អន្តរជាតិ
ទាហាន​អាមេរិកាំង​ត្រូវបាន​សម្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ស៊ី​រី​ដោយ​រដ្ឋ​ឥស្លាម​
17, Jan 2019 , 7:59 pm        
រូបភាព
ទីតាំង​ដែល​ត្រូវ​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​ Manbij ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៩។
ទីតាំង​ដែល​ត្រូវ​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​ Manbij ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៩។
ដោយ: VOA
​ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ទៅលើ​ទាហាន​សហរដ្ឋអាមេរិក និង​កងកម្លាំង​ចម្រុះ​នៅ​ក្រុង Manbij ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​បាន​កើនឡើង និង​មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​អំពី​ថា​តើ​នឹង​មានរឿង​អ្វី​កើតឡើង​នៅពេលដែល​សហរដ្ឋអាមេរិក​ដក​កងកម្លាំង​ចេញពី​ប្រទេស​ស៊ី​រី​។​

 
​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan​បាន​និយាយថា​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដែល​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​អះអាង​ទទួលខុសត្រូវ​នេះ​បានសម្លាប់​មនុស្ស​២០​នាក់ រួមទាំង​ទាហាន​អាមេរិក​៥​នាក់​ផងដែរ​។​
 
​មន្ត្រី​អាមេរិក​មិន​ស្គាល់ឈ្មោះ​ម្នាក់​បាន​និយាយ​មុននេះ​ថា​ទាហាន​អាមេរិក​៤​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារ​នេះ និង​៣​នាក់​ទៀត​រងរបួស​។​
 
​ក្រុម​វេជ្ជបណ្ឌិត​ក្នុង​ក្រុង Manbij​បាន​ប្រាប់​VOA ថា​ទាហាន​អាមេរិកាំង​២​នាក់​បាន​ស្លាប់​ភ្លាមៗ​។ មន្ត្រី​មកពី​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​បាន​និយាយថា អ្នករបួស​ត្រូវបាន​ប​ញ្ជូ​ន​ជាបន្ទាន់​ទៅ​មន្ទី​សុខាភិបាល​នានា​នៅ​ប្រទេស​អ៊ីរ៉ាក់​ដែលជា​ប្រទេសជិតខាង​។​
 
​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​ប្រចាំ​ប្រទេស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា​ហេតុការណ៍​បំផ្ទុះ​នេះ​បានសម្លាប់​ជន​ស៊ីវិល​យ៉ាងហោចណាស់​៩​នាក់​។​
​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​
 
​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ទាហាន​អាមេរិក​បាន​និយាយថា ខ្លួន​នៅ​កំពុង​ប្រមូល​ព័ត៌មាន​មកពី​ប្រភព​នានា​អំពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ​។ អ្នកនាំពាក្យ​កងកម្លាំង​ចម្រុះ​បាន​បង្ហោះ​សារ​នៅលើ Twitter​ថា​«​ទាហាន​អាមេរិក​បាន​ត្រូវ​សម្លាប់​នៅ​អំឡុង​ហេតុការណ៍​ផ្ទុះ​នេះ ខណៈ​ពួកគេ​កំពុង​យាមល្បាត​នៅ​ប្រទេស​ស៊ី​រី​។ យើង​នៅ​ប្រមូល​ព័ត៌មាន​នៅឡើយ ហើយ​យើង​នឹង​ចែកចាយ​ព័ត៌មាន​លម្អិត​នៅពេល​ក្រោយ​»​។​
 
​សេត​វិមាន​ក៏បាន​ទទួលដំណឹង​អំពី​ការវាយប្រហារ​នេះដែរ​។ លោកស្រី Sarah Sanders​អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយថា​«​លោក​ប្រធានាធិបតី​បានដឹង​អំពី​ហេតុការណ៍​ផ្ទុះ​នេះ ហើយ​យើង​នឹង​បន្ត​តាមដាន​ពិនិត្យមើល​ស្ថានភាព​បន្តបន្ទាប់​ទៀត​នៅក្នុង​ប្រទេស​ស៊ី​រី​»​។​
 
​លោក​ប្រធានាធិបតី Donald Trump បាន​អំពាវនាវ​ឲ្យ​ដក​កងកម្លាំង​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​កាលពី​ខែ​មុន​ដោយ​លោក​បាន​អះអាងថា​រដ្ឋ​ឥស្លាម​បាន​ត្រូវ​ផ្តួលរំលំ​ហើយ​។ ទីបញ្ជាការ​ប៉ង់​តា​ហ្គូ​ន​កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជាក់ថា​ខ្លួន​បានចាប់ផ្តើម​ដក​សម្ភារៈ​មួយចំនួន​ចេញពី​ប្រទេស​ស៊ី​រី ដែលជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការដក​កង​ទ័ព ប៉ុន្តែ​កងទ័ព​អាមេរិក​ប្រមាណ​២០០០​នាក់​នឹង​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​ស៊ី​រី​រហូតដល់​មានការ​អនុញ្ញាត​ឲ្យ​ពួកគេ​ចាកចេញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com