ជាតិ
សង្គមជាតិ
សិល្បះ
​គំរូ​ល្អ​ក្នុងសង្គម​! តារា​សំដែង​លី​លី ខ្នះខ្នែង​ជួយ​សម្រាលកូន​ឲ្យ​ស្ត្រី​ម្នាក់​នៅតាម​ដងផ្លូវ​
15, Jan 2019 , 8:59 pm        
រូបភាព
​ស្អាត​! ចិត្តល្អ​! កញ្ញា លី​លី ជា​តារា​សំដែង​ម្នាក់​ដែលមាន​ឈ្មោះ​ពិត​ប្រាកដថា លឹម សុធាវី​។ កាលពី​យប់​ឈានចូល​ថ្ងៃទី​១៣ ខែមករា លី​លី បាន​ជួយ​សម្រាលកូន​ស្ត្រី​កម្សត់​ម្នាក់​នៅតាម​ផ្លូវ​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។ កាយវិការ​ដ៏​ប្រពៃ​បែបនេះ ទទួលបាន​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ពី​មហាជន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ជាងនេះទៅទៀត កញ្ញា​លី​លី តាមរក​ស្ត្រី និង​ទារិកា ហើយ​បាន​បន្ត​កៀងគរ​រក​មូលនិធិ​ដើម្បី​ជួយ​ដល់​ពួកគាត់​បន្ថែម​ផងដែរ​។

 
«​ខ្ញុំ​ចេញពី​មើល​កុន រៀបនឹង​បើកឡាន​ចេញ តែ​ដោយ​ឮ​សំឡេង​ស្ត្រី​ម្នាក់​ស្រែក រួមទាំង​វត្តមាន​មនុស្ស​ប្រុស​៣​នាក់ ខ្ញុំ​គិតក្នុងចិត្ត​ថា ស្ត្រី​រូបនោះ​រង​ការធ្វើ​បាប​។ ពេលទៅដល់​ជិត​ទើប​ដឹងថា​មាន​ស្រី្ត​កំពុងតែ​ឈឺពោះ​ជិត​សម្រាលកូន​»​។ នេះ​ជាការ​រៀបរាប់​បន្ថែមរ​បស់​កញ្ញា លី​លី មកកាន់​សារព័ត៌មាន ThmeyThmey ។​
 
​ក្នុង​វ័យ​២៤​ឆ្នាំ កញ្ញា លី​លី មិនមាន​ជំនាញ​ពេទ្យ​អ្វី​នោះឡើយ ប៉ុន្តែ​អារម្មណ៍​អាណិត​ស្ត្រី និង​ស្រឡាញ់ ធ្វើ​ឲ្យ​កញ្ញា​នឹកឃើញ​វិធី​សង្គ្រោះបន្ទាន់ ជាពិសេស​ធ្វើតាម​សកម្មភាព​ក្នុង​រឿងភាពយន្ត​មួយចំនួន​ដែល​ខ្លួន​ធ្លាប់បាន​មើល​។ 
 
 សូមស្តាប់សំឡេង៖




​ដំបូង​ឡើយ កញ្ញា លី​លី បាន​រ៉ាប់រង​សោហ៊ុយ​ធ្វើដំណើរ​ដល់​ស្ត្រី​ដើម្បី​ទៅ​សម្រាលកូន​នៅ​ពេទ្យ ប៉ុន្តែ​មិនមាន​អ្នកណា​ហ៊ាន​យកទៅ​ឡើយ ពីព្រោះ​មិនមែនជា​សាច់ញាតិ​នឹង​គ្នា​។ បន្ទាន់​ពេក តារា​សំដែង​ដ៏​ស្រស់ស្អាត បាន​យក​ក្រណាត់​ដែល​នៅក្នុង​ឡាន​ទៅ​ក្រាល​ឲ្យ​ស្ត្រី​រូបនោះ​ដេក​ពីលើ ខណៈ​ទារិកា បានកើត​ចេញមក​ពាក់​កណ្ដាល​ទៅហើយ អ្នក​នៅ​ជុំវិញ​នោះបាន​ឲ្យ​ស្រោមដៃ​ទៅ​កញ្ញា​ជួយ​សម្រាល​។​
 
«​ទាំង​ភ័យ និង​មិន​ធ្លាប់​ជួប​រឿង​បែបនេះ​ពីមុនមក តែ​ទឹកចិត្ត​ចង់​ជួយ​បានធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​សង្គ្រោះ​ម្តាយ និង​ទារិកា​ដោយ​ផ្ទាល់ដៃ​រហូតដល់​ឲ្យ​មាន​សុវត្ថិភាព​»​។ នេះ​ជាការ​រៀបរាប់​របស់លី​លី​ដែល​បាន​ក្លាយជា​ឆ្មប​ម្នា​ក់ដោយ​ចៃដន្យ​។​
 
​បេសកកម្ម​មិនទាន់​បញ្ចប់​ភ្លាមៗ​នោះឡើយ​សម្រាប់​កញ្ញា លី​លី​។ នៅ​ព្រឹក​បន្ទាប់ អ្នក​រាជធានី​ភ្នំពេញ​ដ៏​ស្រស់ស្អាត ដែលមាន​ឈ្មោះ​ដើម​ថា លឹម សុធាវី រូបនេះ បន្ត​ទៅរក​ស្ត្រី និង​ទារិកា ដល់​មន្ទីរពេទ្យ​។ តាម​ការពិនិត្យ​ស្ថានភាព​ជាក់ស្តែង កញ្ញា លី​លី អះអាងថា ស្ត្រី​ដែល​ខ្លួន​ជួយ​នោះ មិនមាន​ជីវភាព​ធូរធា​ឡើយ គាត់​គ្មាន​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់ ដោយ​មានតែ​ទឹកដោះគោ និង​សម្ភារ​មួយចំនួន ដែល​បាន​ពី​ការបរិច្ចាគ​របស់​អ្នក​សម្រាលកូន​ផ្សេងទៀត​ប៉ុណ្ណោះ​។​
 
​តារា​សម្ដែង លី លី បានធ្វើការ​អំពាវនាវ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​ម្ដាយ​និង​ទារិកា ពីព្រោះ​នាង​មិនឃើញ​អ្នកណាម្នាក់​នៅក្បែរ​នោះឡើយ ជាពិសេស​ស្វាមី​របស់​ស្ត្រី​រូបនោះ​។​
 
 
​កញ្ញា លី​លី ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lyly Yaka II ជា​តារា​សំដែង​ក្នុង​រឿង អន្ទង​វិញ្ញាណ​, កាំបិត​មុខ​ពីរ​, ផ្ទះ​តៃហោង និង​រឿង​មួយចំនួនទៀត ហើយ​កញ្ញា​ជាតា​រា​បង្ហាញ​ម៉ូត​មួយរូប​ផងដែរ​។ កញ្ញា​បាន​សំណូមពរ​ជនរួមជាតិ​នាំគ្នា​ចូលរួម​សម្រាល​ការចំណាយ​របស់​ស្ត្រី​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ៕
 

Tag:
 កញ្ញា​លី​លី​
  តារា
© រក្សាសិទ្ធិដោយ thmeythmey.com