កម្រិតមេតាប៉ូលីស ទំហំខ្លួនប្រាណ និងបរិស្ថានរស់នៅសុទ្ធសឹងតែជាកត្តាមួយចំនួនដែលជះឥទ្ធិពលទៅលើអាយុរបស់សត្វនានា។ ទំព័រ themysteriousworld.com ផ្សាយថា ជាមធ្យម សត្វទាំដប់ខាងក្រោមនេះត្រូវបានអ្នកស្រាវជ្រាវសន្និដ្ឋានថា ជាភាវរស់ដែលមានអាយុតិចជាងគេក្នុងធម្មជាតិ៖
ទី១០៖ ទន្សាយស្រុក (Domestic rabbits)
ជាទូទៅ សត្វទន្សាយស្រុកមានអាយុប្រមាណពីប្រាំបីទៅ១២ឆ្នាំប៉ុណ្ណោះ។ សត្វនេះងាយរងគ្រោះនឹងជំងឺណាស់។ ទន្សាយញីមានអត្រាស្លាប់ច្រើនជាងទន្សាយឈ្មោល។ ហេតុដូចនេះហើយ បើគ្មានការព្យបាលច្បាស់លាស់នោះទេ ទន្សាយជាថនិកសត្វមួយដែលមានអាយុខ្លី ប្រៀបនឹងថនិកសត្វដទៃ។
ទី៩៖ Guinea Pigs
សត្វមួយនេះមានរាងស្រដៀងកំប្រុកនិងទន្សាយដែរ។ វាមានវត្តមានភាគច្រើននៅខាងប្រទេសអាហ្វ្រិកខាងត្បូង ហើយអាយុរបស់វាប្រហែលតែបួនឆ្នាំប៉ុណ្ណោះ។ គេចិញ្ចឹមសត្វ Guinea Pigs ភាគច្រើនជាសត្វក្នុងផ្ទះដូចសត្វឆ្កែនិងឆ្មារដែរ ពីព្រោះវាមានរាងគួរឲ្យស្រឡាញ់។
ទី៨៖ ត្រី៧ពណ៌ (Mosquito fish)
ត្រីនេះមានអាយុប្រហែល ពីរឆ្នាំ។ វាមានទាំងប្រភេទទឹកសាប និងទឹកប្រៃ ប៉ុន្តែប្រភេទទឹកសាបភាគច្រើនមានអាយុវែងជាង។ ត្រី៧ពណ៌ញី ភាគច្រើនក៏អាចរស់នៅបានយូរជាងត្រី៧ពណ៌ឈ្មោលដែរ។
ទី៧៖ កាម៉េឡេអ៊ុង (Chameleons)
សត្វមួយនេះមិនសូវជាមាននៅក្នុងប្រទេសកម្ពុជាទេ។ ភាគច្រើន វាមានដើមកំណើតនៅប្រទេសម៉ាដាកាស្កា ខាងត្បូងឈាងខាងកើតទ្វីបអាហ្វ្រិក។ ដោយសារសត្វមួយនេះមានអាយុរស់នៅតែ១ឆ្នាំ វាត្រូវបានគេចាត់ទុកថា ជាប្រភេទល្មូនដែលមានអាយុខ្លីជាងគេក្នុងចំណោមល្មូនដទៃ
ទៀត។ អ្វីដែលពិសេសគឺថា កាម៉េឡេអ៊ុងអាចផ្លាស់ប្តូរពណ៌ស្បែកទៅតាមបរិស្ថានជុំវិញបាន ហើយភ្នែកទាំងពីររបស់វាអាចបែរទៅរកទិសដៅខុសគ្នាក្នុងពេលតែមួយ។
ទី៦៖ កណ្តុរស្រុក (House Mice)
ដោយសារតែឆ្មា និងឆ្កែជាសត្រូវចំពោះសត្វមួយនេះ រួមទាំងការបំពុលពីមនុស្សនិងជំងឺផ្សេងៗ វាមានអាយុយ៉ាងច្រើនតែមួយឆ្នាំប៉ុណ្ណោះ។
ទី៥៖ កន្ទុំរុយ (Dragonflies)
ភាគច្រើន វាមានអាយុតែបួនខែទេ។ ដោយសារវាជាចំណីយ៉ាងងាយស្រួលពីសត្វផ្សេងៗដូចជាពីងពាង ចាប កង្កែបជាដើម។ អ្នកវិទ្យាសាស្ត្របានរកឃើញសត្វកន្ទុំរុយជាង ៥០០០ប្រភេទក្នុងពិភពលោក។
ទី៤៖ រុយ (Houseflies)
សត្វរុយមានអាយុតែបួនសប្តាហ៍។ ទោះបីជាវាមានអាយុខ្លីដូចនេះមែន តែរុយញីអាចបង្កើនកូនបានជិត១០០០ កូនម្តងៗ។
ទី៣៖ ស្រមោចមានស្លាប (Drone ants)
វាជាស្រមោចឈ្មោលក្នុងសំបុក ហើយវាមានអាយុប្រហែល៣សប្តាហ៍។ ស្រមោចឈ្មោលមិនសូវចេញទៅរកចំណីដូចស្រមោចញីទេ។ ប៉ុន្តែវាមានសារៈសំខាន់ក្នុងការកាពារសំបុកនិងកូនរបស់វា។
ទី២៖ សត្វល្អិត Gastrotrichs
វាមានវត្តមានក្នុងទឹកមិនស្អាត ហើយវារស់នៅបានប្រហែល៣ថ្ងៃ។ ទំហំខ្លួនរបស់វាគឺប្រហែល៣មីលីម៉ែត្រ ពិបាកក្នុងការពិនិត្យមើលដោយភ្នែកទទេណាស់។ វាជាសត្វទ្វេភេទ។
ទី១៖ សត្វល្អិត Mayflies
វាជាសត្វដែលមានអាយុខ្លីជាងគេបង្អោះដែលគេបានរកឃើញ ដោយរស់បានតែ២៤ម៉ោង
ប៉ុណ្ណោះ។ អ្នកវិទ្យាសាស្ត្របានកត់ត្រាសត្វ Mayflies ជាង២៥០០ប្រភេទក្នុងពិភពលោក៕