អន្តរជាតិ
រដ្ឋាភិបាល​កេ​ន​យ៉ា ប្រឈម​ប្រតិកម្ម​ប្រឆាំង​បន្ទាប់ពី​ការ​លេច​ធ្លាយ​កិច្ចសន្យា​ជាមួយ​ចិន​
18, Jan 2019 , 7:59 pm        
រូបភាព
Standard gauge rail locomotive at the Voi Railway Station។​ រូបភាព AFP
Standard gauge rail locomotive at the Voi Railway Station។​ រូបភាព AFP
ដោយ: VOA
​មន្ត្រី​កេ​ន​យ៉ា ប្រឈម​ការ​លេច​ធ្លាយ​ថា ប្រទេស​នេះ អាច​ប្រឈម​ភាពគ្រោះថ្នាក់​ដល់​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​របស់ខ្លួន​នៅពេលដែល​ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ឆ្នាំ​២០១៤​។​

 
​រដ្ឋាភិបាល​កេ​ន​យ៉ា​កំពុង​ខិតខំ​ឆ្លើយតប​ទៅនឹង​ការ​លេច​ធ្លាយ​ថា កិច្ចសន្យា​ដែលមាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​អាចមាន​ភាពគ្រោះថ្នាក់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន​។ នេះ​តាម​កាសែត Daily Nation​។​
 
​សេចក្តីលម្អិត​អំពី​ប្រាក់កម្ចី​សម្រាប់​ក្រុមហ៊ុន​សង់​ផ្លូវ​រទេះភ្លើង Standard Gauge Railway ដែលជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​បង្អស់​របស់​កេ​ន​យ៉ា​ចាប់តាំងពី​ឯក រាជ្យ​មក បាន​លេចចេញ​កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​កាសែត The Nation​បានចេញ​ផ្សាយ​ដោយ​ដកស្រង់​កិច្ចសន្យា​ឆ្នាំ​២០១៤​រវាង​ធនាគារ​អាហរ័ណ​នីហរ័ណ​របស់​ចិន​និង​សាធារណរដ្ឋ​កេ​ន​យ៉ា​។​
 
​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​លាតត្រដាង​ពី​ការសម្ងាត់ ហើយ​សេចក្តីរាយការណ៍​របស់​កាសែត The Nation បានផ្តល់​ការបំភ្លឺ​ដ៏​កម្ររ​មួយ​ថា​តើ​ចិន​ធ្វើ​កិច្ចសន្យា​ប្រាក់កម្ចី​របស់ខ្លួន​នោះ​យ៉ាងដូចម្តេច​។​
 
​កាសែត​នោះ ប្រាប់​ឲ្យ​ដឹងថា ឥឡូវនេះ រដ្ឋាភិបាល​បានគ្រោង​ធ្វើ​ជំនួប​ក្នុង​គ្រាអាសន្ន​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ដោះស្រាយ​របាយការណ៍​ថ្មីៗ​ជា​បន្តបន្ទាប់​ដែល​ប៉ះពាល់​ដល់ ការផ្តល់​ថវិកា ការសាងសង់​និង​កិច្ចប្រតិបត្តិការ​សម្រាប់​គម្រោង​ផ្លូវ​រទេះភ្លើង Standard Gauge (SGR) ដោយ​របៀប​ណា​។​
 
​ការ​ព្រួយ​កង្វល់​ចម្បង គឺ​ភាសា​ដែល​លម្អិត​ពី​ទំហំ​នៃ​ទ្រព្យសម្បត្តិ​ដែល​កេ​ន​យ៉ា​ត្រូវ​បាត់បង់ ប្រសិនបើ ខ្លួន​មិនមាន​ប្រាក់​សង​ប្រាក់កម្ចី​នោះ​។ យោងតាម​សេចក្តី​ដកស្រង់​ដោយ​កាសែត​The Nation ដែលជា​កាសែត​ឯករាជ្យ​ដ៏​ធំ​បង្អស់​របស់​កេ​ន​យ៉ា បាន​ប្រាប់​ឲ្យ​ដឹងថា «​ទាំង​អ្នក​ខ្ចីប្រាក់​(​កេ​ន​យ៉ា​) ឬ​ទ្រព្យសម្បត្តិ​របស់ខ្លួន​មិនមាន​សិទ្ធិ​អភ័យ​ឯក​សិទ្ធ​ដោយ​ផ្អែកលើ​អធិបតេយ្យភាព​នោះទេ​»​។​
 
