ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដល់​ថ្ងៃទី​១៤ មករា នេះ សម្តេច ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្ត្រី​បាន​៣៤​ឆ្នាំ​ហើយ
14, Jan 2019 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន ឈានដល់​ការ​ប្រារព្ធ​ខួប​៣៤​ឆ្នាំ​នៃ​ការចូល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា (១៤ មករា ១៩៨៥-១៤ មករា ២០១៩)​។  សម្តេច​បាន​អះអាង​ជា​ញឹកញាប់​ថា សម្តេច​នឹង​បន្ត​ឈរឈ្មោះ​សម្រាប់​តំណែង​នេះ​នា​អណ​ត្តិ​ក្រោយៗ​ទៀត​។​

 
​ចាប់ពី​ឆ្នាំ ១៩៧៩ ដល់​មុន​ឆ្នាំ ១៩៩៣ សម្តេច ហ៊ុន សែន បានទទួល​ដឹកនាំ​មុខតំណែង​ជាច្រើន ក្នុង​រដ្ឋបាល​កម្ពុជា ទាំង​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ក្រោយមក​រដ្ឋ​កម្ពុជា និង​សម្តេច​ជា​រដ្ឋមន្ត្រីការបរទេស​នៅ​ឆ្នាំ ១៩៧៩ ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស​ពី​ឆ្នាំ ១៩៨១ ដល់ ១៩៨៥​។​
 
 
​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ សម្តេច​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី បន្ត​ពី​លោក ចាន់ ស៊ី ហើយ​បន្ត​តួនាទី​ជា​រដ្ឋមន្ត្រីការបរទេស​ពី​ឆ្នាំ​១៩៨៥ ដល់ ១៩៩១ ។ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣  សម្តេច​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ក្នុងឋានៈ​ជា​សហនាយករដ្ឋមន្ត្រី និង​ក្រោយ​មកជា​នាយករដ្ឋមន្ត្រី​ទី​ពីរ នៃ​រាជរដ្ឋាភិបាលចម្រុះ​លើកដំបូង​របស់​កម្ពុជា​។ 
 
​គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ឆ្នោត​ជា​បន្តបន្ទាប់ ដែល​នាំ​ឲ្យ​សម្តេច ហ៊ុន សែន បន្ត​រក្សា​តំណែង​នាយករដ្ឋមន្ត្រី​រហូតដល់​បច្ចុប្បន្ន​។ ជា​ញឹកញាប់ សម្តេច​អះអាងថា សម្តេច​នឹង​បន្ត​ឈរឈ្មោះ​យ៉ាងហោចណាស់​មួយ​អណ​ត្តិ​ទៀត ឬ​ឈានដល់​អាយុ​៩០​ឆ្នាំ​៕

Tag:
 សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com