អន្តរជាតិ
ស៊ុ​លត​ង់​ថ្មី​នៃ​រដ្ឋ​ប៉ាហាំង នឹង​ក្លាយជា​មហាក្សត្រ​ម៉ាឡេស៊ី​ថ្មី​
15, Jan 2019 , 4:16 pm        
រូបភាព
ស៊ុលតង់ថ្មីនៃរដ្ឋប៉ាហាំង ត្រៀមសោយរាជ្យជាមហាក្សត្រម៉ាឡេស៊ី (រូបភាព AFP)
ស៊ុលតង់ថ្មីនៃរដ្ឋប៉ាហាំង ត្រៀមសោយរាជ្យជាមហាក្សត្រម៉ាឡេស៊ី (រូបភាព AFP)
​ស៊ុ​ល​តង់​រដ្ឋ​ប៉ាហាំង Abdullah Sultan Ahmad Shah នឹង​ក្លាយជា​ព្រះមហាក្សត្រ​ថ្មី​របស់​ម៉ាឡេស៊ី ដែល​នឹង​សោយរាជ្យ​បន្ត​ពី​ស៊ុ​ល​តង់​រដ្ឋ​កេ​ឡាន់​តាន់ Sultan Muhammad V ។ ស៊ុ​លត​ង់ Muhammad V បាន​ក្លាយជា​មហាក្សត្រ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ម៉ាឡេស៊ី​ដែល​បានដាក់​រាជ្យ​មុន​ចប់​អាណត្តិ​ដែលមាន​៥​ឆ្នាំ​។ ពិធី​ជ្រើសរើស​មហាក្សត្រ​ជា​ផ្លូវការ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែមករា​ខាងមុខ ហើយ​ពិធី​សោយរាជ្យ​ពេល​ក្រោយ​។​

 
​ក្រោយ​ដាក់រាជ្យ​គួរ​ភ្ញាក់ផ្អើល​របស់​មហាក្សត្រ Sultan Muhammad V តម្រូវ​ឲ្យ​មានការ​ជ្រើសរើស​ប្រមុខរដ្ឋ​ថ្មី​។ ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​ម៉ាឡេស៊ី មហាក្សត្រ​ថ្មី ត្រូវ​ជ្រើសរើស​ចេញពី​ស៊ុ​ល​តង់​នៃ​រដ្ឋ​នានា​របស់​ប្រទេស​តាម​គោលការណ៍រ​ង្វិ​ល​ជុំ​។ ដោយសារ​ស៊ុ​លត​ង់ Muhammad V មកពី​រដ្ឋ​កេ​ឡាន់​តាន់ មហាក្សត្រ​ថ្មី​របស់​ម៉ាឡេស៊ី ត្រូវ​ដល់​វេន​ស៊ុ​ល​តង់​រដ្ឋ​ប៉ាហាំង​វិញ​ម្ដង​។​
 
​ស៊ុ​លត​ង់ Abdullah Sultan Ahmad Shah ដែល​ទើប​ជ្រើសតាំង​ជា​ស៊ុ​លត​ង់​នៃ​រដ្ឋ​ប៉ាហាំង​នៅ​ថ្ងៃទី​១៥ ខែមករា​នេះ នឹងត្រូវ​ជ្រើសរើស​ជា​មហាក្សត្រ​ម៉ាឡេស៊ី​ថ្មី​។ ការឡើង​គ្រងរាជ្យ​របស់​ស៊ុ​លត​ង់ Abdullah ជា​វិធានការ​ការបញ្ចៀស​បញ្ហា​មួយ ដ្បិត​បិតា​របស់​ទ្រង់ គឺ​ស៊ុ​លត​ង់ Ahmad Shah មាន​ព្រះជន្ម​ជរា និង​ព្រះ​ឈួន​ផង​ដែល​មិនអាច​អង្គុយ​ប​ល្ល័​ង្គ​ស្ដេច​ម៉ាឡេស៊ី​បានទេ​។ ដូចនេះ​ទើប​ទ្រង់ Abdullah ដែលជា​រជ្ជទាយាទ ក្លាយជា​ស៊ុ​ល​តង់​វិញ ដើម្បី​ឈានទៅ​ការ​សោយរាជ្យ​នៅពេល​ខាងមុខ​។​
 
​តាម​ការគ្រោងទុក សន្និសីទ​ស៊ុ​លត​ង់ នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៤ ខែមករា ដើម្បី​បោះឆ្នោត​ជ្រើសរើស​មហាក្សត្រ​ថ្មី ដែល​ស៊ុ​ល​តង់​រដ្ឋ​ប៉ាហាំង​គឺជា​បេក្ខភាព ហើយ​បន្ត​ពី​ស៊ុ​ល​តង់​ប៉ាហាំង គឺ​ដល់​វេន​ស៊ុ​ល​តង់​រដ្ឋ​ចូ​ហរ​។ 
 
​ស៊ុ​លត​ង់ Abdullah ដែលជា​បុត្រ​ទី​៤ របស់​ស៊ុ​លត​ង់ Ahmad Shah ជា​សមាជិក​រាជវង្ស​ប៉ាហាំង​ដែលមាន​ចំណេះដឹង​ច្រើន និង​មាន​បទពិសោធ​ក្រាស់ក្រែល​ផ្នែក​រដ្ឋបាល​ផង ដ្បិត​ត្រូវបានតែងតាំង​ជា​រជ្ជទាយាទ​របស់​ប៉ាហាំង​តាំង​ឆ្នាំ​១៩៧៦ ដែល​ពេល​ទើប​ព្រះជន្ម​១៦​វស្សា​ប៉ុណ្ណោះ​។ ស៊ុ​លត​ង់​ដែលមាន​ព្រះជន្ម​៦០​វស្សា​ក្នុង​ឆ្នាំ​២០១៩ នេះ កាន់កាប់​កិច្ចការ​តូចធំ​ក្នុង​រដ្ឋ​មួយ​នេះ​តាំងពី​ឆ្នាំ​២០១៦ មក គឺ​បន្ទាប់ពី​បិតា​ទ្រង់មាន​ព្រះ​សុខភាព​កាន់តែ​ទ្រុធ​ទ្រោម​។​
 
​ស៊ុ​លត​ង់​ថ្មី​នៃ​ប៉ាហាំង ក៏​ជា​អ្នក​ចូលចិត្ត​វិស័យ​កីឡា​ដែរ ដោយ​ធ្លាប់ជា​អតីត​ប្រធាន​សមាគម​កីឡាបាល់ទាត់​ម៉ាឡេស៊ី​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ ។ សព​ថ្ងៃ​ទ្រង់​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​ទ្វីបអាស៊ី និង​ជា​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ផង​។ លោក Abdul Razak Mohd Kirir អតីត​មិត្ត​រួម​ក្រុមកីឡា​បាល់ទាត់​រប​ស៊ុ​លត​ង់ Abdullah បាន​សរសើរ​ថា ទ្រង់​ជា​កីឡាករ​ដែ​មានការ​ផ្ដោតអារម្មណ៍ និង​យុទ្ធសាស្ត្រ​ជា​ប្រព័ន្ធ​៕
 

Tag:
 ម៉ាឡេស៊ី​
  Abdullah Sultan Ahmad Shah
© រក្សាសិទ្ធិដោយ thmeythmey.com