ជាតិ
សង្គមជាតិ
ស៊ុយអែតផ្តល់ថវិកា ១០លានដុល្លារដល់កម្ពុជា សម្រាប់វិស័យអបរំ
× ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែត បានផ្តល់ជំនួយថវិកាក្នុងទឹកប្រាក់ ១០លានដុល្លាអាមេរិក លើវិស័យអប់រំនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងបណ្ដុះបណ្ដាលបែបវិទ្យាសាស្ត្រ រយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា។
លោកស្រី AnnaMaria Oltorp ប្រធានផ្នែកកិច្ចសហប្រតិបត្តិការស្រាវជ្រាវនៃ ជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលស៊ុយអែត បានលើកឡើងថា ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ គឺជាសសរស្តមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គម្រោងនេះនឹងជួយកសាងសមត្ថភាពលើវិស័យវិទ្យាសាស្ត្រជាច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា រដ្ឋាភិបាលកម្ពុជាបានមើលឃើញអំពីសារៈសំខាន់នៃការសិក្សាជាន់ខ្ពស់ និងការស្រាវជ្រាវនេះ។ លោកបានកោតសសើរចំពោះកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវនេះ ដែលបានបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរនៅក្នុងវិស័យអប់រំ។
តំណាងរដ្ឋាភិបាលស៊ុយអ៊ែត បានចុះកិច្ចព្រមព្រៀងផ្ដល់ថវិកាគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីកសាងសម្ថភាពផ្នែកស្រាវជ្រាវឲ្យមានគុណភាពខ្ពស់ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩នេះ។
គួរបញ្ជាក់ថា ប្រទេសស៊ុយអែត បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលគាំទ្រលើកការបណ្ដុះបណ្ដាល និងស្រាវជ្រាវផ្នែកគីមីវិទ្យា រូបវិទ្យា និងគណិតវិទ្យា អស់រយៈពេលជាង ១០ឆ្នាំមកហើយ ៕
Tag:
អប់រំ
ភូមិន្ទភ្នំពេញ
ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com