​កិច្ចសន្យា​នោះ ក៏​ចែង​ដែរ​ថា កេ​ន​យ៉ា ត្រូវតែ​ប្រើ​ទំនិញ បច្ចេកវិទ្យា​និង​សេវាកម្ម​ចិន​ក្នុងការ​សាងសង់​និង​ប្រតិបត្តិការ ហើយខ​សម្ងាត់​មួយ​ហាមឃាត់ រដ្ឋាភិបាល​កេ​ន​យ៉ា​មិន​ឲ្យ​បញ្ចេញ​លក្ខខណ្ឌ​របស់​កិច្ចសន្យា​ដោយ​មិនមាន​ការយល់ព្រម​ជា​លាយលក្ខណ៍អក្សរ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
 
​សេចក្តី​ដកស្រង់​ទាំងនោះ ផ្តល់​ភស្តុតាង​ជាក់ស្តែង​ភាគច្រើន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាចពាក់ព័ន្ធ​នៅក្នុង​អ្វីដែល​ពួក​អ្នក​រឹះ​គន់ រួមមាន​សហរដ្ឋអាមេរិក ចាត់ទុកជា​វិស័យ​ការទូត​អន្ទាក់​បំណុល​ដែល​ផ្តល់​ប្រាក់កម្ចី​ធ្វើឡើង​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​នានា​ប្រគល់​ដី រ៉ែ ឬ​ទ្រព្យសម្បត្តិ​សំខាន់ៗ​នៅពេលដែល​ពួកគេ​គ្មាន​ប្រាក់​សង​។​
 
​កាសែត The Nation នោះ​មិនបាន​បង្ហាញថា​តើ​ខ្លួន​ទទួលបាន​កិច្ចសន្យា​តាម​វិធី​ណា ឬថា​តើ​ខ្លួន​បាន​ប្រើប្រាស់​វិធី​អ្វី​ដើម្បី​កំណត់ថា កិច្ចសន្យា​នោះ​ជា​កិច្ចសន្យា​ពិត​។​
 
​ក៏ប៉ុន្តែ ភាសារ​ក្នុង​ឯកសារ​នោះ​ដូចគ្នា​នឹង​កិច្ចសន្យា​ដែល​VOA បាន​រកឃើញ​ក្នុង​គម្រោង​កិច្ច​ផ្តួចផ្តើម​ផ្លូវ​ខ្សែក្រវ៉ាត់​ដែលជា​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​សាកល​មាន​ប្រាក់​រាប់លាន​លាន​ដុល្លារ​របស់​ចិន នៅក្នុង​ប្រទេស ស៊ែ​ប៊ី ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ប្រទេស ហ្គី​យ៉ាន ដែល​បង្ហាញថា លក្ខខណ្ឌ​របស់​ប្រាក់កម្ចី​កេ​ន​យ៉ា ចាប់តាំងពី​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ហើយខ​សម្ងាត់​ចែង​អំពី​ការប្រើប្រាស់​អ្នកលក់ដូរ​ជនជាតិ​ចិន អាច​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ប្រាក់កម្ចី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក​និង​ទ្វីប​ផ្សេងៗ​ទៀត​។​
 
​លោក Charles Kanjama ប្រធាន​សាខា​អង្គការ​សង្គម​ច្បាប់​របស់​កេ​ន​យ៉ា​ក្នុង​ក្រុង Nairobi បាន​ប្រាប់​កាសែត The Nation ថា ខ​ខ្លះ​នៃ​កិច្ចសន្យា​នោះ ដូចជា​ខ​សម្ងាត់ ជា​រឿង​ធម្មតា​។ ក៏ប៉ុន្តែ លោក​បានលើកឡើង​នូវ​ការ​ព្រួយ​កង្វល់​នឹង​ភាសា​ផ្សេងៗ​ទៀត​ដែល​បញ្ជាក់ថា រាល់​ជម្លោះ​ទាំងអស់​ត្រូវតែ​វិនិច្ឆ័យ​នៅក្នុង​ប្រទេស​ចិន​។​
 
​ចាប់តាំងពី​ការចាប់ផ្តើម​នៅ​ឆ្នាំ​២០១៧​មក គម្រោង​សង់​ផ្លូវ​រទេះភ្លើង​របស់​ក្រុមហ៊ុន Standard Gauge Railway (SGR) មានការ​សៅហ្មង​ដោយ​ការចោទប្រកាន់​ពី​អំពើពុករលួយ ការប្រកាន់​ពូជសាសន៍​និង​ការចាត់ចែង​មិនបាន​ល្អ​។ ទាំង​ពួក​មន្ត្រី​កេ​ន​យ៉ា​និង​ចិន បាន​ប្រឈម​ការចោទប្រកាន់​ខាង​ព្រហ្មទណ្ឌ​។​
 
