ជាតិ
លោក ប៉ាវ ស៊ីណា នឹង​ចូល​បំភ្លឺ​ជុំវិញ​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ នៅ​ថ្ងៃទី​១៧ មករា​
15, Jan 2019 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តុលាការខេត្ត​កំពង់ស្ពឺ​កោះហៅ​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៧ មករា ជុំវិញ​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មិន​គោរព​សេចក្តីសម្រេច​របស់​តុលាការ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស កាលពី​ថ្ងៃទី​១២ មករា ឆ្នាំ​២០១៦​កន្លងទៅ​។​


 
​សេចក្តីសម្រេច​របស់​តុលាការ ឲ្យ​លោក ប៉ាវ ស៊ីណា ចូលខ្លួន​បំភ្លឺ​ឆ្លើយ​ដោះសារ​ពី​ការចោទប្រកាន់​លើ​ខ្លួន​។ ការកោះហៅ​របស់​តុលាការ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ប៉ាវ ស៊ីណា បានដាក់​ពាក្យ​ប្ដឹងទៅ​ឧទ្ធរណ៍​ជុំវិញ​ករណី​ខាងលើនេះ ក្រោយពី​តុលាការ​ដំបូង​ខេត្តកំពង់ស្ពឺ បាន​កាត់ទោស​កំបាំងមុខ កាលពី​ថ្ងៃខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងមក ដោយ​សម្រេច​ឲ្យ​លោក ស៊ីណា និង​មនុស្ស​២​នាក់​ទៀត ជាប់ទោស​២​ឆ្នាំ ។​
 
​លោក ប៉ាវ ស៊ីណា បាន​បញ្ជាក់ថា លោក​នឹង​ចូល​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​នេះ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សហភាព​ចលនា​កម្មករ​រូបនេះ បាន​និយាយ​បែបនេះ​ថា​៖« យើងខ្ញុំ​គឺជា​ជនរងគ្រោះ ស្ទើរតែ​បាត់បង់​ជីវិត​។ តែ​អាជ្ញាធរខេត្ត និង​មន្ត្រី​តុលាការ បែរជា​បង្វែរ​រឿង​ឲ្យ​យើងខ្ញុំ ក្លាយទៅជា​ជនល្មើស​ទៅវិញ​»​។​
 
​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មិន​គោរព​សេចក្តីសម្រេច​របស់​តុលាការ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដែល​មានចែង​ក្នុង​មាត្រា ៤៩៥ ៤១០ ៥២៣ និង​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​៕
 

Tag:
 ​ប៉ាវ ស៊ីណា​
  ញុះញង់​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com