បណ្ដោយ​រហូត គេ​ទៅ​មាន​ថ្មី​ទេ​។ បុរស​ផ្សេង​ខ្ញុំ​មិនដឹង​ទេ តែ​ខ្ញុំ​គឺជា​អ្នក​សម្ដែង​អីចឹង តែងតែ​មានរឿង​ស្នេហា​មនោសញ្ចេតនា​។ ដល់​តែ​តឹង​ពេក វា​ប៉ះពាល់​ការងារ ហើយ​ការសម្ដែង​នេះ ខ្ញុំ​ស្រឡាញ់​ស្មើ​ជីវិត​»​។ 
 
​ដោយសារតែ​តារាភាពយន្ត​រូបនេះ ធ្លាប់​បែកបាក់​គ្រួសារ ទើប​លោក​បានឃើញ​ចំណុច​មួយចំនួន ដែល​អាចធ្វើឱ្យ​ស្នេហា​ងាយ​ជួប​ផ្លូវបំបែក​។ អាពាហ៍ពិពាហ៍​របស់លោក ទេព រិ​ន​ដា​រ៉ូ កើតឡើង​ដោយ​ការរៀបចំ​ពី​ចាស់ទុំ ដោយ​ស្វាមីភរិយា​មួយគូ​នេះ មិនបាន​ស្គាល់គ្នា​ពីមុនមក​សោះ​។ អនុស្សាវរីយ៍​ល្អៗ​សាង​រួមគ្នា​មិនមាន ការសិក្សា​ស្វែងយល់​ចិត្ត​គ្នា​ក៏​មិនមាន​ច្រើន ជា​កត្តា​នាំឱ្យ​ពេល​មាន​បញ្ហា ងាយ​បែក​មិន​អាល័យ​។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​៖«​ស្រឡាញ់គ្នា​កុំ​ឆាប់​ពេក បង្កើត​អនុស្សាវរីយ​ជាមួយគ្នា​ឱ្យបាន​ច្រើន​។ រស់នៅ​ជាមួយគ្នា​តែងមាន​បញ្ហា តែបើ​មាន​អនុស្សាវរីយ​ល្អៗ​នឹង​គ្នាច្រើន ពេល​ចិត្ត​ណាយ នឹង​នឹកឃើញ​ចំណុច​ល្អៗ​ដែល​សាង​រួមគ្នា ក៏​អាចធ្វើឱ្យ​គាត់​មិន​បែក​បានដែរ​»៕
 

Tag:
 ភ្នំពេញ​
 ​ទេព រិ​ន​ដា​រ៉ូ​
 ​តារាភាពយន្ត​
 ​ភាពយន្ត​
 ​សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com