អន្តរជាតិ
ប្រមុខ​របប​សឹក​ថៃ ស្នើ​ឲ្យ​គ្រូបង្រៀន​ណែនាំ​សិស្ស​ពី​ការប្រយុទ្ធ​ប្រឆាំងនឹង « Fake News »
18, Jan 2019 , 3:54 pm        
រូបភាព
Thailand-Prayuth-Chan-ocha-Cabinet-January-9-2018
Thailand-Prayuth-Chan-ocha-Cabinet-January-9-2018
ដោយ:
​រដ្ឋាភិបាល​របប​សឹក​ថៃ បានស្នើ​ឲ្យ​គ្រូបង្រៀន​ជួយ​ណែនាំ និង​ជម្រុញ​ដល់​សិស្សានុសិស្ស​ពិភាក្សា​លើ​បញ្ហា «​ព័ត៌មាន​ក្លែងក្លាយ​» នៅតាម​សាលារៀន ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​តាម​បណ្តាញ​សង្គម​មួយ​នេះ​។

 
​នាឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃ​១៦ មករា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​លើកឡើងថា ក្នុងនាម​ជា​អ្នក​បង្ហាត់បង្ហាញ​សិស្ស គ្រូបង្រៀន ក៏ត្រូវ​តែ​ជួយ​បង្កើត​សង្គម​មួយ​សន្តិភាព និង​ធានាថា​កុមារ​ទាំងអស់​ប្រកាន់​វិន័យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ការបញ្ជ្រាប​គុណ​តម្លៃ​ទៅលើ​កុមារ ងាយស្រួល​ជាង​យុវវ័យ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Bangkok Post ។ 
 
​លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ប​ញ្តា​ញ​ផ្សព្វផ្សាយ​សង្គម​បច្ចុប្បន្ន បាន​បង្កើត​បរិ​យាស​មួយ​គ្រោះថ្នាក់ ដែល​លោក ចង់​ឲ្យ​គ្រូ​នៅតាម​សាលា ជួយ​លើកឡើង​ពី​បញ្ហាសំខាន់ ហើយ​ពិភាក្សា និង​ផ្តល់​ការណែនាំ​ជា​ដំណោះស្រាយ ដើម្បី​ធ្វើ​ឲ្យ​សិស្ស មិន​ក្លាយជា​ជនរងគ្រោះ​នៃ​ព័ត៌មាន​ក្លែងក្លាយ ឬ Fake News ។​
 
​ប្រមុខ​របប​សឹក​រូបនេះ ចង់ឃើញ ការអប់រំ​ក្រៅផ្លូវការ​មួយ​នេះ មាន​ភាពល្អប្រសើរ​ជាង​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​របស់​សង្គម​។ លោក ក៏បាន​ប្រកាស​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​គាំទ្រ​ការអនុវត្ត​កម្មវិធី​មួយ​នេះ ធ្វើយ៉ាងណា​ឲ្យ​សិស្ស​អាចមាន​មូលដ្ឋាន​ក្នុង​ការគិត​បាន​កាន់តែ​រឹងមាំ​។ 
 
​ក្រៅពីនេះ ជំរុញ​ការដោះស្រាយ​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ និង​គាំទ្រ​ដល់​ការបញ្ចេញមតិ​ក្នុងចំណោម​ក្មេងៗ​ថៃ លោក ប្រា​យុទ្ធ ក៏បាន​ដាស់តឿន​ឲ្យ​មានការ​បង្រៀន​ក្មេង​ពី​ព្រំដែន​នៃ​ការបញ្ចេញមតិ​របស់ខ្លួន​ដែរ​។ មេដឹកនាំ​រូបនេះ​ពន្យល់ថា ការ​ឈ្លក់​វង្វេង​នឹង​សិទ្ធិ​និង​សេរីភាព​ហួសហេតុ​ពេក នឹង​បង្ក​ឲ្យ​ទៅជា​ភាព​ជ្រួលច្របល់​ប៉ុណ្ណោះ​។​
 
​សូម​ជម្រាប​ផងដែរ​ថា ព័ត៌មាន​ក្លែងក្លាយ គឺជា​ធាតុ​ចូល​មួយ ដែល​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​ស្ថានភាព​របស់​ប្រទេស ឬ​របប​ដឹកនាំ​របស់​រដ្ឋាភិបាល​តា​មរយៈ​ការចែករំលែក​បន្តៗ​គ្នា​។
បញ្ហា​នេះ បាន​ក្លាយជា​ក្តីបារម្ភ​របស់​ប្រទេស​ស្ទើរតែ​ទាំង​អស់ហើយ​របស់​ពិភពលោក​។ រហូតដល់​ប្រទេស​មួយចំនួន បាន​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង ទប់ស្កាត់ និង​ប្រឆាំង​បញ្ហា​នេះ តាមរយៈ​ការដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ​ទៀតផង​៕ 

Tag:
 ថៃ
  អាស៊ាន​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com