អន្តរជាតិ
វៀតណាម ត្រៀមខ្លួន​រួចស្រេច បើ​មាន​សំណើ​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប ត្រាំ​-​គីម លើក​ទី​ពីរ
26, Jan 2019 , 7:29 pm        
រូបភាព
អ្នកនាំពាក្យក្រសូងការបរទេសវៀតណាម (រូបភាព៖ ក្រសួងការបរទេស)
អ្នកនាំពាក្យក្រសូងការបរទេសវៀតណាម (រូបភាព៖ ក្រសួងការបរទេស)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​អះអាងថា ខ្លួន នៅ​មិនទាន់​ទទួលបាន​សំណើ​ណាមួយ​ពាក់ព័ន្ធ​លទ្ធភាព​នៃ​ជំនួប​កំពូល​រវាង​ប្រមុខ​ដឹកនាំ​កំពូល​អាមេរិក និង​កូរ៉េខាងជើង​នៅឡើយ​នោះទេ​។ ក៏ប៉ុន្តែ​ក្រុង​ហាណូយ ក៏​មិនមាន​បញ្ហា​អ្វី​ដែរ ប្រសិន មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ពិតជា​ចង់​ជួបចរចា​នៅក្នុង​ទឹកដី​វៀតណាម​មែន​នោះ​។​

 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​លោកស្រី Lê Thị Thu Hằng នៅ​ថ្ងៃ​២៤ មករា តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់ខ្លួន បាន​អះអាង​ពី​ជំនឿ​ចិត្ត​របស់ខ្លួន​លើ​សមត្ថភាព​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ ដោយ​លើក​សំអាង​ពី​ភាពជោគជ័យ​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក និង​សន្និសីទ​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត ។​
 
​ការលើកឡើង​របស់​អ្នកនាំពាក្យ​រូបនេះ បន្ទាប់ពី​មានការ​លេចឡើង​នូវ​ព័ត៌មាន​ជាច្រើន​បន្តបន្ទាប់​គ្នា បាន​ព្យាករ​ពី​លទ្ធភាព នៃ​ជំនួប​កំពូល​ស្តីពី​ការរំសាយ​អាវុធ​ប្រល័យ​លោក​លើក​ទី​ពីរ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ ណា​ល់​ត្រាំ និង​ប្រមុខ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ថា​អាច​នឹង​ប្រព្រឹត្តឡើង​នៅក្នុង​ទឹកដី​វៀតណាម ។​
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Viet Nam News អ្នកនាំពាក្យ​ដដែល​នោះ បាន​អះអាងថា វៀតណាម មិនទាន់​ទទួលបាន​ការជូនដំណឹង និង​សំណើ​ជុំវិញ​លទ្ធភាព​ជំនួប​មេដឹកនាំ​កំពូល​នោះទេ​។ លោកស្រី ក៏​កាន់តែ​មិន​ច្បាស់​ថា​តើ នឹងមាន​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​អាមេរិក ដូ ណា​ល់​ត្រាំ និង​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ទៅកាន់​វៀតណាម​ឬក៏​យ៉ាងណា​នោះទេ​។​
 
​ក៏ប៉ុន្តែ​អ្វីដែល​អ្នកនាំពាក្យ​អាច​ហ៊ាន​អះអាង​តប​នឹង​ការលើកឡើង​នៃ​លទ្ធភាព​ជំនួប​នេះ​គឺ វៀតណាម តែងតែមាន​ឆន្ទៈ និង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​ដើម្បី​រៀបចំ និង​សម្រួល​។​
 
 « រឿង​ទីកន្លែង និង​ពេលវេលា អាស្រ័យទៅលើ​ភាគី​អាមេរិក និង​កូរ៉េខាងជើង ដែលជា​អ្នកសម្រេច​។ ក៏ប៉ុន្តែ វៀតណាម មាន​ឆន្ទៈ និង​ការត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការចូលរួម​ដោយ​វិជ្ជមាន​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​។​» លោកស្រី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ដែល​សំដៅលើ​ការគំរាមកំហែង​សន្តិសុខ​កើតចេញពី​ការអភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង មិន​ត្រឹមតែ​ជា​ក្តីបារម្ភ​សម្រាប់​ប្រទេសជិតខាង​ប៉ុណ្ណោះ​នោះទេ តែ វា ជា​ក្តី​របស់​រួម​របស់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។ 
 
​នៅ​ឆ្នាំមុន ប្រមុខ​ដឹកនាំ​កំពូល​អាមេរិក និង​កូរ៉េខាងជើង លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន បាន​ជួប​ពិភាក្សាគ្នា​ជា​លើកដំបូង និង​ប្រ​វ​តិ្ត​សាស្ត្រ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ដោយបាន​បញ្ចប់​ជាមួយនឹង​ការឯកភាព​គ្នា​ជា​ផ្លែផ្កា​ផងដែរ​។ ក៏ប៉ុន្តែ ភាគី​ទាំងពីរ នៅ​មិនទាន់​បានបញ្ចប់​លក្ខខណ្ឌ​ដាច់ស្រេច​នឹង​គ្នា​នៅឡើយ​នោះទេ ហើយ​កូរ៉េខាងជើង ក៏​មិនទាន់​រំសាយ​អាវុធ​ប្រល័យ​លោក​របស់ខ្លួន ដែល​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ ត្រូវ​ជួបគ្នា​ជាថ្មី​៕  

Tag:
 វៀតណាម​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com