ទឹកដូង ជាភេសជ្ជៈបែបធម្មជាតិដ៏ប្រសើរបំផុតមួយសម្រាប់សុខភាព។ វាមានផ្ទុកជាតិកាឡូរីតិច ប៉ុន្តែសម្បូរទៅដោយជាតិរ៉ែ និងអង់ស៊ីមធម្មជាតិចាំបាច់ដូចជា ប៉ូតាស្យូម។ តាមពិតទៅ ទឹកដូង អាចទទួលទាននៅពេលណាក៏បាន មិនថាកំពុងឈឺ, ហត់អស់កម្លាំង ឬស្រេកទឹក ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើអ្នកទទួលទានទឹកដូងត្រូវពេលនោះអ្នកនឹងអាចទទួលទាននូវអត្ថប្រយោជន៍ទ្វេដង។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីពេលវេលាល្អបំផុតក្នុងការទទួលទានទឹកដូង ៖
១. ព្រឹកព្រលឹមមុនទទួលទានអ្វី
ការទទួលទានទឹកដូងនៅពេលព្រឹកព្រលឹមមិនទាន់ទទួលទានអ្វីផ្សេងជួយបង្កើនពង្រឹងប្រព័ន្ធភាពស៊ាំធម្មជាតិ, បន្សាបជាតិពុលចេញពីរាងកាយ និងជម្រុញការដុតរំលាយអាហារតាមរយៈជាតិអាស៊ីត Lauric ដែលវាមានផ្ទុក។ ហើយជាធម្មតា ការទទួលទានទឹកដូងជួយក្នុងការរក្សាតុល្យភាពនៃអេឡិចត្រូលីត្របង្កើនមុខងារពោះវៀន និងគ្រប់គ្រងសម្ពាធឈាម។ ការទទួលទានទឹកដូងនៅពេលព្រឹក ក៏ជួយឱ្យស្រកទម្ងន់ផងដែរដោយទឹកដូងមានផ្ទុកជាតិខ្លាញ់តិចបំផុត។
២. មុន ឬក្រោយពេលធ្វើលំហាត់ប្រាណ
ទឹកដូង ជាភេសជ្ជៈកីឡាល្អបំផុតមួយដែលជួយជម្រុញថាមពល និងរក្សាជាតិទឹកក្នុងរាងកាយមុនពេលធ្វើលំហាត់ប្រាណ។ ចំណែកពេលក្រោយធ្វើលំហាត់ប្រាណ ទឹកដូង ជួយក្នុងបំពេញបន្ថែមជាតិអេឡិចត្រូលីត្រដែលបាត់បង់កំឡុងពេលធ្វើសកម្មភាពរាងកាយ។ ការទទួលទានទឹកដូងជួយទប់ទល់ភាពអស់កម្លាំង, ហត់នឿយ និងបង្កើនថាមពល។
៣. មុន និងក្រោយពេលបាយ
ទឹកដូង ជាភេសជ្ជៈផ្ដល់ភាពស្រស់ស្រាយ និងដើរតួជាអ្នកជម្រុញលើកកម្ពស់សុខភាព ប្រសិនបើទទួលទានមុន និងក្រោយពេលអាហារ។ ការទទួលទានទឹកដូងមុនអាហារអាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតទប់ស្កាត់ការទទួលទានច្រើនលើស និងបញ្ហាកើនទម្ងន់។ ខណៈដែលទទួលទានក្រោយអាហារអាចជួយសម្រួលដល់ការរំលាយអាហារទប់ស្កាត់បញ្ហាទូទៅមួយចំនួនដូចជា ចង្អោរចង់ក្អួត, ហើមពោះ, បាត់បង់ចំណង់អាហារ និងការបន្ថយការរលាកក្នុងរាងកាយផងដែរ។ សារធាតុ tannins ផ្ទុកក្នុងទឹកដូងមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីទប់ស្កាត់ការឆ្លងមេរោគ។
៤. មុនពេលចូលគេង
ក្លិនក្រអូបផ្អែមនៃទឹកដូងជួយកាត់បន្ថយបញ្ហាថប់បារម្ភ ក៏ដូចជាអត្រានៃចង្វាក់បេះដូង។ ការទទួលទានទឹកដូងខ្លះមុនពេលចូលគេងជួយសម្រួលដល់អារម្មណ៍ទប់ស្កាត់ភាពតានតឹង។ លើសពីនេះទៅទៀត ការទទួលទានទឹកដូងនៅពេលគេងអាចជួយសម្អាតផ្លូវបង្ហូរនោម និងកម្ចាត់ជាតិពុលផ្សេងៗទប់ស្កាត់មេរោគឆ្លង និងបញ្ហាតម្រងនោមផ្សេងៗ។
៥. បំបាត់អាការៈធីងធោង
តើអ្នកធ្លាប់ដឹងទេថាការទទួលទានទឹកដូងមួយកែវជួយបំបាត់អាការៈធីងធោងបានប្រកបដោយប្រសិទ្ធិភាព? គ្រឿងស្រវឹង ឬជាតិអាល់កុលបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹកបង្កអាការៈឈឺក្បាល និងចង់ក្អួតនៅពេលព្រឹក។ ទឹកដូងជួយទប់ទល់នឹងអាការៈទាំងពីរនេះ ហើយក៏ស្ដារឡើងវិញនូវជាតិអេឡិចត្រូលីត្រដែលបាត់បង់ធ្វើឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួនប្រសើរឡើងវិញ។
៦. កំឡុងពេលមានផ្ទៃពោះ
ការទទួលទានទឹកដូងក្នុងកម្រិតសមល្មមកំឡុងពេលមានផ្ទៃពោះ គឺមានសុវត្ថិភាព ហើយប្រសើរណាស់ ដោយទឹកដូងមានផ្ទុកវីតាមីន និងជាតិរ៉ែចាំបាច់ជាច្រើន រួមទាំង វីតាមីន C, ម៉ង់កាណែស, ជាតិសសៃ dietary fibre និងជាតិកាល់ស្យូម។ ទឹកដូង ក៏ជួយបំបាត់ភាពខ្សោះជាតិទឹកដែលបណ្ដាលមកពីអាការៈចាញ់កូន។ ទឹកដូង ក៏ជួយបំបាត់អាការៈក្រហាយទ្រូង និងទល់លាមកកំឡុងពេលមានផ្ទៃពោះផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh