អន្តរជាតិ
វៀតណាម ជួយ​ឡាវ​ពង្រីក​សារមន្ទីរ​ប្រវត្តិសាស្ត្រ​យោធា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​យូរ​ឆ្នាំ​
23, Jan 2019 , 12:03 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រដ្ឋាភិបាល​វៀងចន្ទន៍ បានដាក់​ដំណើរការ​ការសាងសង់​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សម្រាប់​យោធា​ឡាវ​។ គម្រោង​សាងសង់​នេះ ស្ថិតក្រោម​ការគាំទ្រ និង​ជ្រោមជ្រែង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ហាណូយ​។​

 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម និង​រដ្ឋាភិបាល​ឡាវ នៅ​ថ្ងៃ​២០ ខែមករា បានប្រកាស​ដាក់​ដំណើរការ​គម្រោង​ពង្រីក​សារមន្ទីរ​យោធា​របស់​ឡាវ​ឲ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរ​ជាង​មុន ដែល​គម្រោង​នេះ ជា​អំណោយ​របស់​ក្រសួងការពារជាតិ​វៀតណាម​សម្រាប់​ក្រសួងការពារជាតិ​ឡាវ​។​
 
​តាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍  Noethong Phomlavong តំណាង​ក្រសួងការពារជាតិ​ឡាវ គម្រោង​នេះ គឺជា​សមិទ្ធផល​មួយ​ដ៏​អស្ចារ្យ និង​ប្រវត្តិសាស្ត្រ​នៃ​មិត្តភាព​ប្រទេស​ទាំងពីរ​។ លោក ក៏បាន​បង្ហាញ​ពី​ការដឹងគុណ​ទៅកាន់​បក្ស , រដ្ឋ និង​ប្រជាជន​វៀតណាម​សម្រាប់​ជំនួយ​ទៅកាន់​កងទ័ព​ឡាវ​ផងដែរ​។ 
 
​តាម Vietnam News គម្រោង​ដែល​ទើបតែ​ដាក់​ដំណើរការ​នេះ មានតម្លៃ​ប្រមាណ ១.៦ លាន​ដុល្លារ និង​ត្រូវ​ទទួលខុសត្រូវ​ដោយ​ក្រុមហ៊ុន​សាងសង់​វៀតណាម ហើយ​គ្រោង បញ្ចប់​នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​តែម្តង​។ 
 
​គួរកត់សម្គាល់​ផងដែរ​នោះ ការប្រកាស​ដាក់​ដំណើរការ​សាងសង់​នេះ ធ្វើឡើង​ក្នុង​ថ្ងៃ​រៀបចំ​ពិធី​ដង្ហែរ​ក្បួន​ព្យុហយោធា​ដើម្បី​រម្លឹក​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​កងទ័ព​ឡាវ ដែលជា​ថ្ងៃ​ប្រមុខ​ការពារជាតិ​ជាច្រើនរូប បានបង្ហាញ​វត្តមាន​ចូលរួម​នៅក្នុង​រដ្ឋធានី​វៀងចន្ទន៍​៕ 
 

Tag:
 វៀតណាម
  ឡាវ​
  យោធា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com