​មុនពេល​សម្ភោ​ធ​គម្រោង​នោះ ពួក​អ្នកវិភាគ​បានលើកឡើង​ការ​ព្រួយ​កង្វល់​អំពី​សោហ៊ុយ​នៃ​គម្រោង​នោះ​និង​ការសម្រេច​នៃ​ការរៀបចំ​ដែល​ធ្វើ​ផ្លូវ​រទេះភ្លើង​កាត់​តាម​កណ្តាល​ឧទ្យាន​ជាតិ​ដ៏​ធំ​បង្អស់​មួយ​របស់​ប្រទេស​។​
 
​កាលពី​ចុងខែ​មុន ប្រធានាធិបតី Uhuru Kenyatta បាន​តបត​នឹង​ការអះអាង​ទាំងនោះ​ដែលថា ការផ្តល់ប្រាក់​កម្ចី​រប​ស់​ចិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រទេស​។​
 
​ប្រធានាធិបតី Kenyatta បាន​ប្រាប់​ពួក​អ្នកកាសែត​មួយក្រុម​ក្នុង​កិច្ចពិភាក្សា​តុមូល​មួយ​ថា «​ចិន​មិន​ស្វះស្វែង​ធ្វើ​អាណានិគម​មកលើ​យើង​ទេ ក៏ប៉ុន្តែ ពួកគេ​យល់​ពី​ចំណុច​នៃ​សេចក្តីត្រូវការ​របស់​យើង​»​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត​ក្នុងប្រទេស​កេ​ន​យ៉ា​មួយទៀត​ឈ្មោះ​The Star​។​
 
​លោក​Kenyatta និយាយទៀតថា «​យើង​សង​ប្រាក់​មុន​កាលកំណត់ ដូច្នេះ ពលរដ្ឋ​កេ​ន​យ៉ា ត្រូវតែ​មិន​អើពើ​ការឃោសនា​ដែលជា​រឿង​កំប៉ិកកំប៉ុក​នោះ​។ យើង​នឹង​បន្ត​ខ្ចីប្រាក់​ក៏ប៉ុន្តែ សម្រាប់​ការអភិវឌ្ឍ​»​។​
 
​ថ្វីបើ​ភាពចម្រូងចម្រាស់​បន្ត​កើតមានឡើង អ្នកជំនាញ​ខ្លះ​និយាយថា ផ្លូវ​រទេះភ្លើង នៅតែ​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​ប្រទេស​ដែល​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​រយៈពេល​យូរ​សម្រាប់​ប្រទេស​នោះ​។​
 
​លោកស្រី Irene Sun​អ្នកនិពន្ធ​សៀវភៅ​មាន​ឈ្មោះថា « The Next Factory of the World» ជា​សៀវភៅ​រៀបរាប់​អំពី​ការផលិត​របស់​ចិន​ក្នុង​ទ្វីបអាហ្វ្រិក បាន​ប្រាប់ VOA ថា «​គម្រោង​របស់​ផ្លូវ​រទេះភ្លើង​របស់​ក្រុមហ៊ុន Standard Gauge Railway មាន​សារៈសំខាន់​ណាស់​»​។​
 
​លោកស្រី Sun បាន​និយាយទៀតថា មុនពេល​គម្រោង​ផ្លូវ​រទេះភ្លើង Standard Gauge Railway (SGR)​ទីក្រុង​ធំៗ​បង្អស់​២​របស់​កេ​ន​យ៉ា​គឺ ទីក្រុង​ណៃ​រ៉ូ​ប៊ី​និង​ក្រុង Mombasa បាន​ត្រូវ​ភ្ជាប់​ដោយ​ផ្លូវថ្នល់​មិនល្អ​ហើយ​ត្រូវ​ចំណាយពេល​ពី​១០​ទៅ​១៥​ម៉ោង​តាម​រថយន្ត​។​
 
​លោកស្រី Sun ជា​ដៃគូ​នៅ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ McKinsey & Company បាន និយាយថា «​ឥឡូវនេះ យើង​អាច​ជិះរទេះ​ភ្លើង​៥​ម៉ោង​ប៉ុណ្ណោះ​»​។​
 
​លោកស្រី​និយាយ​បន្តទៀតថា «​នេះ​ជាការ​ផ្លាស់ប្តូរ​ទាំងស្រុង​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ក៏ប៉ុន្តែ​ខ្ញុំ​គិតថា​វា​មាន​សារៈសំខាន់​ជាង​នេះ​មួយទៀត​គឺ ការដឹកជញ្ជូន​ទំនិញ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com