កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា រកបាន​មួយ​គ្រាប់ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​ជាមួយ PKNS
27, Jan 2019 , 3:29 pm        
រូបភាព
ដោយ:
​កីឡាករ ចាន់ វឌ្ឍនាកា សម្រេចបាន​មួយ​គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង ដើម្បី​រួមចំណែក​ជួយ​ឲ្យ​ក្រុម PKNS FC យកឈ្នះ​ក្រុម PKNP FC ក្នុង​លទ្ធផល ២-១ នា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​។ នេះ​ជាការ​បើកផ្លូវ​មួយ​ដ៏​ល្អ​សម្រាប់ វឌ្ឍនាកា ក្នុងការ​ប្រជែង​កៅអី សម្រាប់​ជំនួប​ផ្លូវការ​ពានរង្វាន់ Malaysia Super League នៅ​ដើម​កុម្ភៈ ខាងមុខនេះ​។

 
​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា បាន​បើក​ទំព័រ​ថ្មី​យ៉ាង​ល្អជា​មួយ​ក្លិប PKNS FC តាមរយៈ​ការសម្រេច​គ្រាប់​បាល់​មួយ​គ្រាប់ ដើម្បី​រួមចំណែក​ជួយ​ក្លិប​នេះ​យកឈ្នះ​ក្រុម PKNP FC ក្នុង​លទ្ធផល ២-១ នា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​។ គ្រាប់​បាល់​ក្នុងជំនួប​ដំបូង​នេះ អាចជា​ទុន ក៏ដូចជា​ចលករ​ជួយ​ឲ្យ វឌ្ឍនាកា ទទួលបាន​កៅអី​ក្នុងជំនួប​ផ្លូវការ​របស់​ក្លិប​នេះ​។  
 
​នា​ជំនួប វឌ្ឍនាកា ស្ថិតនៅ​ជម្រើស​១១​នាក់​ដំបូង​កាលពី​យប់​ថ្ងៃទី​២៦ ខែមករា នៅ​កីឡដ្ឋាន Kelana Jaya ចាន់ វឌ្ឍនាកា បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់ PKNS នៅ​នាទី​ទី​១៨​។ បន្ទាប់មក​កីឡាករ Yashir Pinto Islame បានសម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់ PKNP ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី​៣៥​។​


 
​ទោះបី​មាន​វាយបក​គ្នា​ទៅវិញទៅមក​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ស្មើ​នេះ​ស្ទើរ​ចប់​វគ្គ​ទី​២​។ ប៉ុន្តែ​នៅ​នាទី​៩០ កីឡាករ Faizat Ghazli រកបាន​មួយ​គ្រាប់​បន្ថែម ដើម្បី​ជួយ​ឲ្យ PKNS FC យកឈ្នះ PKNP FC ក្នុង​លទ្ធផល ២-១​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​នេះ ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​ក្លិប PKNS បានប្រកាសថា​ជា​ម្ចាស់​អាវ​លេខ​២៩ បាន​ប្តូរ​ទៅ​ពាក់អាវ​លេខ​៣០ ដែល​បង្កើតជា​ចម្ងល់​ដល់​អ្នកគាំទ្រ​កម្ពុជា​។ ពានរង្វាន់ Malaysia Super League នឹង​បើក​រដូវ​កាល​នៅ​ដើមខែ​កុម្ភៈ ដោយ​ជំនួប​បើកឆាក​ក្រុម​របស់​កីឡាករ ចាន់ វឌ្ឍនាកា ប៉ះ​ជាមួយ​ក្រុម Tengganu របស់​ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន​៕   
 
    

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  PKNS FC
© រក្សាសិទ្ធិដោយ thmeythmey.com