ជាតិ
សេដ្ឋកិច្ច
EU​យកពន្ធ​អង្ករ​៖ កម្ពុជា​បាត់បង់​ជិត ៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយ​មិនទាន់​គិត​ស្រូវ​ធ្លាក់​ថ្លៃ​
18, Jan 2019 , 6:28 pm        
រូបភាព
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​ជ្ចក​ម្ម (កណ្តាល) ថ្លែងក្នុងសន្និសីទកាសែត
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​ជ្ចក​ម្ម (កណ្តាល) ថ្លែងក្នុងសន្និសីទកាសែត
ដោយ:
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប (EU) ចាប់ផ្ដើម​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨​ខែមករា​នេះ​តទៅ​សម្រាប់​រយៈពេល​បី​ឆ្នាំ​ទៅមុខ​។ នៅ​ឆ្នាំ​ដំបូង EU គិត​ពន្ធ​ប្រហែល ២០០​ដុល្លារ​ក្នុង​អង្ករ​មួយ​តោន និង​ឆ្នាំ​ទី​ពីរ ១៧០ ឆ្នាំ​ទី​៣ ១៤០​។


​កម្ពុជា​នាំ​អង្ករ ២៦,៩​ម៉ឺន​តោន​ទៅ​ទីផ្សារ EU នៅ​ឆ្នាំ​២០១៨ ។ បើ​ឈរលើ​តួលេខ​នាំចេញ​នេះ អាច​ប៉ាន់​ស្មានថា ការគិត​ពន្ធ​នេះ មានតម្លៃ​សរុប​ប្រហែល ៥០​លាន​ដុល្លារ​អាមេរិក​។ តែ​ការគិត​ពន្ធ​ធ្វើឡើង​ចំពោះ​អង្ករ មិន​ទាំងអស់​នោះទេ ដែល​អង្ករ​ប្រភេទ​ខ្លះ​មិន​ជាប់ពន្ធ​។

ដូចនេះ​ការយកពន្ធ​នេះ​មានតម្លៃ​ក្រោម ៥០​លាន​ដុល្លារ​។ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​ជ្ចក​ម្ម ក្នុង​សន្និសីទកាសែត​ជុំវិញ​ករណី EU យកពន្ធ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​១៨​ខែមករា​នេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ការយកពន្ធ​នេះ​ប្រហែល ៥០​លាន​ដុល្លារ តែ​មិន​ជាប់ពន្ធ​ទាំងអស់​នោះទេ ដូចនេះ​តម្លៃ​ពន្ធ​អាច​ក្រោម ៥០​លាន​ដុល្លា​បន្តិច​»​។

​សូម​ស្ដាប់​ប្រសាសន៍​លោក សុខ សុភ័ក្ត្រ ខាងក្រោម​​៖ 




ឈរលើ​ការគិត​ពន្ធ​នេះ អង្ករ​កម្ពុជា​ត្រូវ​លក់​នៅ​ទីផ្សារ EU ថ្លៃ​ជាង​សព្វដង ដែល​ពិបាក​ប្រកួតប្រជែង​ជាមួយ​គេ​។ ប៉ុន្តែ​កម្ពុជា​អាច​លក់​អង្ករ​នៅ​ទីផ្សារ​មួយ​នេះ​ក្នុងតម្លៃ​ប្រហាក់ប្រហែល​ដដែល ឬ​គ្រាន់​លើស​បន្តិច លុះត្រា​មានការ​បញ្ចុះតម្លៃ​ដើម​ផលិត និង​បន្ធូរ​ប​ន្ធ​យ​ការយកពន្ធ​ក្នុងស្រុក​។ 
 
​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​រដ្ឋាភិបាល អះអាងថា កំពុង​ដាក់ចេញ​វិធានការ​កាត់បន្ថយ​ការចំណាយ​របស់​ពាណិជ្ជករ ដើម្បី​ឲ្យ​ការផលិត​ក្នុងស្រុក ហើយ​ជាក់ស្ដែង​គឺ​អង្ករ​នេះឯង អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ​។​
 
​បើ​មិនទាន់​និយាយ​ពី​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​ឲ្យ​ថ្លៃដើម​ទាប ឬ​មានន័យថា​ថ្លៃដើម​ផលិត​ដូច​កន្លងមក តើ​ការយកពន្ធ​នេះ​ប៉ះពាល់​ថ្លៃ​ស្រូវ​របស់​កសិករ​កម្រិត​ណា​? 
​បើ​ថ្លៃដើម​នៅ​ខ្ពស់ អ្នក​នាំចេញ​អង្ករ នឹង​ទិញស្រូវ​ពី​កសិករ​ទាប​ជាង​មុន ដើម្បី​អាច​នាំចេញ​ក្នុងតម្លៃ​អាច​ប្រកួតប្រជែង​នឹង​គេ​បាន​។ ដូចនេះ​ការយកពន្ធ​នេះ នឹងធ្វើ​ឲ្យ​ថ្លៃ​ស្រូវ​របស់​កសិករ​ចុះថោកជាងមុនពី ៣០០​រៀល ទៅ ៤០០​រៀល​ក្នុង​១​គីឡូក្រាម​។ នេះ​បើតាម​លោក សុខ សុភ័ក្ត្រ​។​
 
ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ព្យាយាម​មិន​ឲ្យ​តម្លៃ​ស្រូវ​កសិករ​ចុះថោក​ដូចនេះ​ទេ​។ រដ្ឋាភិបាល​នឹង​ជួយ​បន្ថយ​ថ្លៃដើម​ផលិត ថ្លៃ​ពន្ធគយ ជាដើម ដើម្បី​ឲ្យ​អ្នក​នាំចេញ នៅតែ​អាច​ទិញស្រូវ​កសិករ​ក្នុងតម្លៃ​សមរម្យ​។ និយាយ​ឲ្យ​ចំ គឺ​ការដាក់​ពន្ធ​របស់ EU នេះ រដ្ឋាភិបាល​នឹង​ព្យាយាម​រ៉ាប់រង​បន្ទុក​នេះ មិន​ឲ្យ​ធ្លាក់​លើ​កសិករ ទាំងស្រុង​នោះទេ​។ 
 
​គួរ​បញ្ជាក់ថា ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បានប្រកាសថា​ដាក់ចេញ​យុទ្ធនា​ការណ៍​ពង្រឹង​ឯករាជ្យភាព​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​រស់ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​របស់ខ្លួន ទោះ​គ្មាន​ការអនុគ្រោះ​ពន្ធ​ពី​គេ​ក៏ដោយ តាមរយៈ​កាត់បន្ថយ​ថ្លៃដើម​ផលិត សម្រួល​មិន​ឲ្យ​មាន​ស្ថាប័ន​ឈរជើង​ច្រើន​តាម​ព្រំដែន​ជាដើម​៕
 
 
 

Tag:
 អង្ករ​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com